តើការពិតគឺជាអ្វី ?
តើការពិតគឺជាអ្វី ? តើការពិតមានរូបភាពដូចម្ដេច ? តើអ្នកយល់ថា រូបរាងឬពណ៌ដែលតំណាងវត្ថុអ្វីមួយ ដែលភ្នែកអ្នកមើលឃើញ គឺដូចទៅនឹងលក្ខណៈពិតរបស់វត្ថុនោះមែនទេ ? តើអ្នកអាចដឹងយ៉ាងដូចម្ដេចបានថាអ្វីដែលអ្នកមើលឃើញគឺសុទ្ធតែជាការពិត ? តាមពិតទៅវាប្រហែលជាមិនមែនសាមញ្ញឬធម្មតាដូចអ្វីដែលអ្នកធ្លាប់គិតថាបែបនេះនោះទេ។
ក្នុងចំណោមញាណទាំង៥របស់មនុស្ស មនុស្សយើងអាស្រ័យទៅលើចក្ខុវិញ្ញាណឬភ្នែកលើសពីញាណផ្សេងៗដទៃទៀត ដើម្បីប្រមូលយកទិន្នន័យជុំវិញខ្លួន។ មនុស្សយើងរាល់គ្នាពឹងផ្អែកទៅលើប្រព័ន្ធប្រសាទដើម្បីបង្កើតពិភពនៃការពិតរបស់ខ្លួនឡើង ឬមានន័យថាអ្នកអាចដឹងថាផ្លែប៉ោមដែលនៅលើតុមួយនោះជាពណ៌ក្រហមឬបៃតង គឺអាស្រ័យទៅលើប្រព័ន្ធប្រសាទរបស់អ្នកជាអ្នកបកស្រាយព័ត៌មាននិងបញ្ជូនព័ត៌មាននោះទៅកាន់ខួរក្បាល លុះចុងក្រោយក៏មកដល់អ្នកជាអ្នកទទួលដឹងថាផ្លែប៉ោមមួយនោះមានពណ៌អ្វី។
នៅពេលដែលភ្នែកអ្នកដាក់សម្លឹងមើលលើរូបភាពអ្វីមួយ អ្នកមិនអាចទទួលបានទិន្នន័យសព្វគ្រប់ជ្រុងជ្រោយទាំងអស់ក្នុងរូបភាពមួយនោះទេ ហើយអ្វីដែលអ្នកមើលឃើញក៏មិនប្រាកដថារូបភាពពិតប្រាកដនៅខាងក្រៅគឺពិតដូចនឹងអ្វីដែលខួរក្បាលបញ្ជូនទិន្នន័យមកឲ្យអ្នកដឹងនោះដែរ។ អ្វីដែលអ្នកយល់ថាជាការពិត គ្រាន់តែជាការពិតដែលត្រូវបង្កើតឡើងដោយម៉ាស៊ីនដ៏ឈ្លាសវៃមួយ ដែលដំណើរការណ៍ក្នុងទីងងឹតរុំព័ទ្ធដោយលលាដ៍ក្បាល ដែលជាខួរក្បាលនេះប៉ុណ្ណោះ។ វាមិនមែនជាអ្នកដែលមើលឃើញការពិតកើតឡើងនៅខាងក្រៅនោះទេ ប៉ុន្តែអ្នកអាចដឹងអ្វីៗនៅខាងក្រៅបានក៏អាស្រ័យទៅលើទំនាក់ទំនងដែលខួរក្បាលមានជាមួយញាណទាំង៥របស់អ្នកជាមួយអ្វីៗនៅជុំវិញខ្លួននេះដែរ។
