លោកពូទីន ទទួលស្គាល់ថា រុស្ស៊ីជាអ្នកវាយលុកទិន្នន័យតាមអ៊ីនធឺណិតលើការបោះឆ្នោតអាមេរិកឆ្នាំ២០១៦
ប្រធានាធិបតីរុស្ស៊ីលោកពូទីនបានថ្លែងថា រដ្ឋាភិបាលនៃប្រទេសរុស្ស៊ីមិនបានជ្រៀតជ្រែកលើការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតលើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកឆ្នាំ២០១៦ នោះទេ ក៏ប៉ុន្តែលោកទទួលស្គាល់ថា ប្រហែលជាមានក្រុមចោរលួចទិន្នន័យឯកជនជាអ្នកធ្វើរឿងនេះ។ នេះបើយោងតាមសារព័ត៌មាន New York Times ដកស្រង់បន្តដោយ The Independent។
ការថ្លែងរបស់លោកនាពេលនេះ គឺខុសគ្នាស្រឡះទៅនឹងការលើកឡើងរបស់លោកពីដំបូង ដោយកាលណោះលោកបានបដិសេធទាំងស្រុងថា រុស្ស៊ីមិនជាប់ពាក់ព័ន្ធអ្វីបន្តិចលើរឿងជ្រៀតជ្រែកការបោះឆ្នោតអាមេរិកនោះទេ។
អំឡុងនៃការបោះឆ្នោតឆ្នាំ២០១៦ គណបក្សប្រជាធិបតេយ្យរងនូវការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតជាច្រើនលើកច្រើនសារ ក្នុងនោះមានគណៈកម្មាការជាតិប្រជាធិបតេយ្យ (Democratic National Committee) និងអ៊ីម៉ែលរបស់លោកស្រី Hillary Clinton ជាដើម។ ការប្រវាយប្រហារនោះត្រូវបានគេមើលឃើញថា ហាក់មានចេតនាបំផ្លាញគណបក្សប្រជាធិបតេយ្យ ហើយគាំទ្រគណបក្សសាធារណរដ្ឋវិញ៕
ដោយ៖ យោធិន
ប្រភព៖ The Independent