មេ​ដឹក​នាំ​ដែល​អស្ចារ្យ​តែង​តែ​មាន​ទម្លាប់​ដឹក​នាំ​ទាំង​៣​​​យ៉ាង​នេះ ​​



មេ​ដឹក​នាំ​ដែល​អស្ចារ្យ​តែង​តែ​មាន​យុទ្ធសាស្ត្រ​​ល្អ​ៗ​ក្នុង​ការ​ជួយ​បុគ្គលិក​ឲ្យ​រីក​ចម្រើន​ទៅ​មុខ​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​នោះ​ទេ ​មេ​ដឹក​នាំ​​ល្អ​ក៏​កសាង​​​ទំនាក់​ទំនង​ល្អ​ជា​មួយ​បុគ្គលិក​ផង​ដែរ។ ការ​ធ្វើ​ជា​មេ​គេ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ​ពី​ព្រោះ​ថា​អ្នក​មិន​​មែន​ធ្វើ​​ការងារ​​ឲ្យ​តែ​ហើយ​នោះ​ទេ ប៉ុន្តែ​អ្នក​ត្រូវ​ធ្វើ​ការ​ជា​មួយ​មនុស្ស​ទៀត​ផង។ ​​យ៉ាង​ណា​ក្តី ​មេ​ដឹក​នាំ​ដែល​មាន​បទ​ពិសោធន៍​ភាគ​ច្រើន​តែង​តែ​មាន​ទម្លាប់​ដឹក​នាំ​ទាំង​៣​​ខាង​ក្រោម​នេះ៖ ​​

១) ផ្តោត​ទៅ​លើ​ការ​ស្តាប់៖ អ្នក​ដឹក​នាំ​ភាគ​ច្រើន​ច្រើន​តែ​មាន​អំនួត​លើ​ខ្លួន​ឯង​ដោយ​គិត​ថា​ខ្លួន​ឯង​ដឹង​ច្បាស់​ណាស់​អំពី​​កូន​​​ក្រុម​របស់​ខ្លួន​ឬ​ដឹង​ពី​​របៀប​ក្នុង​ការ​ឲ្យ​មតិយោបល់​ឬ​ការ​សន្ទនា​ជា​មួយ​បុគ្គលិក។ល។ ប៉ុន្តែ មេ​ដឹក​នាំ​ដែល​អស្ចារ្យ​​​នឹង​ព្យាយាម​សួរ​ឬ​ស្តាប់​មតិ​យោបល់​ពី​បុគ្គលិក​របស់​គាត់​ពី​ព្រោះ​ថា​ការ​ធ្វើ​បែប​នេះ​បង្ហាញ​ថា​​គំនិត​របស់​ពួក​គាត់​ដែល​មាន​ចំពោះ​ក្រុមហ៊ុន​​ត្រូវ​បាន​មេ​ឲ្យ​តម្លៃ​​​ហើយ​ក៏​បង្ហាញ​ថា​ពួក​គេ​​ក៏​អាច​ជា​​ផ្នែក​មួយ​នៃ​ភាព​ជោគជ័យ​របស់​ក្រុមហ៊ុន​ផង​ដែរ​។

២) ជំរុញ​សក្ដានុពល​របស់​បុគ្គលិក៖ ពិត​ប្រាកដ​ណាស់ មេ​ដឹក​នាំ​​​តែង​តែ​មាន​ឥទ្ធិពល​ចំពោះ​ការ​គិត​​ឬ​ទង្វើ​របស់​បុគ្គលិក។ ​ក្នុង​សៀវភៅ​Superbosses លោក​សាស្ត្រាចារ្យ Sydney Finkelstein​បាន​បង្ហាញ​ថា​ ការមេ​ដឹក​នាំ​ដែល​អស្ចារ្យ​តែង​តែ​​​ជំរុញ​បុគ្គលិក​ឲ្យ​ធ្វើ​ការ​លើស​ពី​សក្ដានុពល​ដែល​ពួក​គាត់​គិត​ថា​ខ្លួន​ឯង​អាច​​​ធ្វើ​បាន​។ ម៉្យាង​វិញ​ទៀត មេ​ដឹក​នាំ​ដែល​ល្អ​​តែង​តែ​​ផ្តល់​មតិ​ដើម្បី​​ស្ថាបនា​​ម្តង​មួយ​ៗ​​ដល់​បុគ្គលិក​ មិន​មែន​រិះគន់​ម្តង​ទាំង​អស់​នោះ​ទេ​ ។

៣) បង្ហាញ​ពី​ភាព​វិជ្ជមាន៖ តាម​ការ​ស្រាវជ្រាវ​​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​អារម្មណ៍​របស់​​មនុស្ស​​គឺ​​ឆ្លង​ពី​មួយ​ទៅ​មួយ មាន​ន័យ​ថា​ប្រសិន​អ្នក​ជា​មេ​ដឹក​នាំ​ដែល​មាន​ថាមពល ស្វាហាប់​ មាន​ការ​តាំង​ចិត្ត​ខ្ពស់​ចំពោះ​ការងារ​ នោះ​បុគ្គលិក​ក៏​មាន​​ភាព​ស្វាហាប់​ ថាមពល​និង​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​ធ្វើ​ការ​ដូច​គ្នា។ ទន្ទឹង​នឹង​នេះ​មេ​ដឹក​នាំ​ដែល​ល្អ​ចេះ​​ជំរុញ​និង​លើក​ទឹក​ចិត្ត​តាម​អារម្មណ៍​និង​ធ្វើ​ជា​គំរូ​ល្អ​​សម្រាប់​បុគ្គលិក៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ inc.com​​​​​

X
5s