ដើម្បីអាចយល់បានថាហេតុអ្វីបានជាវាដូច្នេះ អ្នកត្រូវចាំបាច់យល់ពីដំណើរការណ៍ដែលចក្ខុប្រសាទទទួលយកព័ត៌មានពីខាងក្រៅ និងទំនាក់ទំនងវាជាមួយខួរក្បាល។ ព្រះអាទិត្យបញ្ចេញកាំរស្មីអេឡិចត្រូម៉ាញេទិចជា៧ពណ៌។ កាំរស្មីនីមួយៗបណ្ដេញគ្នាចាប់ពីជំហានរលកទាបជាងគេ តែមានថាមពលខ្លាំងនិងប្រេកង់ខ្ពស់ជាងគេ រហូតទៅជំហានរលកវែងជាងគេ តែមានថាមពលខ្សោយនិងប្រេកង់ទាបជាងគេ។ ដូច្នេះ បើកាលណាជំហានរលកកាន់តែទាប នោះថាមពលនិងប្រេកង់របស់កាំរស្មីក៏នឹងកើនឡើងដូចគ្នាដែរ ដែលនេះគឺជាកាំរស្មីហ្កាម៉ា ដែលផ្ដល់គ្រោះថ្នាក់ខ្លាំងជាងគេនេះឯង។
ភ្នែករបស់មនុស្ស អាចមើលឃើញបានត្រឹមតែ១ភាគតូចនៃកាំរស្មីទាំង៧ប្រភេទរបស់ព្រះអាទិត្យប៉ុណ្ណោះ ដែលជាកាំរស្មីដែលអាចឲ្យយើងមើលឃើញវត្ថុអ្វីមួយថាជាពណ៌នេះឬពណ៌នោះនេះឯង។ ញាណដែលមានដែនកំណត់របស់យើងនេះមិនមានសមត្ថភាពអាចមើលឃើញនូវកាំរស្មីX កាំរស្មីmicrowave ឬកាំរស្មីហ្កាម៉ានោះឡើយ បើទោះជាវាឆ្លងកាត់មកប៉ះខ្លួនយើងគ្រប់ពេលក៏ដោយ។ នៅពេលកាំរស្មីអេឡិចត្រូម៉ាញេទិចទាំង៧នេះចាំងចំវត្ថុណាមួយ វត្ថុនោះនឹងស្រូបយកពណ៌កាំរស្មីមួយចំនួន ហើយវានឹងឆ្លុះត្រឡប់កាំរស្មីដទៃទៀតទៅវិញ ដែលពណ៌នៃកាំរស្មីដែលវត្ថុមួយនេះឆ្លុះត្រឡប់នេះហើយ ដែលភ្នែកយើងអាចមើលឃើញថាវត្ថុនេះមានពណ៌អ្វីនោះ។ នៅពេលពន្លឺចូលមកប៉ះភ្នែក ដំណាក់កាលដំបូងបង្អស់ដែលវាត្រូវឆ្លងកាត់នោះគឺជាករនេរបស់ភ្នែក ដែលជាស្រទាប់ក្រៅបង្អស់របស់គ្រាប់ភ្នែក និងការពារភ្នែកពីកម្ទេចធូលីផ្សេងៗ។ បន្ទាប់មកនៅចំកណ្ដាលគ្រាប់ភ្នែក ដែលជាផ្នែកមូលពណ៌ខ្មៅ គឺជាកូនក្រមុំ និងពណ៌ដែលនៅជុំវិញវាគឺជាប្រស្រីភ្នែក។ ប្រស្រីភ្នែកអាចបង្រួមឬពង្រីកអាស្រ័យទៅលើកម្រិតនៃពន្លឺដែលចាំងចូលមកភ្នែក។ បើពន្លឺខ្លាំង វានឹងរួមតូច ដើម្បីកាត់បន្ថយកម្រិតពន្លឺកុំឲ្យចាំងប៉ះមកកូនក្រមុំខ្លាំងពេក ហើយវានឹងរីកធំ នៅទីខ្វះពន្លឺ ដើម្បីឲ្យអ្នកអាចមើលឃើញអ្វីមួយបាន។
