​បើ​​យុវជន​​កម្ពុជា​ចំណាយ​ពេល​ចូលរួម​សិក្ខាសាលា​ផ្សេងៗ​​​​​បាន​ច្រើន​ ​​​នឹង​ទទួល​បាន​​ផ្លែផ្កា​សំខាន់ៗ​​ទាំង​៤​នេះ​​​



​បច្ចុប្បន្ន​នេះ​​ ​​​នៅ​ប្រទេស​កម្ពុជា​ ជា​ពិសេស​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ គឺ​​មាន​សិក្ខាសាលា​ល្អៗ​​ជាច្រើន​ ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ ​អង្គការ ​សមាគម​​ និង ​​សម្ព័ន្ធ​យុវជន​ផ្សេងៗ​​ ​ដោយ​ផ្ដោត​លើ​ប្រធាន​បទ​ផ្សេងៗ​​គ្នា​ ប៉ុន្តែយុវជនហាក់ដូចជា មិនសូវសកម្ម ឬ ​​ឲ្យតម្លៃខ្លាំងលើវានៅឡើយ។ ​​​​ខាង​ក្រោម​នេះ ជា​ហេតុផល​សំខាន់ៗ​ដែល​អ្នក​គួរ​ចូលរួម​​សិក្ខាសាលា​​​​ឲ្យ​បាន​ច្រើន​​តាម​តែ​អាច​ធ្វើ​ទៅ​បាន​៖ ​១) ​​មាន​ឱកាស​សិក្សា និង ​​យល់​ដឹង​បន្ថែម​​​លើ​ប្រធាន​បទ​នីមួយៗ​៖ ​ ​​​​សិក្ខាសាលា​ទាំង​នោះ គឺ​ជា​ឱកាស​មួយ​ដ៏​សំខាន់​សម្រាប់​យុវជន​ក្នុង​ការ​សិក្សា និង ​​យល់​ដឹង​បន្ថែម​ទៀត​អំពី​ដំណើរការ​ និង រឿងរ៉ាវ​ផ្សេងៗ​ដែល​ទាក់ទង​នឹង​ប្រធាន​បទ​នីមួយៗ​​ព្រោះ​ថា ​ក្នុង​នោះ ​​​តែងតែ​មាន​វាគ្មិន​ ដែល​ជា​អ្នក​ជំនាញ​​​មក​ពន្យល់​ និង​បកស្រាយ​។​ ២) ​​​ស្គាល់​មិត្តភ័ក្ដិ​ និង បណ្ដាញ​៖ ​​ត្រូវ​ចាំ​ថា ​មនុស្ស​ដែល​ចូលរួម​សិក្ខាសាលា​ ​ភាគច្រើន​គឺ​សុទ្ធតែ​តែ​ជា​មនុស្ស​ដែល​​​ផ្ដល់​តម្លៃ​ខ្លាំង​ទៅ​លើ​ចំណេះដឹង​ ​ហើយ​ប្រហែល​ជា​​អ្នក​ខ្លះ​កំពុង​បម្រើ​ការងារ​នៅ​តាម​ក្រុមហ៊ុន​ ឬ​ ស្ថាប័ន​​ផ្សេងៗ។ នេះ​ហើយ​ជា​ឱកាស​ដែល​អ្នក​​ត្រូវ​ស្គាល់​មនុស្ស​សំខាន់ៗ​ទាំង​នេះ ​ហើយ​កាល​ណា​ស្គាល់​កាន់​តែ​ច្រើន​ គឺ​កាន់​តែ​ល្អ​ ព្រោះ ​អ្នក​ទាំង​នោះ​​នឹង​ក្លាយ​ជា​មនុស្ស​ដ៏​សំខាន់​​​ក្នុង​ការ​​រុញ​​ច្រាន​​​ឲ្យ​ការងារ​​របស់​អ្នក​ជោគជ័យ​ទៅ​​បាន​យ៉ាង​លឿន​។ ៣) ​​​​ពង្រឹង​ជំនាញ​ទំនាក់ទំនង​៖ ​​មនុស្ស​មួយ​ចំនួន​ ពូកែ​ណាស់​ខាង​រៀន​​សូត្រ​ ប៉ុន្តែ​បើ​និយាយ​អំពី​ការ​ទំនាក់ទំនង​ក្នុង​សង្គម​វិញ គឺ​​និយាយ​មិន​ចេញ​។ ដូច្នេះ​ហើយ​បើ​ទំនាក់ទំនង​ក្នុង​សង្គម​ខ្សោយ​ហើយ ​កុំ​សង្ឃឹម​ថា ​អាច​ធ្វើ​ការងារ​ណា​មួយ​បាន​ជោគជ័យ​ដោយ​ងាយ​​​ឲ្យ​សោះ ​ព្រោះ​​អ្នក​ម្នាក់​ឯង​គឺ ទៅ​មិន​រួច​ឡើយ​។ ​​ដូច្នេះ​ហើយ​បើ​កាលណា​​​អ្នក​ចូលរួម​កាន់តែ​ច្រើន​​ នោះ​អ្នក​នឹង​​​​អាច​មាន​លទ្ធភាព​ក្នុង​ការ​​ពង្រឹង​ជំនាញ​ទំនាក់ទំនង​របស់​ខ្លួន​​ ​ហើយ​ក្លាយ​ជា​មនុស្ស​​ម្នាក់​ដែល​ងាយ​ចុះ​សម្រុង​ជាមួយ​អ្នកដទៃ​។ ៤) ​​បង្កើត​ភាព​រីករាយ​៖ ​​​​ចូលរួម​ក្នុង​សិក្ខាសាលា​ផ្សេងៗ​ ​មិន​មែន​ចំណេញ​ត្រឹម​ទទួល​បាន​ចំណេះដឹង​ និង ​បង្កើត​ទំនាក់ទំនង​នោះ​ទេ​ តែ​វា​ក៏​ជួយ​​​ឲ្យ​​អ្នក​មាន​អារម្មណ៍​ស្រស់ស្រាយ​ និង សប្បាយ​ចិត្ត​នៅ​ពេល​ជួប​មនុស្ស​ថ្មីៗ​។ ដូច្នេះ​ហើយ ​​​ជាជាង​​បង្កើត​ការ​សប្បាយ​តាមរយៈ​ការ​ជួបជុំ​មិត្តភ័ក្ដិ​ផឹកស៊ី ឬ​ ធ្វើ​រឿង​មិន​ល្អ អ្នក​គួរ​តែ​បង្កើត​ភាព​​រីករាយ​តាមរយៈ​ការ​ចូលរួម​សិក្ខាសាលា​ផ្សេងៗ​វិញ​ល្អ​ជាង​។ ​សូម​បញ្ជាក់​ថា ​​ស្ទើរតែ​រៀងរាល់​សប្ដាហ៍​សិក្ខាសាលា​ផ្សេងៗ ​ត្រូវ​បាន​គេ​​ប្រារព្ធ​ឡើង​ ទាំង​នៅ​ក្នុង​គ្រឹះស្ថានសិក្សា ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង ​​ទីកន្លែង​សាធារណៈ​មួយ​ចំនួន​ទៀត​ ដូច្នេះ​ហើយ​ដើម្បី​ទទួល​បាន​ដំណឹង​សិក្ខាសាលា​ទាំង​នោះ ​​លោក​អ្នក​គប្បី​តាមដាន​ដំណឹង​ផ្សេងៗ​​នៅ​តាម​​​បណ្ដាញ​សង្គម និង គេហទំព័រ​មួយ​ចំនួន​​ ព្រោះ​វា​ជា​ចរន្ត​ដ៏​សំខាន់​ ដើម្បី​ទទួល​បាន​ព័ត៌មាន​៕​​​ ​ដោយ​៖ រតនា​ ​វិចិត្រ
X
5s