Bosch រក្សាភាពខ្លាំងនៅកម្ពុជាដោយការលក់ទទួលបានកំណើនពីរខ្ទង់ ៦ឆ្នាំជាប់ៗគ្នា
Bosch ដែលជាក្រុមហ៊ុនផ្គត់ផ្គង់បច្ចេកវិទ្យា និងសេវាកម្មនាំមុខគេលើពិភពលោកទទួលបានកំណើនការលក់យ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០១៦ ពោលគឺទទួលបានក្នុងកម្រិតពីរខ្ទង់ចាប់តាំងពីមានវត្តមាននៅប្រទេសកម្ពុជាក្នុងឆ្នាំ២០១០ រួចមក។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន។
លោក Andre de Jong អគ្គនាយកក្រុមហ៊ុន Bosch ប្រចាំប្រទេសកម្ពុជា ឡាវ និងភូមា បានមានប្រសាសន៍ថា ៖«កម្ពុជានៅតែជាទីផ្សារដ៏សំខាន់សម្រាប់កំណើនអាជីវកម្មរបស់ Bosch នៅក្នុងតំបន់អាស៊ីអាគ្នេហ៍ដោយសារស្ថិរភាពនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក្នុងកម្រិតប្រាំពីរភាគរយ ហើយជាពិសេសកំណើននៅក្នុងផ្នែកយានយន្ត និងសំណង់តែម្ដង»។ យោងតាមសេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា ដោយសារការរីកចម្រើនទីផ្សារផ្នែកយានយន្តបានធ្វើឲ្យអាជីវកម្មផ្នែកនេះសម្រេចបាននូវអត្រាកំណើនការលក់រហូតដល់បីខ្ទង់ដែលពុំធ្លាប់មានពីមុនមក។ លោក Andre de Jong បានមានប្រសាសន៍ថា៖ «ទិដ្ឋភាពនៃវិស័យយានយន្តនៅកម្ពុជាគឺមានលក្ខណៈចម្រុះបើនិយាយអំពីប្រភពផលិត និងប្រភេទយានយន្ត។ អាស្រ័យហេតុនេះហើយបានជាក្រុមហ៊ុន Bosch ពង្រីកស្រឡាយផលិតផលកាន់តែច្រើនដើម្បីឆ្លើយតបទៅនឹងទិដ្ឋភាពនៃវិស័យនេះ»។ ភាពរីកចំរើនវិស័យសំណង់នេះក៏បានផ្តល់ឱកាសដល់អាជីវកម្មផ្នែកប្រព័ន្ធសុវត្ថិភាពដើម្បីផ្តល់នូវដំណោះស្រាយសុវត្ថិភាព និងសន្តិសុខដល់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យនានាដែលមានដូចជា ខុនដូ ការិយាល័យ និងសណ្ឋាគារជាដើម។ សម្រាប់ Bosch អាជីវកម្មផ្នែកនេះសម្រេចបាននូវកំណើនការលក់ខ្ពស់ខ្លាំងរហូតដល់ពីរខ្ទង់ហើយផលិតផលកាមេរ៉ាសុវត្ថិភាព និងប្រព័ន្ធសោរទ្វាសុវត្ថិភាព (access control systems) បានរួមចំណែកចម្បងដល់កំណើននេះ។ សូមបញ្ជាក់ថា នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល Bosch សម្រេចបានកំណើនការលក់ខ្ពស់រហូតដល់ ៨.៣ភាគរយនៅក្នុងឆ្នាំ២០១៦ ដែលមានបរិមាណទឹកប្រាក់រហូតដល់ ២០.៨ ពាន់លានអឺរ៉ូ (+១២ ភាគរយបន្ទាប់ពីផលប៉ះពាល់នៃអត្រាប្តូរប្រាក់)។ បរិមាណផលលក់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនេះស្មើនឹង ២៨ភាគរយនៃផលលក់សរុបរបស់ Bosch ខណៈកាលពីឆ្នាំមុនស្មើនឹង ២៧ភាគរយប៉ុណ្ណោះ៕