ចំណុចសំខាន់របស់ចក្ខុប្រសាទ ដែលស្ថិតនៅខាងក្រោយចក្ខុប្រសាទ គឺជារ៉េទីន ដែលជាអ្នកបម្លែងពន្លឺទៅជារូបភាព ដែលអ្នកមើលឃើញរាល់ថ្ងៃនេះ។ វាអាចបម្លែងជារូបភាពបានក៏ដោយសារតែវាមាននូវណឺរ៉ូនដែលមាននាទីឆ្លើយតបនឹងពន្លឺ ដែលគេហៅថា photoreceptor និងត្រូវបានបែងចែកជាពីរប្រភេទ ដែលមានកោសិកាដំបងឆ្លើយតបនឹងពន្លឺសខ្មៅ និងកោសិកាកោណឆ្លើយតបនឹងពន្លឺខ្លាំង។ photoreceptor នឹងទទួលយកពន្លឺក្នុងទម្រង់ជាសញ្ញាណអគ្គិសនី រួចបញ្ជូនទៅកាន់អុបទិកប្រសាទ ដែលជាប្រព័ន្ធប្រសាទមាននាទីបញ្ជូនព័ត៌មានទាំងនេះទៅកាន់ខួរក្បាល ដែលអាចឲ្យអ្នកមើលឃើញរូបភាពនោះឯង។ ប៉ុន្តែ ក្នុងកោសិកាកោណមានកោសិកា៣ប្រភេទ ដែលប្រភេទនីមួយៗឆ្លើយតបនឹងជំហានរលករបស់ពន្លឺទៅតាមកម្រិតផ្សេងៗពីគ្នា។ កោសិកា៣ប្រភេទទាំងនេះមានដូចជា S-cones ដែលឆ្លើយតបនឹងជំហានរលកខ្លី M-cones ឆ្លើយតបនឹងជំហានរលកមធ្យម និងL-cones ឆ្លើយតបនឹងជំហានរលកវែង។
ប្រព័ន្ធប្រសាទរបស់មនុស្សម្នាក់ៗមិនដូចគ្នានោះទេ ដូច្នេះពិភពខាងក្រៅដែលមនុស្សម្នាក់ៗទទួលបទពិសោធន៍ក៏មិនដូចគ្នាដែរ។ ជំហានរលកនៃពន្លឺដែលមានចំនួន៥៧៩ណាណូម៉ែត្រ(៥៧៩nm)ដូចគ្នា ប៉ុន្តែម្នាក់អាចមើលឃើញថាវាជាពណ៌បៃតង និងម្នាក់ទៀតអាចមើលឃើញថាវាមានពណ៌បៃតងលាយខៀវបន្តិច។ នេះកើតឡើងដោយសារតែភាពខុសគ្នាក្នុងកោសិកាកោណរបស់ពួកគេ។
មានអ្នកខ្លះកើតមកពិការភ្នែកពីកំណើត ដែលធ្វើឲ្យពួកគេរស់នៅពេញមួយជីវិតយល់ថាពិភពលោកនេះមានតែពណ៌ខ្មៅងងឹតបែបនេះប៉ុណ្ណោះ។ បើអ្នកសួរពួកគេថាតើពួកគេពិបាកទេ ? សម្រាប់អ្នកមិនធ្លាប់មើលឃើញជាមួយពន្លឺបែបនេះ វាមិនពិបាកសម្រាប់ពួកគេនោះទេ ហើយពួកគេថែមទាំងជឿថាពិភពពណ៌ខ្មៅនេះជាការពិតទៀតផង។ នេះក៏ដោយសារតែខួរក្បាលរបស់ពួកគេបកស្រាយព័ត៌មានបែបនេះ។ ដូច្នេះហើយការពិតគ្រាន់តែជាការបង្កើតឡើងដោយខួរក្បាលរបស់អ្នកប៉ុណ្ណោះ៕
ដោយ៖ ស្រីពៅ