ទំនាក់ទំនងក្នុងសង្គមតែងមានភាពស្អិតល្មួតជាមួយគុណភាពជីវិតរបស់មនុស្ស
សម្រាប់មនុស្សជាតិ ទំនាក់ទំនងរវាងគ្នានៅក្នុងសង្គមបានដើរតួនាទីយ៉ាងសំខាន់ ដែលអាចមានឥទ្ធិពលទៅលើចិត្តគំនិត របៀបនៃការគិតរបស់យើងម្នាក់ៗ ទាំងល្អនិងអាក្រក់។ ប៉ុន្តែបើទោះជាឥទ្ធិពលទាំងនោះល្អក្ដីអាក្រក់ក្ដី បើមិនមានឥទ្ធិពលជំរុញពីខាងក្រៅមកទេ ខួរក្បាលយើងក៏ទទេស្អាត មិនមានអ្វីមកប៉ះទង្គិច ដែលគួរគិតពិចារណា ថ្លឹងថ្លែង វិនិច្ឆ័យបែងចែកបានថាតើអ្វីល្អ ហើយអ្វីអាក្រក់នោះដែរ រួមទាំងអ្វីដែលគួររៀនសូត្រតាម និងអ្វីដែលគួរចៀសវាងនោះដែរ។
យើងមិនអាចសម្រេចអ្វីបានជោគជ័យដោយដើរតែឯងនោះទេ គ្រាន់តែតិចឬច្រើនប៉ុណ្ណោះដែលត្រូវពំនឹងផ្អែកទៅលើមនុស្សនៅក្នុងសង្គម។ ម្យ៉ាងទៀត ការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃច្រើន អាចឲ្យយើងមើលឃើញពិភពលោកក្នុងរូបភាពធំទូលាយជាងមុន ដែលចំណុចនេះមិនត្រឹមតែមានចំណែកដល់ភាពជោគជ័យក្នុងជីវិតប៉ុណ្ណោះទេ តែពិតជាសំខាន់សម្រាប់ផ្លូវចិត្ត និងសុខភាពផ្លូវកាយរបស់មនុស្សយើងម្នាក់ៗ។
ក្រុមអ្នកសិក្សាមួយក្រុមបានធ្វើការសិក្សាទៅលើមនុស្សជាច្រើនពាន់នាក់ទៅលើភាពជាប់ពាក់ព័ន្ធគ្នារវាងទំនាក់ទំនងសង្គមនិងសុខភាពរបស់ពួកគេទាំងផ្លូវកាយនិងផ្លូវចិត្ត នៅក្នុង៤ដំណាក់កាលផ្សេងៗគ្នានៃជីវិត មានអំឡុងពេលយុវវ័យ ដើមដំណាក់កាលនៃវ័យជំទង់ ពាក់កណ្ដាលដំណាក់កាលនៃវ័យជំទង់ និងចុងដំណាក់កាលនៃវ័យជំទង់ ដែលជាវ័យចាស់ជរានេះឯង។
ដោយសាកសួរទៅលើគុណភាពទំនាក់ទំនងសង្គមរបស់មនុស្សទាំងនោះនៅតាមដំណាក់កាលនីមួយៗ ក្រុមអ្នកសិក្សាក៏បានរកឃើញថា មនុស្សដែលស្ថិតនៅក្នុងពេលពេញវ័យ ដែលច្រើនតែផ្ដាច់ខ្លួនឯងពីអ្នកដទៃ ហានិភ័យខ្ពស់ដែលប្រឈមនឹងជំងឺហើមរលាក មានដូចគ្នានឹងការដែលមិនបានធ្វើលំហាត់ប្រាណ និងការជក់បារីដែរ និងជួបហានិភ័យនឹងសម្ពាធឈាមឡើងខ្ពស់ដូចនឹងរោគទឹកនោមផ្អែមដែរ នៅពេលវិវត្តទៅកាន់វ័យចាស់ជរា។
ស្របគ្នាជាមួយនឹងការសិក្សាជាច្រើនផ្សេងទៀតផងដែរ ក៏បានរកឃើញថាភាពឯកោអាចរំខានដល់ដំណើរការណ៍ផ្លូវចិត្ត ការគេង គុណភាពជីវិត និងកាន់តែធ្ងន់ធ្ងរបង្កទៅជាបញ្ហាផ្លូវចិត្តនិងការស្លាប់ទៀតផង។ ទំនាក់ទំនងសង្គមមានប្រយោជន៍តាំងពីក្នុងដំណាក់កាលវិវត្តទៅរកភាពពេញវ័យម្ល៉េះ ហើយវានឹងមានឥទ្ធិពលវិជ្ជមានដល់ពេលចាស់ជរាទៅទៀត៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ businessinsider