​​ប្រទេស​ទាំង​៣​នៅ​​លើ​លោក​ ដែល​​​អំណោយ​ផល​បំផុត​ សម្រាប់​សហគ្រិន​



ការជ្រើសរើសទីតាំងសម្រាប់ការចាប់ផ្តើមជំនួញគឺជារឿងសំខាន់។ ប្រសិនជាអ្នកធ្វើការសម្រេចចិត្តត្រឹមត្រូវ ជំនួញរបស់អ្នកមិនត្រឹមតែធានាបាននូវភាពជោគជ័យនោះទេថែមទាំងធានាបាននូវប្រាក់ចំណេញជាច្រើនថែមទៀតផង។ ថ្មីៗនេះ មានការវាយតម្លៃមួយស្តីពីប្រទេសដ៏ល្អបំផុតសម្រាប់សហគ្រិន ដោយការវាយតម្លៃនោះរួមមានភាពជាអ្នកជំនួញ ភាពឆ្នៃប្រឌិតនិងឱកាសសម្រាប់ការរកស៊ី។ នេះបើយោងតាមការវាយតម្លៃដោយសកលវិទ្យាល័យWhartonនិងក្រុមហ៊ុនស្រាវជ្រាវផ្នែកទីផ្សារ។ ខាងក្រោមនេះគឺជាប្រទេសទាំង៣ដែលទាក់ទាញសហគ្រិនបានច្រើនបំផុតលើពិភពលោក៖

១) ប្រទេសអាល្លឺម៉ង់៖ ប្រទេសអាល្លឺម៉ង់គឺជាប្រទេសអភិវឌ្ឍន៍ស្រាប់ហើយ ពោលគឺមានហេដ្ឋារចនាសម្ពន្ធស្អាតដែលផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរនិងដឹកជញ្ជូនទំនិញ។ ដូច្នេះហើយ វាផ្តល់ភាពងាយស្រួលក្នុងការជញ្ជូនទំនិញពីកន្លែងមួយទៅកន្លែងមួយទៀតដោយចំណាយពេលខ្លីនិងសន្សំលុយសាំង។ បន្ថែមពីលើនេះ ប្រជាជនក៏មានជំនាញច្បាស់លាស់និងខិតខំធ្វើការទៀតផង។ ប្រទេសអាល្លឺម៉ង់ក៏ផ្តល់ភាពងាយស្រួលក្នុងការស្វែងរកដើមទុនរកស៊ីដំបូងសម្រាប់ពួកសហគ្រិនតាមរយៈការខ្ចីប្រាក់តាមធនគារ ។ ដោយសារចំណុចល្អៗទាំងនេះហើយដែលធ្វើឲ្យប្រទេសអាល្លឺម៉ង់ក្លាយជាប្រទេសមួយដែលទាក់ទាញអ្នកជំនួញមកវិនិយោគ៕

២)ប្រទេសជប៉ុន៖ ប្រទេសជប៉ុនគឺជាប្រទេសមួយដែលមានការអប់រំខ្ពស់និងមានបច្ចេកវិទ្យាជឿនលឿនបំផុតលើពិភពលោក។ ដូច្នេះហើយ ប្រទេសជប៉ុនគឺជាជម្រើសល្អបំផុតសម្រាប់សហគ្រិនណាដែលមានបំណងចង់ចាប់ផ្តើមជំនួញទាក់ទងទៅនឹងបច្ចេកវិទ្យាដូចជាការថតភាពយន្ត ខ្សែភាពយន្តគំនូរជីវចលជាដើម ព្រោះថាជប៉ុនមានទីផ្សារខ្ពស់ផ្នែកបច្ចេកវិទ្យានិងមានអ្នកជំនាញជាច្រើនដែលអ្នកអាចសិក្សាបាន។ លើសពីនេះទៅទៀត ប្រជាជនជប៉ុនមានចំណេះដឹងខ្ពស់ មានជំនាញច្បាស់លាស់និងធ្វើការម៉ត់ចត់ ។ ប្រទេសជប៉ុនគឺជាប្រទេសមួយដែលស្រូបយកពាណិជ្ជករបានជាច្រើន។

៣) សហរដ្ឋអាមេរិក៖ សហរដ្ឋអាមេរិកត្រូវបានគេស្គាល់ជារដ្ឋដែលសម្បូរទៅដោយភាពច្នៃប្រឌិតខ្ពស់ មិនចំលងស្នាដៃពីគេនិងមានលក្ខណៈប្លែក។ ហើយក្រុមហ៊ុនល្បីៗធំជាច្រើនដូចជាFacebook,  Microsoft និង  Google Apple សុទ្ធតែកកើតឡើងនៅទឹកដីសហរដ្ឋអាមេរិកទាំងអស់។ អ៊ីចឹងហើយ ប្រសិនជាអ្នកពូកែខាងបច្ចេកវិទ្យាហើយមានភាពច្នៃប្រឌិតខ្ពស់ទៀតនោះ សហរដ្ឋអាមេរិកគឺជាជម្រើសដ៍ល្អបំផុតសម្រាប់អ្នកធ្វើការវិនិយោគ៕

ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ weforum.com  

X
5s