គន្លឹះសំខាន់ៗ ដើម្បីអាចផ្លាស់ប្តូរការងារយ៉ាងជោគជ័យសមតាមក្តីប្រាថ្នា
ក្រោយការបញ្ចប់ការសិក្សា មានមនុស្សមិនតិចនាក់ទេដែលធ្វើការងារទាំងខ្លួនឯងមិនចូលចិត្តឬមិនស្រឡាញ់។ ពួកគេធ្វើការងារនោះព្រោះដោយសារតែខ្លាចខ្លួនឯងរកការងារធ្វើមិនបាន ដូច្នេះហើយចេះតែធ្វើទៅឲ្យតែមានការងារធ្វើ។ យ៉ាងណាក្តី ប្រសិនជាអ្នកចង់ប្តូរការងារទៅធ្វើអ្វីដែលអ្នកចូលចិត្តវិញនោះ ខាងក្រោមនេះគឺជាគន្លឹះដែលអាចជួយអ្នកបាន៖
១) គិតរកហេតុផលហេតុអ្វីបានជាអ្នកចង់ប្តូរការងារ៖ មនុស្សជាច្រើនមិនមានហេតុផលច្បាស់លាស់នោះទេក្នុងការរកការងារថ្មី។ អ្នកត្រូវដឹងឲ្យច្បាស់ពីគោលបំណងនៃការប្តូរការងារ តើអ្នកចង់មានពេលវេលាទំនេរជាងមុខ? តើអ្នកចង់ធ្វើអ្វីថ្មីខុសពីការងារបច្ចុប្បន្ននេះឬយ៉ាងណា? ប្រសិនជាអ្នករកហេតុផលមិនឃើញទេ ការងារថ្មីរបស់អ្នកនឹងគួរឲ្យធុញទ្រាន់ដូចការងារបច្ចុប្បន្នអ៊ីចឹងដែរ។
២) គិតថាតើអ្នកចង់ធ្វើអ្វី៖ អ្នកខ្លះនិយាយថាខ្លួនចង់ក្លាយជាគ្រូពេទ្យ នោះមិនគ្រប់គ្រាន់នោះទេព្រោះគ្រូពេទ្យមានច្រើនប្រភេទ តើអ្នកចង់ក្លាយជាពេទ្យធ្មេញ ពេទ្យកុមារ ពេទ្យផ្នែករោគស្ត្រី។ល។ អ្នកត្រូវដឹងឲ្យច្បាស់តើអ្នកចង់ធ្វើអ្វីឲ្យពិតប្រាកដ រួចហើយគិតពីការងារក្នុងអាជីពនោះដូចជាជំនាញដែលអ្នកត្រូវការក្នុងអាជីពដែលអ្នកចង់ធ្វើនោះ ស្វែងយល់ឲ្យបានកាន់តែច្បាស់ កាន់តែល្អ។
៣) គិតតើអ្នកគួរត្រៀមខ្លួនដោយរបៀបណា៖ មានពេលខ្លះ អ្វីៗមើលទៅហាក់ដូចជាងាយស្រួលខ្លាំងណាស់។ ប៉ុន្តែ ការងារថ្មីតែងតែមានភាពខុសគ្នាឬឧបសគ្គខុសពីការងារចាស់មិនថាតិចឬច្រើនគឺដឹងតែមានហើយ។ ដូច្នេះហើយ ប្រសិនជាអ្នកអាចចំណាយពេលក្នុងការគិតតើអ្នកគួរត្រៀមខ្លួនបែបណាដែរ វាក៏ជារឿងមួយដែលល្អផងដែរ។
៤) ធ្វើការស្រាវជ្រាវ៖ ឧទាហរណ៍ថា៖ អ្នកមានការងារពីរឬបីដែលអ្នកចាប់អារម្មណ៍ តែអ្នកមិនដឹងត្រូវជម្រើសមួយណាដែលល្អបំផុតសម្រាប់អ្នក។ ប្រសិនជាអ្នកជួបបញ្ហា ចូរអ្នកធ្វើការស្រាវជ្រាវហើយប្រៀបធៀបរវាងប្រាក់ខែ ម៉ោងធ្វើការ ការងារក្នុងទីផ្សារឬឱកាសក្នុងការឡើងឋានៈឬការអភិវឌ្ឍន៍ខ្លួន វានឹងជួយអ្នកធ្វើការសម្រេចចិត្តនិងជម្រើសការងារមួយដែលល្អ៕
ប្រែសម្រួល៖ អឹុង មុយយូ
ប្រភព៖ godcast.com