​ប្រធានាធិបតី​អាមេរិក​​​​​ Trump៖ «ខ្ញុំ​មិន​ចង់​ឱ្យ​​មនុស្ស​ក្រីក្រ​ម្នាក់​​ដឹក​មុខ​​សេដ្ឋកិច្ច​​ជាតិ​នោះ​ទេ»​



«ខ្ញុំ​មិន​ចង់​ឱ្យ​​មនុស្ស​ក្រីក្រ​ម្នាក់​​ដឹក​មុខ​​សេដ្ឋកិច្ច​​ជាតិ​នោះ​ទេ» នេះ​ជា​ពាក្យ​មួយ​ឃ្លា​ដែល​លោក​ប្រធានាធិបតី​អាមេរិក​​ Donald Trump ថ្លែង​កាល​ពី​ពេល​ថ្មី​ៗ​នេះ។ ​លោក​បាន​ពន្យល់​​យ៉ាង​សាមញ្ញ​​ទៅ​កាន់​គណៈរដ្ឋមន្ត្រី​របស់​លោក​ថា​ ​អ្នក​មាន​​ដឹង​ពី​វិធី​គ្រប់គ្រង​លុយ​​ជាង​​អ្នក​ក្រ។ ​​ការ​ថ្លែង​របស់​ប្រធានាធិបតី​អាមេរិក​​នៅ​ពេល​នេះ​ គឺ​ឆ្លើយ​តប​ទៅ​នឹង​​ ការ​រិះគន់​​លើ​ការ​ជ្រើស​រើស​មហាសេដ្ឋី​​មួយ​ចំនួន​ឱ្យ​ចូល​បម្រើ​ការងារ​ផ្នែក​សេដ្ឋកិច្ច​​កំពូល​របស់​ប្រទេស​ជាតិ​មាន​ដូច​ជា​ ការ​តែង​តាំង​លោក​ Wilbur Ross ​អតីត​វិនិយោគិន​មាន​លុយ​​ពាន់​លាន​ជា​​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ​​អតីត​ប្រធាន​​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ដ៏​ធំ​នៅ​អាមេរិក​​ Goldman Sachs លោក Gary Cohn ជា​​ប្រធាន​ទីប្រឹក្សា​សេដ្ឋកិច្ច​ ជា​ដើម។ ​ ​ការ​ថ្លែង​របស់​លោក​ ​នា​ពេល​នេះ​ គឺ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ពុធ​​ ហើយ​លោក​បាន​ប្រកាន់​គោលជំហរ​មួយ​គឺ​ថា​​ អ្នក​មាន​ អាច​ដឹក​នាំ​សេដ្ឋកិច្ច​អាមេរិក​បាន​ប្រសើរ​​ព្រោះ​ថា​ ពួក​គេ​មាន​លុយ​ស្រាប់​ហើយ​ ពួក​គេ​មិន​ត្រូវ​ការ​លុយ​ទៀត​ទេ។ ​លោក​បាន​ថ្លែង​បែប​នេះ​ ៖«ខ្ញុំ​​ស្រលាញ់​មនុស្ស​គ្រប់​គ្នា មិន​ថា​អ្នក​មាន​ ឬ​អ្នក​ក្រ។ ប៉ុន្តែ​​មុខ​តំណែង​មួយ​ចំនួន​ ខ្ញុំ​មិន​ត្រូវ​ការ​​អ្នក​ក្រ​​ឱ្យ​​មក​កាន់​ការងារ​នោះ​ទេ។ ​ថា​​តើ​​រឿង​នេះ​វា​សមហេតុ​​សម​ផល​ទេ? ​ប្រសិន​បើ​អ្នក​ទទូច​ប្រឆាំង​ ខ្ញុំ​​នឹង​ធ្វើ​វា។ ​ប៉ុន្តែ​ខ្ញុំ​ពេញ​ចិត្ត​​ថា​ផ្លូវ​នេះ​គឺ​ប្រសើរ​ជាង​ ពិត​ទេ?»៕ ដោយ៖ យោធិន
X
5s