សញ្ញាណ៤យ៉ាងដែលបញ្ជាក់ថាអ្នកកំពុងលះបង់ខ្លួនឯងហួសហេតុក្នុងទំនាក់ទំនងជាមួយដៃគូ
តើការចាប់ដៃគ្នាកសាងអនាគតជាមួយដៃគូជីវិតរបស់អ្នកចាំបាច់ទាមទារនូវការលះបង់មែនទេ ? ត្រឹមត្រូវហើយដើម្បីទៅឲ្យដល់គោលដៅរួមជាមួយគ្នាបាន លុះត្រាណាតែអ្នកទាំងពីរទម្លាក់ចោលឬលះបង់នូវរឿងមួយចំនួនរបស់ខ្លួន។ ប៉ុន្តែតើអ្នកកំពុងតែលះបង់រឿងត្រឹមត្រូវ ឬជារឿងដែលអ្នកគួរតែលះបង់ឬអត់ដើម្បីដៃគូរបស់អ្នក ? គោលដៅនៃការមានដៃគូមករួមគ្នាកសាងអនាគត គឺដើម្បីភាពល្អប្រសើរនៅក្នុងដំណើរឆាកជីវិតទាំងជាមួយគ្នា និងទាំងរៀងៗខ្លួន។ តែបើទំនាក់ទំនងនេះបែរជាតម្រូវឲ្យអ្វីដែលជាអត្តសញ្ញាណរបស់អ្នក ឬសេចក្ដីសុខរបស់អ្នកត្រូវលះបង់ ក៏ដើម្បីតែសេចក្ដីសុខដៃគូ តើវាស័ក្ដិសមសម្រាប់អ្នកក្នុងការលះបង់វាដែរឬ ? ៤ចំណុចខាងក្រោមជាការបញ្ជាក់ថាអ្នកកំពុងលះបង់ខ្លួនឯងជ្រុលហួសហេតុក្នុងទំនាក់ទំនងរបស់អ្នកហើយ៖
១) អ្នកលះបង់ក្ដីសុបិនរបស់ខ្លួនឯង៖ ទំនាក់ទំនងដ៏ល្អមួយ កើតឡើងនៅពេលដែលមនុស្សទាំងពីរនាក់នៅចាំជួយលើកទឹកចិត្ត និងជំរុញគ្នាឲ្យដល់គោលដៅ ដែលជាក្ដីសុបិនរបស់ម្នាក់ៗក្នុងជីវិត ពុំមែនប្រាប់ឲ្យអ្នកលះបង់វាចោលដើម្បីក្ដីសុខរបស់ភាគីម្ខាងទៀតនោះឡើយ។ បើដើម្បីតែសេចក្ដីសុខដៃគូរបស់អ្នកធ្វើឲ្យអ្នកលះបង់ចោលនូវអ្វីដែលអ្នកចង់បានបំផុត នោះមានន័យថាអ្នកកំពុងតែបាត់បង់ភាពម្ចាស់ការជាអ្នកកាច់ចង្កូតជីវិតខ្លួនឯងហើយ។ សេចក្ដីសុខរបស់អ្នកគឺមកពីខាងក្រៅ ដែលដៃគូរបស់អ្នកជាអ្នកបំពេញ មិនមែនអ្នកខ្លួនឯងនោះទេ។
២) អ្នកតែងយកគំនិតរបស់ដៃគូជាធំជានិច្ច៖ បើសូម្បីតែពេលវេលាជួបជុំជាមួយគ្រួសារនិងមិត្តភ័ក្ដិក៏ត្រូវសុំការអនុញ្ញាតពីដៃគូ បើគេមិនអនុញ្ញាតនោះអ្នកនឹងមិនអាចទៅ នោះអ្នកកំពុងបន្ទាបតម្លៃខ្លួនឯងជ្រុលពេកហើយ។ គេគួរតែជាអ្នកចាំផ្ដល់យោបល់និងដំបូន្មានដល់អ្នក រួចទុកសិទ្ធិឲ្យអ្នកក្នុងការសម្រេចចិត្តដោយខ្លួនឯង ពុំមែនត្រួតត្រាទៅលើជីវិតអ្នកនោះឡើយ។
៣) អ្នកត្រូវធ្វើពុតជាមនុស្សផ្សេងដើម្បីផ្គាប់ចិត្តដៃគូ៖ នេះក៏មិនខុសគ្នាពីការដែលអ្នកលះបង់អត្តសញ្ញាណខ្លួនឯងនោះដែរ។ អ្នកបាត់បង់ទំនុកចិត្តបន្តិចម្ដងៗនៅក្នុងទំនាក់ទំនង ដែលនាំឲ្យបាត់បង់ម្ចាស់ការលើខ្លួនឯង ក៏ព្រោះតែអ្វីៗគឺដៃគូអ្នកជាអ្នកសម្រេចចិត្តជួសអ្នក។ អ្នកត្រូវផ្លាស់ប្ដូរនូវអត្តចរិតរបស់ខ្លួន និងមិនហ៊ានបញ្ចេញលក្ខណៈពិតរបស់ខ្លួនក៏ព្រោះតែខ្លាចប៉ះពាល់ដល់ទំនាក់ទំនងអ្នក។
៤) អ្នកមិនស្ដាប់សំឡេងនៅខាងក្នុងដែលកំពុងប្រាប់អ្នកថាអ្វីមួយមិនត្រឹមត្រូវនោះទេ៖ វាប្រៀបដូចជាអ្នកកំពុងតែរស់នៅក្នុងពិភពមួយផ្សេងទៀតដែលមិនមែនជាពិភពពិតរបស់ខ្លួនឯង នៅពេលអ្នកនៅក្នុងទំនាក់ទំនងជាមួយដៃគូ។ អ្នកមិនខ្វាយខ្វល់ពីសំឡេងដែលបន្លឺប្រាប់អ្នកពីខាងក្នុងមកពីអ្វីមួយដែលមិនសមហេតុផលសម្រាប់អ្នក ហើយមិនហ៊ានសារភាពពីអារម្មណ៍ពិតប្រាប់ទៅដៃគូ និងលាក់ទុកកប់វាចោលទៅវិញ៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ want2discover & huffingtonpost