នៅពេលអ្នកឡើងធ្វើបទបង្ហាញ(Presentation) តើសម្គាល់លើអ្វីដើម្បីដឹងថាគេយល់ពីអ្នក?
ត្រូវចាំថា គោលបំណងធំបំផុតនៃការឡើងបង្ហាញមតិរបស់ខ្លួន គឺនិយាយនិងបង្ហាញយ៉ាងណាដើម្បីឲ្យគេគ្រប់គ្នាស្ដាប់ហើយ យល់ ហើយចងចាំវា បំភ្លេចមិនបាន។ ដូចនេះហើយ ពេលឡើងនិយាយម្ដងៗ អ្នក ត្រូវមានតិចនិកថ្មីៗ ដើម្បីបង្រៀនអ្នកស្ដាប់ឲ្យឆាប់យល់និងចងចាំ។ តែដើម្បីដឹងថាពួកគេយល់ពីការនិយាយរបស់អ្នកឬអត់ អ្នកត្រូវកត់សម្គាល់តាមសញ្ញាខាងក្រោម៖
១) ពួកគេសួរសំណួរអ្នក៖ រាល់ពេលជិតចប់កម្មវិធីម្ដងៗ ម៉ោងសំណួរនិងចម្លើយគឺនឹងផ្ដល់ឡើងដើម្បីឲ្យអ្នកស្ដាប់ មានចម្ងល់ហើយសួរទៅកាន់អ្នកនិយាយ។ ពេលនេះហើយ បើមានអ្នក សួរ និងចង់ឲ្យអ្នកវែកញែកស៊ីជម្រៅ នោះមានន័យថា ពួកគេពិតជាតាមដានការនិយាយរបស់អ្នកទាំងពីចាប់ផ្ដើម។ មានតែអ្នកយល់ប៉ុណ្ណោះ ទើបអាចសួរសំណួរអ្នកបាន។
២) ពួកគេមិនចង់និយាយគ្នាលេង៖ មនុស្សម្នាក់ៗ បើដាក់ចិត្តស្ដាប់នរណានិយាយអ្វីមួយហើយ ពួកគេនឹងមិនសូវបែកអារម្មណ៍ងាកទៅនិយាយគ្នាលេងទេ។ នេះដោយសារការនិយាយរបស់អ្នកល្អ អាចទាក់ទាញអារម្មណ៍ពួកគេឲ្យស្ដាប់បានដោយមិនធុញ។
៣)ស្ដាប់អ្នកយ៉ាងយកចិត្តទុកដាក់៖ ពេលខ្លះអ្នកស្ដាប់សឹងតែយកទូរស័ព្ទមកថតសំឡេង ឬមួយក៏កត់ត្រាទុកគ្រប់ ពាក្យពេចន៍ដែលអ្នកនិយាយព្រោះថា អ្នកនិយាយបានល្អពេក។
៤) ពេលអ្នកសួរសំណួរពួកគេឆ្លើយបានទាំងអស់៖ អ្នកក៏អាចធ្វើតេស្ដពួកគេបាន ដើម្បីចង់ដឹងថាពួកគេស្ដាប់និងយល់បានប៉ុន្មានភាគរយដែរ។ ហើយបើគេឆ្លើយបានល្អ នោះបានន័យថាគេស្ដាប់អ្នកបានគ្រប់ជ្រុងជ្រោយហើយ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ forbes.com