ក្រុមហ៊ុនស្វីសមួយកំពុងស្ថិតក្នុងបេសកកម្មចាប់យក១%នៃឧស្ម័នCO2ទាំងអស់ដែលបំពុលជារៀងរាល់ឆ្នាំក្នុងសកលលោក​



ការ​កើន​ឡើង​កម្ដៅ​ផែនដី និង​បម្រែបម្រួល​អាកាសធាតុ​បាន​ក្លាយ​ជា​បញ្ហា​ប្រឈម​យ៉ាង​ធ្ងន់ធ្ងរ​និង​គួរ​ឲ្យ​បារម្ភ​បំផុត​មួយ​របស់​សកលលោក​ទាំងមូល។ ចាប់​តាំង​ពី​កំណើត​របស់​បដិវត្តន៍​ឧស្សាហកម្ម​រហូត​មក​ទល់​ពេល​បច្ចេកវិទ្យា​ជឿនលឿន​ក្នុង​សតវត្ស​ទី​២១​នេះ យើង​សង្កេត​ឃើញ​ថា​បញ្ហា​អាកាសធាតុ​នេះ​បាន​វិវត្ត​កាន់តែ​អាក្រក់​ទៅៗ​ជា​លំដាប់ ដែល​នាំ​អ្នក​វិទ្យាសាស្ត្រ​ទៅ​រក​ការ​សន្និដ្ឋាន​ថា​ភព​ផែនដី​នឹង​មាន​កំណើន​សីតុណ្ហភាព​២​អង្សា​ទៀត ក្នុង​រយៈពេល​២២​ឆ្នាំ​ខាង​មុខ។ តើ​មិន​ល្អ​ទេ​ឫ ប្រសិន​បើ​រោងចក្រ​ទំហំ​ឧស្សាហកម្ម​ដំបូង​គេ​បង្អស់​របស់​ក្រុមហ៊ុន​ស្វីស​មួយ កំពុង​ស្ថិត​ការ​សម្រេច​នូវ​បេសកកម្ម​របស់​ខ្លួន​ក្នុង​ការ​ចាប់​យក​១%​នៃ​ឧស្ម័ន​កាបូនឌីអុកស៊ីត (CO2) ដែល​បាន​សាយភាយ​ជុំវិញ​ពិភពលោក​ជា​រៀងរាល់​ឆ្នាំ ? ជា​ការ​ពិត​ណាស់ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​នៅ​ថ្ងៃ​ទី​៣១​ឧសភា ក្រុមហ៊ុន​មួយ​របស់​ស្វីស​បាន​ប្រកាស​ជា​សាធារណៈ​លើក​ដំបូង​អំពី​បេសកកម្ម​របស់​ពួកគេ​ក្នុង​ការ​ចាប់​យក​ឧស្ម័ន​CO2​នៅ​ក្នុង​បរិយាកាស ដែល​ជា​ប្រភព​បង្ក​នូវ​កំណើន​ឧស្ម័ន​ផ្ទះ​កញ្ចក់ ដែល​ជា​មូលហេតុ​នៃ​ការ​កើន​ឡើង​កម្ដៅ​ភព​ផែនដី​អស់​រយៈកាល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នេះ និង​បម្លែង​វា​ទៅ​ជា​ផលិតផល​មាន​ប្រយោជន៍ ដែល​នឹង​ប្រើប្រាស់​សម្រាប់​ការ​ដាំដុះ​កសិកម្ម​នៅ​ក្នុង​ផ្ទះ​កញ្ចក់។ គេ​ឲ្យ​ឈ្មោះ​វា​ថា Climeworks នឹង​ដំណើរការណ៍​នៅ​ការដ្ឋាន​រោងចក្រ​ក្នុង​ទីក្រុង Zurich ដែល​ជា​រាជធានី​របស់​ស្វីស ហើយ​គោលដៅ​របស់​ពួកគេ​នឹង​ពង្រីក​ទំហំ​បច្ចេកវិទ្យា​របស់​ពួកគេ​កាន់តែ​ធំ​ជាង​នេះ​នៅ​ក្នុង​ទសវត្ស​ក្រោយ និង​ចាប់​យក​ឧស្ម័ន​CO2​ដែល​សាយភាយ​ជុំវិញ​ពិភពលោក​ឲ្យ​បាន​១%​ជា​រៀងរាល់​ឆ្នាំ​ឲ្យ​បាន​ត្រឹម​ឆ្នាំ​២០២៥។ [caption