គន្លឹះ​ទាំង​​នេះ​នឹង​ជួយ​អ្នក​​ធ្វើ​ការ​ពីរ​កន្លែង​ដោយ​ឥត​បញ្ហា​



ជា​ការ​ពិត​ណាស់ ការ​ធ្វើ​ការងារ​​ពីរ​កន្លែង​ពិត​ជា​អាច​ជួយ​អ្នក​រក​ប្រាក់​កម្រៃ​បន្ថែម​​ឬ​ជួយ​ទ្រទ្រង់​គ្រួសារ​អ្នក​ឲ្យ​ល្អ​ថែម​មួយ​កម្រិត​ទៀត។ ​ហើយ​ក៏​មាន​មនុស្ស​មិន​តិច​នាក់​នោះ​ទេ​​ដែល​ចង់​ធ្វើ​ការ​ពីរ​កន្លែង​ ប៉ុន្តែ​ដោយ​សារ​តែ​មនុស្ស​ភាគ​ច្រើន​មិន​ទាន់​ចេះ​គ្រប់​គ្រង​ពេល​វេលា​បាន​ល្អ​​ ទើប​បណ្ដាល​ឲ្យ​ពួក​គាត់​មិន​អាច​ធ្វើ​ការ​ពីរ​កន្លែង​បាន។ ខាង​ក្រោម​នេះ​គឺ​ជាគន្លឹះ​ដែល​ជួយ​អ្នក​បាន​ប្រសិន​ជា​អ្នក​ចង់​រក​ការងារ​បន្ថែម​មួយ​ទៀត៖

១) ថៅកែ​ទី​១​​ដឹង​ឭ​ពី​ការងារ​ទី​២​របស់​អ្នក៖ ក្រុមហ៊ុន​ខ្លះ​មិន​អនុញ្ញាត​ឲ្យ​បុគ្គលិក​ធ្វើ​ការ​ពីរ​កន្លែង​​​ឡើយ​ ជា​ពិសេស​​នៅ​ក្រុមហ៊ុន​ដែល​មាន​ការ​ប្រកួត​ប្រជែង​ជា​មួយ​នឹង​ក្រុមហ៊ុន​ដែល​អ្នក​ធ្វើ​នា​ពេល​បច្ចុប្បន្ន។ ម៉្យាង​វិញ​ទៀត ថៅ​កែ​ក៏​ខ្លាច​​​ប៉ះពាល់​​គុណភាព​ការងារ​​របស់​អ្នក​ផង​ដែរ​​ ព្រោះ​ថា​ការ​ធ្វើ​ការងារ​ពីរ​កន្លែង​ អ្នក​អាច​នឹង​ពិបាក​ក្នុង​ការ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការងារ។ ​ដូច្នេះ​ហើយ ត្រូវ​សុំ​អនុញ្ញាត​ឲ្យ​បាន​ច្បាស់​លាស់​ជៀសវាង​អ្នក​បោះ​បង់​ការងារ​ទាំង​ពីរ​កន្លែង​ដោយ​មិន​ដឹង​ខ្លួន។

២) បំបែក​ការងារ​នោះ​ជា​ពីរ៖ ប្រសិន​ជា​អ្នក​ទទួល​បាន​ការ​អនុញ្ញាត​ហើយ​នោះ អ្នក​ត្រូវ​បែកចែក​ការងារ​ទាំង​ពីរ​នេះ​ឲ្យ​បាន​ច្បាស់លាស់​និង​ដាច់ស្រេច កុំ​ឲ្យ​មាន​ការ​ជាប់​ទាក់​ទង​នឹង​គ្នា។ ឧទាហរណ​​ថា៖​ ​ពេល​អ្នក​កំពុង​តែ​ធ្វើការ​នៅ​ក្រុមហ៊ុន​ទី​មួយ អ្នក​មិន​គួរ​ឆ្លៀត​ពេល​ឬ​យក​ពេល​សម្រាក​ទៅ​ធ្វើ​ការ​ងារ​ទី​ពីរ​​​ឡើយ។ ដូច្នេះ​ហើយ អ្នក​ត្រូវ​ចេះ​រៀប​ចំ​ពេលវេលា​​រវាង​ការងារ​ទាំង​ពីរ​នេះ​ឲ្យ​បាន​ច្បាស់លាស់។

៣) ត្រួត​ពិនិត្យ​ពេលវេលា៖ ប្រសិន​អ្នក​ជា​បុគ្គលិក​ពេញ​ម៉ោង​ដែល​ធ្វើ​ការ​ពី​៨​ព្រឹក​ដល់​៥​ល្ងាច​ហើយ ការ​បន្ថែម​ការងារ​មួយ​ទៀត​ពិត​ជា​ការ​លំបាក​មួយ​​ព្រោះ​ថា​អ្នក​មិន​ត្រឹម​តែ​ហត់​នោះ​ទេ ​ថែម​ទាំង​ត្រូវ​ពូកែ​ក្នុង​ការ​លៃលក​ពេលវេលា​សម្រាប់​ការងារ​ទី​ពីរ​ទៀត​ផង។ អ៊ីចឹង​ហើយ អ្នក​ត្រូវ​តែ​មាន​វិន័យ​លើ​ខ្លួន​ឯង​យ៉ាង​តឹង​រឹុង​ទើប​វា​មិន​មាន​ផល​ប៉ះពាល់​រវាង​ការងារ​ទាំង​ពីរ។

៤) ស្វែង​រក​ការងារ​ដែល​អ្នក​អាច​ធ្វើ​ពី​ផ្ទះ៖ ការ​ងារ​ក្រៅ​ម៉ោង​ខ្លះ​អាច​ធ្វើ​ពី​ផ្ទះ​បាន​ នេះ​មាន​ន័យ​ថា​អ្នក​អាច​សន្សំ​ពេលវេលា​ជា​ច្រើន​ដោយ​មិន​ចាំ​បាច់​​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត។ បន្ថែម​ពី​លើ​នេះ​ទៅ​ទៀត អ្នក​អាច​ធ្វើការ​ពេល​ណា​ក៏​បាន​តាម​ដែល​អ្នក​ចង់​​ ដែល​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​រៀប​​ចំ​ពេលវេលា​ឬ​កាលវិភាគ​​សម្រាប់​ការងារ​ទី​ពីរ​នេះ​ដោយ​ខ្លួន​អ្នក៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ monster.com​​​​

X
5s