តើចម្ការផ្លែមាក់ប្រាងអាចប្រែក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្មបច្ចេកវិទ្យាដែលគេស្គាល់ថា Silicon Valley នេះយ៉ាងដូចម្ដេច ?
ជាមជ្ឈមណ្ឌលដ៏តូចមួយសម្រាប់ឧស្សាហកម្មបច្ចេកវិទ្យាទំនើប ដែលបានផ្លាស់ប្ដូរប្រវត្តិសាស្ត្រមនុស្សជាតិចាប់តាំងពីពាក់កណ្ដាលសតវត្សទី២០ បានប្រែក្លាយពីតំបន់ដែលធ្លាប់តែល្បីឈ្មោះចំពោះការនាំចេញផ្លែមាក់ប្រាងដ៏ច្រើនជាងគេបំផុតមួយ រហូតបានក្លាយជាផ្ទះកំណើតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាពិភពលោកដូចជា Apple, Google, Tesla, Microsoft និង Facebook ជាដើម ជាតំបន់មួយដែលត្រូវបានគេស្គាល់ថា Silicon Valley ដែលស្ថិតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ហើយក៏ជាទីតាំងមួយដែលមហាវិទ្យាល័យដ៏មានកិត្យានុភាពបំផុតមួយរបស់អាមេរិកដែលជា Stanford University ស្ថិតនៅផងដែរ។
ឥឡូវនេះ មជ្ឈមណ្ឌលឧស្សាហកម្មបច្ចេកវិទ្យាដែលអ្នកស្គាល់នេះបង្កើតចំណូលរបស់ខ្លួនក្បែរនឹង៣ពាន់ពាន់លានដុល្លារទៅហើយ។ តើប្រវត្តិសាស្ត្ររបស់តំបន់មួយដែលធ្លាប់តែមានឈ្មោះជាចម្ការដាំដុះនិងនាំចេញផ្លែមាក់ប្រាង អាចប្រែក្លាយជាកន្លែងដែលប្រមូលផ្ដុំទៅដោយអ្នកមានទេពកោសល្យនិងពោរពេញដោយគំនិតច្នៃប្រឌិតផ្លាស់ប្ដូរមុខមាត់ថ្មីរបស់ពិភពលោកនេះយ៉ាងដូចម្ដេចបាន ?
ដំណើររឿងចាប់ផ្ដើមក្នុងអំឡុងពាក់កណ្ដាលទសវត្សឆ្នាំ១៨០០ ដែលកំពង់ផែយោធារបស់ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូបានជំរុញឲ្យមានការកកើតឡើងនូវឧស្សាហកម្មទូរលេខនិងវិទ្យុសម្រាប់ការប្រាស្រ័យទាក់ទងគ្នារបស់យោធា។ នៅក្នុងឆ្នាំ១៩០៩ លោក Charles Doc Herrold បានបង្កើតស្ថានីយវិទ្យុដ៏ដំបូងបំផុតរបស់អាមេរិក នៅឯទីក្រុង San Jose នៃរដ្ឋកាលីហ្វ័រញ៉ា។ នៅពេលកងទ័ពទាហានជើងទឹករបស់អាមេរិកបានទិញយកតំបន់ Moffett Field នៅឆ្នាំ១៩៣៣ សម្រាប់ជាចំណតឧទ្ធម្ភាគចក្រ The USS Macon តំបន់មួយនេះក៏បានជំរុញឲ្យមានការចាប់កំណើតឡើងនូវឧស្សាហកម្មផលិតឧទ្ធម្ភាគចក្រ និងទាក់ទាញអ្នកវិទ្យាសាស្ត្រនិងអ្នកស្រាវជ្រាវឲ្យមកបំពេញកិច្ចការស្រាវជ្រាវរបស់ពួកគេផងដែរ។
ឆ្នាំ១៩៣៩ មជ្ឈមណ្ឌលស្រាវជ្រាវរបស់Ames (Ames Research Center) ត្រូវបានបង្កើតឡើងក្នុងគោលដៅបម្រើការជាទីពិសោធន៍សម្រាប់គណៈកម្មាធិការជាតិប្រឹក្សាយោបល់របស់អវកាស (National Advisory Committee for Aeronautics) ហើយមកទល់បច្ចុប្បន្ននេះវាបានក្លាយជាកន្លែងមួយដែលទទួលខុសត្រូវទៅលើកិច្ចការវិទ្យាសាស្ត្រកុំព្យូទ័រជាច្រើនរបស់អង្គការអវកាសNASA។ ក្នុងឆ្នាំដដែលនេះ ក្រុមហ៊ុនកុំព្យូទ័រដ៏ល្បីឈ្មោះHP ដែលអាចជាផលិតផលកុំព្យូទ័រដែលអ្នកកំពុងតែប្រើប្រាស់នេះ ត្រូវបានបង្កើតឡើង ជាមួយនឹងឈ្មោះHPនេះមកពីស្ថាបនិកពីររូប គឺលោក William Hewlett និងលោក Dave Packard។ បើទោះជាឥឡូវនេះHPជាក្រុមហ៊ុនកុំព្យូទ័រក៏ពិតមែន ប៉ុន្តែគោលដៅរបស់ពួកគេដំបូងឡើយគឺជាការបង្កើតអេក្រង់ ហើយប្ដូរទៅរកការផលិតបច្ចេកវិទ្យារ៉ាដានិងកាំភ្លើងធំ នៅអំឡុងសង្គ្រាមលោកលើកទី២ ដែលនៅរាល់ពេលគេនិយាយពីកុំព្យូទ័រ គេតែងសំដៅលើម៉ាស៊ីនដែលមានទំហំប៉ុនបន្ទប់នេះឯង។
