តើមានអ្វីកើតឡើងនៅពេលបញ្ហាផ្លូវចិត្តមិនត្រូវបានយកចិត្តទុកដាក់ព្យាបាល ?
ផ្លូវចិត្តពិតជាសំខាន់បំផុត ដែលអ្នកត្រូវតែដាក់ឲ្យវានៅក្រោមដែនកំណត់ត្រឹមត្រូវមួយ ដែលមានការត្រួតពិនិត្យច្បាស់លាស់ពីវិចារណញ្ញាណរបស់អ្នក។ មិនមែនទាល់តែមនុស្សឆ្កួតឬរោគចិត្តទើបហៅថាមនុស្សមានបញ្ហាផ្លូវចិត្តនោះទេ។ មនុស្សយើងរាល់គ្នាសុទ្ធតែមានបញ្ហាផ្លូវចិត្តដូចៗគ្នាទាំងអស់ គ្រាន់តែតិចឬច្រើន។ មនុស្សខ្លះអាចដាក់កម្រិតលើអារម្មណ៍ដែលនឹងអាចដឹកនាំគេទៅរកផ្លូវខុសបាន ហើយក៏អាចត្រឡប់ទៅសភាពធម្មតាវិញ។ ប៉ុន្តែនៅពេលដែលមនុស្សមួយចំនួនទៀតមិនអាចគ្រប់គ្រងទៅលើផ្លូវអារម្មណ៍របស់ខ្លួនបាន ហើយចេះតែបណ្ដោយឲ្យអារម្មណ៍ដឹកមុខ នោះយូរៗពួកគេនឹងក្លាយជាគ្រប់គ្រងខ្លួនឯងលែងបាន ហើយបញ្ហាផ្លូវចិត្តចេះតែធ្ងន់ធ្ងរទៅៗ រហូតអំពើហិង្សាកើតឡើង ដែលអាចឈានទៅដល់ការសម្លាប់ជីវិតអ្នកដទៃ ឬចុងក្រោយក៏ធ្វើអត្តឃាតខ្លួនឯង។
ទំនាក់ទំនងកាត់មិនផ្ដាច់រវាងរូបរាងកាយនិងចិត្ត រាងកាយដែលធ្លាប់តែមានសុខភាពល្អមាំមួនសោះ ក៏ប្រែជាចុះទន់ខ្សោយទ្រុឌទ្រោម មានជំងឺ នៅពេលដែលមនុស្សម្នាក់នេះចេះតែបណ្ដុះគ្រាប់ពូជនៃអារម្មណ៍អវិជ្ជមានដូចជា ឆេវឆាវ តប់ប្រមល់ ស្ត្រេស និងកើតទុក្ខជាដើម។ យ៉ាងណាមិញ បើពួកគេមានជំងឺផ្លូវកាយក៏ពិតមែន ប៉ុន្តែបើផ្លូវចិត្តរបស់ពួកគេល្អប្រសើរ នោះវាមានតែជួយឲ្យជំងឺផ្លូវកាយសាបរលាបពីមួយថ្ងៃទៅមួយថ្ងៃនិងមានទឹកមុខស្រស់បស់ឡើងវិញ។
បញ្ហាផ្លូវចិត្តតែម្យ៉ាងអាចរាលដាលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បញ្ហាផ្សេងៗទៀតឲ្យកើតឡើងបន្តបន្ទាប់គ្នា នៅពេលអ្នកមានអារម្មណ៍មួម៉ៅ ពិបាកចិត្ត អ្នកច្រើនតែបញ្ចេញកំហឹងនេះដាក់ទៅមនុស្សជុំវិញខ្លួន ឬអាចបង្កជាអំពើហិង្សាទៀតផង ហើយអ្នកដែលទទួលរងគ្រោះថ្នាក់គឺជាក្រុមគ្រួសាររបស់អ្នកនេះហើយ។ មិនតែប៉ុណ្ណោះ វានឹងប៉ះពាល់ដល់ប្រសិទ្ធភាពការងារ ដែលយូរៗទៅធ្វើឲ្យអ្នកអស់ចំណាប់អារម្មណ៍ធ្វើការងារ ហើយចុងក្រោយក៏លាឈប់។ ដូច្នេះលទ្ធផលនឹងប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងរាលដាលទៅដល់សុភមង្គលគ្រួសារទៅទៀត។ នៅក្នុងដំណាក់កាលធ្ងន់ធ្ងរខ្លាំង អំពើហិង្សាសម្លាប់អ្នកដទៃនឹងអាចកើតមានឡើង ហើយថែមទាំងអាចឈានដល់ការធ្វើអត្តឃាតខ្លួនឯងទៀតផង៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ huffingtonpost