កម្ពុជា​​​រក​ឃើញ​ពង​ក្រពើ​​ព្រៃ​​​កម្រ​​​បំផុត​ក្នុង​លោក ​នៅ​​ស្រែ​អំបិល ​១៩​គ្រាប់ (មាន​វីដេអូ)​​



អង្គការសមាគមអភិរក្សសត្វព្រៃ (WCS)​ ​​និង​ក្រុម​អភិរក្ស​មក​ពី​នាយកដ្ឋាន​ជលផល​ បាន​​ប្រទះ​ឃើញ​ពង​ក្រពើ​ព្រៃ​ ឬ​ក្រពើ​ត្រី​ ​១៩​គ្រាប់​នៅ​ស្រុក​ស្រែ​អំបិល ​ខេត្ត​កោះកុង​ ខណៈ​ដែល​ក្រុម​ការងារ​កំពុង​ស្រាវជ្រាវ​រក​ដាន​ និង​សញ្ញា​នៃ​ប្រភេទ​ក្រ​ពើ​ព្រៃ​នៅ​តំបន់​នោះ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ អង្គការសមាគមអភិរក្សសត្វព្រៃ (WCS)​ ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​ ២៨​ មិថុនា​កន្លង​ទៅ។ ​ [caption id="attachment_42588" align="aligncenter" width="670"] ប្រភព WCS[/caption] ​សត្វ​ក្រពើ​ព្រៃ​ ឬ​ក្រពើ​ត្រី​ដែល​​ភាសា​អង់គ្លេស​ហៅ​ថា​ Siamese Crocodile ​​ជា​ប្រភេទ​ក្រពើ​ជិត​ផុត​ពូជ​ហើយ​ត្រូវ​បាន​ចុះ​បញ្ជី​​ក្រហម​​ដោយ​អង្គការ​ IUCN។ ប្រភេទ​ក្រ​ពើ​នេះ​កំពុង​បាត់បង់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ហើយ​បើ​គិត​មក​​ដល់​ពេល​នេះ​ នៅ​លើ​ពិភពលោក​មាន​ក្រពើ​នេះ​តែ​ប្រមាណ​ ៤១០​ក្បាល​ប៉ុណ្ណោះ​រស់​នៅ​ក្នុង​ប្រទេស​ ​កម្ពុជា​ ឥណ្ឌូណេស៊ី ថៃ​ និង​វៀតណាម។ ដោយ​ឡែក​ សម្រាប់​ប្រទេស​កម្ពុជា​ គឺ​មាន​ប្រមាណ​ពី​ ១០០​ ទៅ​ ៣០០​ក្បាល​ដែល​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ជា​តំបន់​អភិរក្ស​ក្រពើ​ត្រី​យ៉ាង​សំខាន់។ ​​​​​​ ​លោក អ៊ិន ហ៊ុល មន្ត្រី​សម​ភាគី​រវាង​រដ្ឋបាល​ជលផល និង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) បាន​មានប្រសាសន៍​ថ្លែង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​ថា​ ៖« ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​មែន​ទែន​ដែល​បាន​រក​ឃើញ​សំបុក​ពង​ក្រពើ​ត្រី​នេះ​ព្រោះ​ថា​ កន្លង​ទៅ​យើង​រក​ឃើញ​តែ​ដាន​ជើង​ និង​អាចម៍​​វា​ប៉ុណ្ណោះ។ ​នេះ​ជា​សំបុក​ពងក្រពើ​ត្រី​ទី​១​ហើយ​ដែល​ក្រុម​អភិរក្ស​បាន​រក​ឃើញ​សម្រាប់​រយៈពេល​៦​ឆ្នាំ​ចុង​ក្រោយនេះ​។ ដើម្បី​បញ្ចៀស​ហានិភ័យ​នានា ក្រុម​អ្នក​អភិរក្ស​បាន​យក​ពួកវា​មកកាន់​ទីតាំង​មាន​សុវត្ថិភាព​ដើម្បី​ធ្វើការ​ភ្ញាស់ និង​តាមដាន​ពី​កា​រវិ​វ​ត្តិ​ន៍​របស់​ពួកវា»​៕​​
ដោយ៖  យោធិន​
X
5s