id="attachment_40735" align="aligncenter" width="600"] hotelstgotthard[/caption] បើ​តាម​សហ​ស្ថាបនិក​របស់ Climeworks លោក Christoph Gebald បាន​ឲ្យ​ដឹង​ថា ក្រុម​ការងារ​របស់​គាត់​បាន​ដំឡើង​ឧបករណ៍​សម្រាប់​ចាប់​យក​ឧស្ម័ន​ផ្ទះ​កញ្ចក់​មួយ​នេះ​ចំនួន​១៨​មក​ហើយ ដែល​ដំណើរការណ៍​នៅ​លើ​ដំបូល​ឡ​ដុត​សំរាម ដែល​ទាញ​យក​ថាមពល​កម្ដៅ​រំភាយ​ចេញ​មក​ពី​ឡ​នេះ​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​ដំណើរការណ៍​ម៉ាស៊ីន។ ឧបករណ៍​នេះ​ប្រើ​ស្លាប​កង្ហារ​ដើម្បី​ចាប់​យក​ខ្យល់​បរិយាកាស​ដែល​មាន​ឧស្ម័ន​CO2​ក្នុង​នោះ រួច​មក​ម៉ាស៊ីន​ចម្រោះ​ដែល​នៅ​ក្នុង​នោះ​នឹង​ញែក​ចេញ​ឧស្ម័ន​CO2​ចេញ​ពី​ឧស្ម័ន​ដទៃ​ទៀត រួច​ឧស្ម័ន​ដទៃ​នឹង​ត្រូវ​បាន​រំភាយ​ចេញ​ទៅ​បរិយាកាស​វិញ។ នៅ​ពេល​មាន​តែ​កាបូនឌីអុកស៊ីត​នៅ​សល់ ម៉ាស៊ីន​ចម្រោះ​នឹង​បង្កើន​កម្ដៅ​ដល់​១០០​អង្សា ចុងក្រោយ​ឧស្ម័ន​CO2​នឹង​ប្រលែង​ចេញ​ពី​ម៉ាស៊ីន​និង​ត្រូវ​បាន​ប្រមូល​ទុក​ដើម្បី​ប្រើប្រាស់​ក្នុង​ដំណាំ​ដាំដុះ​ក្នុង​ផ្ទះ​កញ្ចក់ ដែល​នឹង​ដាក់​នៅ​ក្បែរ​រោងចក្រ​នោះ​វិញ។ [caption id="attachment_40734" align="aligncenter" width="600"] climeworks[/caption] សហ​ស្ថាបនិក​រូប​នេះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ដើម្បី​សម្រេច​នូវ​គោលដៅ​ចាប់​យក​ឲ្យ​បាន​ឧស្ម័ន​CO2​ចំនួន​១​%​ដែល​រំភាយ​នៅ​លើ​សកលលោក​ជា​រៀងរាល់​ឆ្នាំ ទាល់តែ​មាន​ឧបករណ៍​ទម្រង់​ស្រដៀង​គ្នា​នេះ​ចំនួន​២៥០,០០០​ឯណោះ។ ម្យ៉ាងទៀត រោងចក្រ​ចាប់​យក​ខ្យល់​ដោយ​ផ្ទាល់​របៀប​នេះ​នឹង​ត្រូវ​ចំណាយ​ប្រមាណ​៤០០​ដុល្លារ​ក្នុង​១​metric​តោន (ស្មើនឹង​១០០០​គីឡូក្រាម) នៃ​ឧស្ម័ន​CO2​ដែល​ចាប់​បាន ដើម្បី​អាច​ដំណើរការណ៍​បាន។ តាម​ពិត​ឧស្ម័ន​CO2​រួម​ជាមួយ​ឧស្ម័ន​ដទៃ​ទៀត​ដូចជា មេតាន (CH4) ចំហាយ​ទឹក (H2O) នីត្រូសែន​អុកស៊ីត (N2O) សុទ្ធ​តែ​កើត​មាន​ឡើង​ដោយ​ធម្មជាតិ​ក្នុង​បរិយាកាស ដែល​ត្រូវ​បាន​ចាត់​ចូល​ជា​ឧស្ម័ន​ផ្ទះ​កញ្ចក់ ក៏​ដោយសារ​សមត្ថភាព​របស់​វា​ក្នុង​ការ​ស្រូប​យក​ចំហាយ​វិទ្យុសកម្ម​ដែល​រំភាយ​ចេញ​ពី​ពន្លឺ​ព្រះអាទិត្យ​ចាំង​ចូល​មក​ផែនដី រួច​ប្រមូល​ផ្ដុំ​កម្ដៅ​ទុក​ក្នុង​បរិយាកាស​ផែនដី។ ពន្លឺ​ព្រះអាទិត្យ​ដែល​ចាំង​ចូល​មក​ផែនដី​មាន​នូវ​ចំហាយ​វិទ្យុសកម្ម​យ៉ាង​ច្រើន​អនេក ក្នុង​នោះ​មាន​ពន្លឺ​ដែល​យើង​អាច​មើល​ឃើញ​នឹង​ភ្នែក​រាល់​ថ្ងៃ កាំរស្មី​ស្វាយ​អ៊ុលត្រា (UV) វិទ្យុសកម្ម​មេដែក​អគ្គិសនី (infrared radiation) និង​វិទ្យុសកម្ម​ប្រភេទ​ដទៃ​ផ្សេង​ទៀត​ដែល​មិន​អាច​មើល​ឃើញ​ដោយ​ភ្នែក​ទទេ។ យ៉ាងណាមិញ បើ​យោង​តាមNASA ប្រមាណ​៣០%​នៃ​វិទ្យុសកម្ម​ដែល​ចាំង​ចូល​មក​ទាំងអស់​នឹង​ត្រូវ​បាន​ចាំង​ជះ​ត្រឡប់​ទៅវិញ​ក្នុង​លំហ​អាកាស​ដោយ​ពពក និង​ទឹកកក​ជាដើម។ រីឯ​៧០%​ទៀត​ត្រូវ​បាន​ដី មហាសមុទ្រ និង​បរិយាកាស​ស្រូប​យក​និង​បង្កើន​កម្ដៅ ហើយ​រំភាយ​កម្ដៅ​ទាំងនោះ​ទៅ​ក្នុង​លំហ​អាកាស​វិញ ដែល​ការ​ស្រូប​យក​និង​ការ​រំភាយ​ចេញ​វិញ​នាំ​មក​នូវ​តុល្យភាព​មួយ​ដែល​ផ្ដល់​ឲ្យ​ផែនដី​នូវ​សីតុណ្ហភាព​សមស្រប​មួយ​ប្រហែល​១៥​អង្សា។ ប៉ុន្តែ​សកម្មភាព​មនុស្ស​ដែល​បង្កើន​វត្តមាន​ឧស្ម័ន​ផ្ទះ​កញ្ចក់​នេះ​ច្រើន​ហួស​កម្រិត​តាមរយៈ​ការ​បំពុល​ចេញ​ពី​ដំណើរការណ៍​ឧស្សាហកម្ម ការ​ដាំដុះ​កសិកម្ម ដំណក​ដង្ហើម​បញ្ចេញ​ឧស្ម័ន​CO2 ការ​ដុត​ផូស៊ីល​ឥន្ធនៈ ការ​កាប់​បំផ្លាញ​ព្រៃឈើ ដោយ​គ្មាន​ការ​ជួយ​ស្រូប​ឧស្ម័ន​CO2​ពី​ដើមឈើ​សម្រាប់​ធ្វើ​រស្មី​សំយោគ ប្រហែល​កាបូន​ជិត​១​ពាន់​លាន​តោន​បាន​រំភាយ​នៅ​ក្នុង​បរិយាកាស​ក្នុង​១​ឆ្នាំ។ បើ​និន្នាការ​បែប​នេះ​នៅ​តែ​បន្ត​ដោយ​គ្មាន​ការ​ទប់ស្កាត់​នោះ​ទេ អ្វី​ដែល​គ្រប់​គ្នា​ភ័យ​ខ្លាច​បំផុត​មាន​ការ​កើន​ឡើង​កម្ដៅ​ខ្លាំង កំណើន​កម្រិត​ទឹក​សមុទ្រ ការ​ផុត​ពូជ​របស់​សត្វ​និង​រុក្ខជាតិ ជាតិ​អាស៊ីត​ក្នុង​សមុទ្រ និង​បម្រែបម្រួល​អាកាសធាតុ​នឹង​ក្លាយ​ជា​ជោគវាសនា​របស់​សកលលោក​ដែល​មិន​អាច​ចៀសវាង​បាន​មិនខាន៕ ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ businessinsider & climeworks & livescience
X
5s