សារធាតុបំពុលសំណ ត្រូវបានប្រើប្រាស់ជាម្សៅតុបតែងមុខរបស់មនុស្សសម័យចក្រភពបុរាណ
ដើម្បីតុបតែងមុខមាត់ឲ្យមានភាពទាក់ទាញនិងស្រស់ស្អាត អេហ្ស៊ីបបុរាណបានប្រើប្រាស់រ៉ែទង់ដែងប្រភេទពណ៌បៃតងម្យ៉ាង សំណស៊ុលផួ (PbS) និងសារធាតុដែលមានជាតិសំណ អង់ទីមាន់ (Antimony) ម៉ង់កាណែស (Manganese) ឬទង់ដែង ដើម្បីបង្កើតជាម្សៅតុបតែងលើភ្នែក។ ចំណែកឯបុរសនិងស្ត្រីក្នុងអំឡុងសម័យកាលក្រិកបុរាណ មិនត្រឹមតែយកសំណមកធ្វើជាម្សៅតុបតែងលើភ្នែកប៉ុណ្ណោះទេ តែថែមទាំងយកសំណប្រភេទពណ៌ស ដែលគេច្រើនយកមកធ្វើជាលក្ខណ៍សម្រាប់លាបពណ៌គំនូរនិងអាគារសាងសង់ យកមកធ្វើជាក្រែមលាបពាសពេញផ្ទៃមុខដើម្បីបិទបាំងស្លាកស្នាមផ្សេងៗ។
មុននឹងការដួលរលំនូវចក្រភពរ៉ូម៉ាំង ស្ដេចគ្រប់គ្រងទឹកដីមួយនេះសោយស្រាដែលចាក់ចេញពីភាជន៍ដែលធ្វើឡើងពីសំណ ដើម្បីឲ្យស្រាមានរសជាតិផ្អែមឆ្ងាញ់ជាងមុន។ ឯប្រជាជនពួកគេក៏ប្រើប្រាស់ចានឆ្នាំងម្ហូបអាហារដែលផលិតឡើងពីសំណ និងសូម្បីតែបំពង់ទឹកហូរសម្រាប់ការទទួលទានប្រចាំថ្ងៃក៏ជាបំពង់សំណ ដែលហេតុផលទាំងនេះបានធ្វើឲ្យអ្នកសិក្សាជាច្រើនជជែកដេញដោលគ្នាទៅលើសំណគឺជាហេតុដែលធ្វើឲ្យចក្រភពរ៉ូម៉ាំងត្រូវដួលរលំ។
[caption id="attachment_41232" align="aligncenter" width="600"] linkedin[/caption]
[caption id="attachment_41233" align="aligncenter" width="600"] pinterest[/caption]
តើសំណគឺជាអ្វី ? ហេតុអ្វីបានជាធាតុគីមីបំពុលដែលត្រូវបានរកឃើញដោយបុរាណក្នុងឆ្នាំ៦៥០០មុនគ.សនេះ បានក្លាយជាប្រធានបទជជែកដេញដោលគ្នាចំពោះឥទ្ធិពលរបស់វាទៅលើមនុស្ស ? សំណគឺជាលោហៈពណ៌សភ្លឺថ្លា ដែលកើតឡើងដោយធម្មជាតិនៅក្នុងស្រទាប់ផែនដី។ លក្ខណៈគីមីរបស់វាគឺជាធាតុគីមីដែលផ្ដល់គ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរចំពោះអាយុជីវិតមនុស្ស និងជាពិសេសចំពោះកូនក្មេង ហើយទើបតែចូលមកដល់ពាក់កណ្ដាលសតវត្សទី២០ប៉ុណ្ណោះទើបឥទ្ធិពលបំពុលរបស់វាមានការទទួលដឹង។
អ្វីដែលស្ទើរតែមិនគួរជឿនោះគឺ អំឡុងសម័យកាលចក្រភពរ៉ូម៉ាំង ទាំងបុរសនិងស្ត្រីលាយសំណពណ៌សជាមួយនឹងទឹកខ្មេះ លាបនៅលើផ្ទៃមុខព្រមទាំងលាយជាមួយសារធាតុបារត និងប្រើសំណស៊ុលផាត (PbSO4) ដើម្បីបំបាត់ស្លាកស្នាមនៅលើផ្ទៃមុខ។ ប៉ុន្តែអ្វីដែលពួកគេកំពុងតែប្រើប្រាស់យ៉ាងទូលំទូលាយនោះ នាំមកនូវការប្រឈមនឹងគ្រោះថ្នាក់ដែលអាចនឹងឈានដល់ការស្លាប់ដោយឥតដឹងខ្លួន។
