វិធីសាស្ត្រ​ទាំង​នេះ​ជួយ​អ្នក​ «កុំ​ឲ្យ​ឆាប់​មួម៉ៅ​ ហើយ​​ចង់​តែ​​ឈ្លោះ​គ្នា​ទៀត​»​​



មនុស្ស​ម្នាក់ៗ បើ​សិន​ជា ជួប​រឿង​ស្មុគស្មាញ រឿង​មិន សម​នឹង​បំណង​ ពួក​គេ​តែងតែ​ធ្វើ​អ្វី​មួយ​ដើម្បី​លើក​តម្កើង​ខ្លួន​ឯង​។ កំហឹង​និង​ការ​ឈ្លោះ​ប្រកែក​គ្នា កើត​ឡើង​ដោយ​សារ​តែ​មាន​បុគ្គល​២​នាក់ មាន​គំនិត​ផ្ទុយ​គ្នា ហើយ​លើក តម្កើង​គំនិត​ឯង​ជា​ធំ​។ បើ​គិត​ថា​រាល់​ថ្ងៃ​នេះ​ អ្នក​តែង​តែ​មាន​អារម្មណ៍​មួម៉ៅ ហើយ​ឧស្សាហ៍​មាន​រឿង​ឈ្លោះប្រកែក​គ្នា អ្នក​គួរ​អាន​វិធីសាស្ត្រ​ខាង​ក្រោម​នេះ​សិន​ទៅ​៖

១) នៅ​ម្នាក់​ឯង​សិន​ទៅ​៖ ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​មិន​ល្អ​ហើយ ឆាប់​រក​កន្លែង​ណា​នៅ​ម្នាក់​ឯង​ ដើម្បី​បន្ធូរ​អារម្មណ៍​សិន​ទៅ​។ បើ​អ្នក​អាច​ដឹង​ខ្លួន​ឯង​ថា អារម្មណ៍​កំពុង​មិន​ល្អ​ហើយ អ្នក​គួរ​រក​កន្លែង​ស្ងប់ស្ងាត់​ ប្រសើរ​ជាង​ ​ការ​តទល់​នឹង​នរណា​ម្នាក់ ដែល​នឹង​ធ្វើ​ឲ្យ​អ្នក​ស្ដាយក្រោយ​ ​។​

២) ជៀសវាង​សេព​គ្រឿងស្រវឹង​៖ ដូច​ដែល​អ្នក​​ដឹង​ហើយ ការ​សេព​គ្រឿងស្រវឹង នឹង​ធ្វើ​ឲ្យ​អ្នក​​គ្រប់គ្រង​ខ្លួនឯង​លែង​ជាប់​។ ហើយ​បើ​​មាន​នរណា​ម្នាក់​មក​ជំទាស់​នឹង​ពាក្យ​អ្នក​និយាយ ពេល​នោះ​អ្នក​នឹង​ទប់​ខ្លួន​ឯង​លែង​ជាប់​ ហើយ​ចាប់​ផ្ដើម​បង្ក​ជា​បញ្ហា​តែ​ម្ដង។​ នេះ​ហើយ​ឥទ្ធិពល​នៃ​ស្រា ដែល​ធ្វើ​ឲ្យ​អ្នក​​ជា​មនុស្ស​ស្លូត​ក្លាយ​ជា​មនុស្ស​កាច​។​

៣) ដកដង្ហើម​វែង ៗ៖ ការ​ស្រាវជ្រាវ​បង្ហាញ​ថា ៖«​ការដកដង្ហើម​វែង​ៗ គឺ​ជា​ការហាត់ប្រាណ​មួយ​ជួយ​បន្ថយ​សម្ពាធ​ឈាម ហើយ​បន្ថយ​ភាព តានតឹង។​» ដោយ​គ្រាន់​​តែ​ដកដង្ហើម​វែងៗ អ្នក​អាច​សម្រួល​អារម្មណ៍​ពី​មួម៉ៅ​មក​ធម្មតា​វិញ​បាន​ដោយ​ងាយ​។​

៤) មិន ត្រូវ​និយាយ​សំឡេង​ធ្ងន់​៖ កម្រិត​នៃ​ភាព​តានតឹង​អ្នក​អាច​នឹង​កើន​ឡើង តែ​សូម​ប្រយ័ត្ន​ពាក្យ​សម្ដី​ព្រម​ទាំង​សំឡេង​ដែល​អ្នកប្រើ​ផង។ ព្រោះ​ថា​សំឡេង​កំហក​ ខ្លាំង​ៗ ក៏​អាច​បង្ក​ជា​ជម្លោះ​ហិង្សា​បាន​ដែរ។​

៥) ញញឹម​៖ គ្រាន់​តែ​បញ្ចេញ​ស្នាម​ញញឹម​ គឺ​វា​មិន​ពិបាក​ឡើយ។ ដូចនេះ​បើ​សិន​ជា​អ្នក​មាន​បញ្ហា​ឬ​ក៏​ជម្លោះ​កំពុង​កើត​មាន​ចំពោះ​មុខ​អ្នក អ្នក គួរ​បញ្ចេញ​ស្នាម​ញញឹម​ឡើង។​ ស្នាម​ញញឹម​អាច​ធ្វើ​ឲ្យ​មនុស្ស​ទាំង​សងខាង​ ទម្លាក់​កំហឹង​ចុះ​បាន​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

X
5s