ប្រវត្តិសាស្ត្ររបស់ចម្ការមាក់ប្រាងផ្លាស់ប្ដូរជាមជ្ឈមណ្ឌលបច្ចេកវិទ្យាល្បីល្បាញចំពោះការផលិតស៊ីលីស្យូម (silicon) ដែលឈ្មោះ Silicon Valley នេះបង្ហាញមុខដំបូងនៅលើទំព័រសារព័ត៌មានប្រចាំតំបន់មួយរបស់អាមេរិកនៅឆ្នាំ១៩៧១ ដែលស៊ីលីស្យូមគឺជាវត្ថុធាតុដើមដែលជាមូលដ្ឋានគ្រឹះសម្រាប់ផលិតsemiconductor ដែលជាឧបករណ៍ដ៏តូចមួយប្រើប្រាស់ក្នុងឧបករណ៍អេឡិចត្រូនិក សម្រាប់ឲ្យចរន្តអគ្គិសនីនិងកម្ដៅឆ្លងកាត់វាបាន បានចាប់ផ្ដើមជាមួយនឹងអ្នកវិទ្យាសាស្ត្រសញ្ជាតិអង់គ្លេសនិងជាម្ចាស់ពានរង្វាន់ណូបែល លោក William Shockley ជាមួយនឹងការបង្កើតត្រង់ស៊ីស្ទ័រ (transistor) អំឡុងទសវត្សឆ្នាំ១៩៤០ ក្នុងបន្ទប់ពិសោធន៍ Bell Laboratories។ ប៉ុន្តែក្នុងឆ្នាំ១៩៥៥ លោកក៏បានបំបែកខ្លួនចេញហើយងាកមកបង្កើតក្រុមហ៊ុនផលិតsemiconductorរបស់ខ្លួន ដែលមានឈ្មោះថា Shockley Semiconductor Laboratories និងបានជួលសិស្សទើបបញ្ចប់ការសិក្សាពី Stanford University ជាច្រើនមករួមការងារជាមួយ។
[caption id="attachment_42662" align="aligncenter" width="600"] www.investopedia.com[/caption]
ឆ្នាំ១៩៥៧ ក្នុងចំណោមបុគ្គលិកទាំងអស់ បុគ្គលិក៨នាក់បានចាកចេញពីក្រុមហ៊ុនរបស់លោក និងទៅចាប់ដៃសហការជាមួយសហគ្រិន Sherman Fairchild ដើម្បីបង្កើតក្រុមហ៊ុន Fairchild Semiconductor ហើយពួកគេត្រូវបានលើកសរសើរជាមួយនឹងស្នាដៃកុំព្យូទ័រដែលមានទំហំតូចជាងមុន ដំណើរការណ៍លឿនជាងមុន និងមានតម្លៃថោកជាងមុន។ ក៏ជាសមត្ថភាពដ៏មានទេពកោសល្យរបស់ពួកគេនេះដែរ ដែលបានជួយអង្គការអវកាសNASAក្នុងឧបករណ៍កុំព្យូទ័រសម្រាប់គម្រោងដ៏ជោគជ័យរបស់ពួកគេក្នុងការបញ្ជូនមនុស្សទៅកាន់ឋានព្រះចន្ទដំបូងបង្អស់។
បុគ្គលិកទាំង៨នាក់នេះបានចូលរួមបង្កើតការងារជាច្រើនក្នុង Silicon Valley ដែលក្នុងនោះមានលោក Robert Noyce លោក Gordon Moore និងលោក Andrew Grove បានចាកចេញពីក្រុមហ៊ុន Fairchild Semiconductor និងបង្កើតក្រុមហ៊ុន Intel ក្នុងឆ្នាំ១៩៦៨។
មិនយូរប៉ុន្មានក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗបានរីកដុះដាលជាបន្តបន្ទាប់ក្នុងអំឡុងទសវត្សឆ្នាំ១៩៨០ ដូចជា National Semiconductor, Apple Computer, Atari, LSI Logic និង Cypress Semiconductor សុទ្ធតែមានកំណើតនៅតំបន់ Silicon Valley ទាំងអស់ ហើយចាប់ពីពេលនោះមកវាក៏ត្រូវបានគេទទួលស្គាល់ទូលំទូលាយជាឈ្មោះនៃមជ្ឈមណ្ឌលមួយសម្រាប់ឧស្សាហកម្មកុំព្យូទ័រ។ ក្នុងទសវត្សឆ្នាំ១៩៩០ យើងក៏ឃើញមាន eBay, Yahoo, PayPal និងGoogle ហើយទសវត្សបន្ទាប់ក៏មានការចូលរួមពីបណ្ដាញសង្គមយក្ស Facebook, Twitter, Uber និង Tesla៕
ដោយ៖ ស្រីពៅ