ស្វែងយល់អំពីនីតិវិធីក្នុងការបើកអាជីវកម្មនៅកម្ពុជា​



ដូចដែលលោកអ្នកបានស្វែងយល់រួចមកហើយ នៅក្នុងអត្ថបទសែ្វងយល់ពីច្បាប់ពាណិជ្ជកម្មនៅ កម្ពុជា (ភាគទី ២) ក្រុមហ៊ុនអាចត្រូវបានបង្កើតឡើងក្នុងទម្រង់មួយចំនួនដូចជា ក្រុមហ៊ុនសហកម្មសិទ្ធិ ក្រុមហ៊ុនមូលធន និង ក្រុមហ៊ុនពាណិជ្ជកម្មបរទេស។ នៅក្នុងអត្ថបទនេះ លោកអ្នកនឹងបានស្វែងយល់ អំពីនីតិវិធីក្នុងការបើកអាជីវកម្មនៅកម្ពុជា។ ខាងក្រោមនេះ គឺជាជំហានសំខាន់ៗក្នុងការកិច្ចនីតិវិធី ដែល ត្រូវអនុវត្តដើម្បីបង្កើតអាជីវកម្មស្របច្បាប់មួយ៖

ជំហានទី ១៖ ការចុះបញ្ជីពាណិជ្ជកម្ម ការចុះបញ្ជីពាណិជ្ជកម្មគឺជាកាតព្វកិច្ចដែលកំណត់ដោយច្បាប់ ហើយនេះគឺជាកិច្ចការដំបូងបំផុត ដែលពាណិជ្ជករចាំបាច់ត្រូវតែបំពេញ។ យោងទៅលើច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និង បញ្ជីពាណិជ្ជកម្ម យ៉ាងតិចបំផុតដប់ប្រាំ (១៥) ថ្ងៃ មុនពេលចាប់ផ្តើមបើកធ្វើពាណិជ្ជកម្មរបស់ខ្លួន ពាណិជ្ជករ ត្រូវចុះ ឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មនាកន្លែងដែលខ្លួនធ្វើអាជីវកម្ម។ បន្ថែមលើនេះទៅទៀត ផ្អែកទៅលើប្រកាសលេខ ២១៣ ចុះថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៦ របស់ក្រសួងពាណិជ្ជកម្ម រាល់សហគ្រាសទាំងអស់ដែលមានបំណងប្រកបពាណិជ្ជកិច្ចនៅកម្ពុជា តម្រូវឱ្យ ធ្វើការចុះបញ្ជីពាណិជ្ជកម្ម តាមរយៈប្រព័ន្ធស្វ័យប្រវត្តកម្ម (Automation System)។

ជំហានទី ២៖ ការចុះបញ្ជីពន្ធដារ ផ្អែកទៅលើច្បាប់ស្តីពីពន្ធដារ និង ប្រកាសស្តីពីការចុះបញ្ជីពន្ធដារ រាល់សហគ្រាសទាំងឡាយ ដែលមានបំណងប្រកបពាណិជ្ជកិច្ចនៅកម្ពុជា តម្រូវឱ្យធ្វើការចុះបញ្ជីពន្ធដារនៅរដ្ឋបាលសារពើពន្ធក្នុង រយៈពេលដប់ប្រាំ (១៥) ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីចាប់ផ្តើមសកម្មភាពអាជីវកម្ម ឬ បន្ទាប់ពីទទួលបាន វិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីពាណិជកម្មពីក្រសួងពាណិជ្ជកម្ម។

ជំហានទី ៣៖ ការចុះបញ្ជីការងារ ក្រោមច្បាប់ស្តីពីការងារ សហគ្រាសដែលធ្វើអាជីវកម្ម និងជួលបុគ្គលិកនៅក្នុងប្រទេសកម្ពុជា ត្រូវចុះបញ្ជីជាមួយក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងរយៈពេលសាមសិប (៣០) ថ្ងៃ បន្ទាប់ ពីថ្ងៃចាប់ផ្តើមដំណើរការអាជីវកម្ម ប្រសិនបើសហគ្រាសនោះ ប្រើប្រាស់កម្មករនិយោជិតតិចជាង ៨ នាក់ និង មិនប្រើគ្រឿងម៉ាស៊ីន។ ចំពោះសហគ្រាសដែលប្រើកម្មករនិយោជិតចាប់ពី ៨ នាក់ឡើងទៅ តម្រូវឱ្យ ចុះបញ្ជីនៅក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅមុនពេលដំណើរការសហគ្រាស។

ជំហានទី ៤៖ ការស្នើសុំអាជ្ជាប័ណ្ណ ឬ លិខិតអនុញ្ញាតពីក្រសួង ឬស្ថាប័នពាក់ព័ន្ធ ជាការពិតណាស់ នៅក្នុងប្រព័ន្ធទីផ្សាសេរី (Free Market System) សហគ្រាសអាចត្រូវបាន បង្កើតឡើងនៅក្នុងគោលបំណងអាជីវកម្មជាច្រើនផ្សេងៗគ្នា។ ជាឧទាហរណ៍ សហគ្រាសមួយត្រូវបាន បង្កើតឡើងក្នុងគោលបំណងសាងសង់ខុនដូ (Condominiums) សម្រាប់លក់ ឬជួល បន្ទាប់ពីបានចុះ បញ្ជីនៅក្រសួងពាណិជ្ជកម្ម រដ្ឋបាលសារពើពន្ធ និង/ឬ ក្រសួងការងាររួចរាល់ហើយ សហគ្រាសនោះ ចាំបាច់ត្រូវស្នើសុំលិខិតអនុញ្ញាតសាងសង់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ដើម្បីអាច ធ្វើប្រតិបត្តិការសាងសង់បាន។ នីតិវិធីលម្អិត និង ឯកសារតម្រូវសម្រាប់ជំហាននីមួយៗ នឹងមានរៀបរាប់ នៅក្នុងអត្ថបទជាបន្តបន្ទាប់ទៀត។

ដោយ៖ ប៉ុម ទូច

X
5s