នៅពេលមួយដែលពួកគេចាប់ផ្ដើមប្រើប្រាស់ជាតិបំពុលទាំងនេះក្នុងការតុបតែងមុខហើយ វានឹងបង្កជាការលំបាកក្នុងការបញ្ឈប់ណាស់ ព្រោះសារធាតុគីមីដែលមានទាំងសំណ បារត អាសេនិច និងសារធាតុបង្កគ្រោះថ្នាក់ដទៃទៀតនឹងទៅបំផ្លាញស្បែកមុខរបស់ពួកគេ បន្ទាប់មកពួកគេនឹងកាន់តែប្រើប្រាស់សារធាតុបំពុលទាំងនោះដើម្បីមកបិទបាំងស្នាមច្រើនជាងមុនទៅទៀត ដែលនឹងធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅៗជាលំដាប់។
ពួកយើងរាល់គ្នាសុទ្ធតែងាយនឹងទទួលរងនូវជាតិសំណ ដែលទទួលទានទឹកចេញពីបំពង់ទឹកសំណ ម្ហូបអាហារដែលដាក់នៅលើសម្ភារៈប្រើប្រាស់ដែលធ្វើពីសំណ ការដកដង្ហើមចូលនៅក្នុងបរិយាកាសដែលមានជាតិសំណនៅពេលមានការដុតឥន្ធនៈ និងប្រើប្រាស់សាំងដែលមានជាតិសំណ។ មិនតែប៉ុណ្ណោះ បើកាលណាសំណចូលទៅក្នុងខ្លួនមនុស្សហើយ វាមិនងាយនឹងចេញនោះទេ ហើយវានឹងផ្ដុំគ្នាម្ដងបន្តិចៗនៅក្នុងឆ្អឹងនិងធ្មេញ។ នៅពេលស្ត្រីមានគភ៌ ដែលមានជាតិសំណស្តុកទុកក្នុងឆ្អឹង វានឹងចេញមកវិញតាមឈាម ដូច្នេះវានឹងប៉ះពាល់ដល់ទារកនៅក្នុងផ្ទៃ។ ជាលទ្ធផលទារកអាចនឹងរលូត ឬស្លាប់ក្នុងផ្ទៃ ឬកើតមុនពេលកំណត់ ឬបើមិនដូច្នេះទេក៏មានលក្ខណៈមិនគ្រប់គ្រាន់ណាមួយដល់ទារកដែលកើតមកដែរ។
ចំពោះកុមារ វានឹងប៉ះពាល់ដល់ខួរក្បាលនិងប្រព័ន្ធប្រសាទមិនឲ្យដំណើរការណ៍បានប្រក្រតី ធ្វើឲ្យពួកគេមានបញ្ហាផ្លូវចិត្ត និងអាកប្បកិរិយាមិនប្រក្រតី។ សម្រាប់មនុស្សវ័យជំទង់ ក្នុងរយៈពេលវែងសំណនឹងបណ្ដាលឲ្យសម្ពាធឈាមឡើងខ្ពស់ និងខូចតម្រង់នោម។ បើកម្រិតជាតិសំណមានខ្ពស់ មនុស្សម្នាក់នោះអាចប្រឈមមុខនឹងការសន្លប់មិនដឹងខ្លួន និងឈានដល់ការស្លាប់ផងដែរ។ បើកុមារដែលមានវីតាមីននិងជីវជាតិបំប៉នគ្រប់គ្រាន់ សំណដែលចូលមកក្នុងរាងកាយពួកគេនឹងត្រូវបានការពារ ពុំនោះទេគឺវ័យកំពុងលូតលាស់និងទន់ខ្សោយដូចពួកគេនេះហើយ ដែលឆាប់ប្រឈមនឹងគ្រោះថ្នាក់បំផុត៕
ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ who & nbcnews & poweredbyosteons