អ្នកអាចមានអារម្មណ៍ទាំងនេះ ប្រសិនបើមនុស្សជាទីស្រឡាញ់ចាកចេញពីអ្នក
ជីវិតពិតជាមិនទៀងទាត់នោះទេ ថ្ងៃនេះអ្នកអាចទទួលបានក្តីស្រឡាញ់ តែថ្ងៃស្អែកអ្នកក៏អាចទទួលបានក្តីស្អប់ដូចគ្នា។ ប្រសិនជានៅថ្ងៃណាមួយ មនុស្សដែលស្រឡាញ់ឬគូជីវិតប្រាប់ថាគេឈប់ស្រឡាញ់អ្នកទៀតហើយ អ្នកត្រូវចាំថាអ្នកអាចយំបាន អ្នកអាចបញ្ចេញក្តីឈឺចាប់ចេញមកក្រៅបាន។ ខាងក្រោមនេះជាចំណុចដែលអ្នកអាចធ្វើបានប្រសិនជាមនុស្សដែលអ្នកស្រឡាញ់ចាកចេញពីអ្នក៖
១) អាចមានអារម្មណ៍បាត់បង់( feel lost) ៖ វាមិនខុសនោះទេដែលអ្នកមានអារម្មណ៍ថាបាត់បង់ហើយមិនដឹងត្រូវធ្វើអ្វីបន្តទៀតក្រោយការបាត់បង់មនុស្សដែលមានតម្លៃស្មើឬលើសពីជីវិតរបស់អ្នក។ អារម្មណ៍មួយនេះពិតជាពិបាកយល់និងពិបាកគ្រប់គ្រងហើយ។ ដូច្នេះហើយ វាមិនអីនោះទេដែលអ្នកមានអារម្មណ៍ខូចចិត្តនិងឈឺចាប់ ចូរបញ្ចេញវាឲ្យអស់មក កុំលាក់ទុកក្នុងចិត្តអី។ ប៉ុន្តែត្រូវចាំថា ក្រោយពេលបញ្ចេញអារម្មណ៍ឈឺចាប់អស់ហើយ ត្រូវធ្វើឲ្យខ្លួនឯងរឹងមាំឡើងវិញ និង បន្តដំណើរទៅមុខទៀត។ សូមកុំបញ្ចប់ដំណើរជីវិតរបស់ខ្លួន ក្រោយពេលមនុស្សពិសេសរបស់អ្នកចាកចេញឲ្យសោះ។
២) អ្នកចង់គេងហើយមិនចង់ធ្វើអ្វីទាំងអស់៖ នៅពេលដែលមនុស្សដែលអ្នកស្រឡាញ់ចាកចេញពីជីវិតអ្នក អ្នកអាចនឹងមានអារម្មណ៍ថាអ្នកប្រហែលជាធ្វើអ្វីខុស ហើយចាប់ផ្តើមបន្ទោសខ្លួនឯងដែលមិនបានធ្វើអំពើល្អដាក់គេ មិនបារម្ភឬស្រឡាញ់គេ។ល។ ក្រោយពីការចាកចេញរបស់គេ អ្នកមិនចង់ធ្វើអ្វីក្រៅពីការគេងពីព្រោះថាវាជួយឲ្យអ្នកចាកចេញពីពិភពដ៏សែនឈឺចាប់មួយនេះ។ វាពិតជាពិបាកក្នុងការទទួលយកការពិតភ្លាមៗ ប៉ុន្តែចូរអ្នកចងចាំថាពេលវេលានឹងជួយព្យាបាលរបួសមួយនេះ។
៣) មានអារម្មណ៍ឯកា៖ ពិតប្រាកដណាស់ គូសង្សារតែងតែមានទម្លាប់ផ្ញើសារឲ្យគ្នាឬដើរលេងជាមួយគ្នារាល់គ្នា។ ក្រោយការបែកបាក់ស្នេហា ទូរស័ព្ទរបស់អ្នកប្រហែលជាស្ងប់ស្ងាត់ជាងមុន មិនមានអ្នកតេឬផ្ញើសារច្រើនដូចមុន។ល។ អ្នកអាចមានអារម្មណ៍ថាឯកាជាខ្លាំង ប្រសិនជាអ្នកមានអារម្មណ៍បែបនេះ ចូរកុំភ្លេចរកមិត្តភ័ក្ដិមកជជែកកម្សាន្ត យូរៗទៅក្តីឈឺចាប់នឹងកាត់បន្ថយបន្តិចៗដោយឯកឯង៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ thoughtcatalog.com