ថៅកែ Alibaba៖ «៣០ឆ្នាំទៀត មនុស្សធ្វើការតែ ៤ម៉ោងក្នុងមួយថ្ងៃ និងប្រហែល ៤ថ្ងៃក្នុងមួយសប្ដាហ៍» ហេតុអ្វីបានជាអីចឹង?
មហាសេដ្ឋីល្បីឈ្មោះ និងជាស្ថាបនិក Alibaba លោក Jack Ma បានថ្លែងនៅក្នុងសន្និសីទមួយ នៅ Detroit សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះថា រយៈពេល ៣០ឆ្នាំទៅមុខទៀត មនុស្សនឹងធ្វើការតែ ៤ម៉ោងប៉ុណ្ណោះក្នុងមួយ ហើយប្រហែល ៤ថ្ងៃទេក្នុងមួយសប្ដាហ៍។
មហាសេដ្ឋីរូបដដែលរូបនេះថែមទាំងបានលើកឡើងបន្ថែមទៀតថា ៖«ជីតារបស់ខ្ញុំធ្វើការ ១៦ម៉ោងក្នុងមួយថ្ងៃនៅកសិដ្ឋាន ហើយខ្ញុំគិតថា គាត់រវល់។ យើងធ្វើការតែ ៨ម៉ោង និង៥ថ្ងៃប៉ុណ្ណោះក្នុងមួយសប្ដាហ៍ គិតថាយើងរវល់ណាស់ទៅហើយ»។ ការលើកឡើងរបស់មហាសេដ្ឋីចិនរូបនេះ គឺប្រហាក់ប្រហែលទៅនឹងសេដ្ឋកិច្ចវិទូល្បីឈ្មោះលោក John Maynard Keynes ដែលបានព្យាករណ៍កាលពីឆ្នាំ១៩៣០ ថា ទៅមុខ ១០០ឆ្នាំទៀត ម៉ោងធ្វើការក្នុងមួយសប្ដាហ៍ៗនឹងថយចុះ គឺប្រហែល ១៥ម៉ោងក្នុងមួយសប្ដាហ៍ប៉ុណ្ណោះ ស្របពេលដែលប្រព័ន្ធស្វ័យប្រវត្តិកម្មកាន់តែកើនឡើង។ លោក Jack Ma មានជំនឿថា ទៅថ្ងៃអនាគតមនុស្សម្នានឹងអាចមានដំណើរកម្សាន្តទៅកាន់ទីកន្លែងឆ្ងាយៗ និងខុសៗគ្នា។ លោកមានប្រសាសន៍ទៅកាន់ CNBC បែបនេះថា ៖«អ្នកសាមញ្ញទៅលេង ៣០កន្លែងបច្ចុប្បន្ន ប៉ុន្តែ ៣០ឆ្នាំក្រោយ ប្រហែល ៣០០កន្លែងឯណោះ»។ ទោះជាយ៉ាងនេះក្ដី លោកក៏មានព្រមានថា ផ្លូវទៅកាន់ ៣០ឆ្នាំខាងមុននឹងមិនងាយស្រួលនោះទេ ពោលគឺនឹងមានរឿងមិនសប្បាយជាច្រើនកើតឡើង៕
ដោយ៖ យោធិន