ចំណុចសែនអាក្រក់ទាំង៣យ៉ាង ដែលអ្នកមិនគួរធ្វើពេលសម្ភាសន៍ការងារ!
អាចថា អ្នកចំណាយពេលយូរដែរ ក្នុងការរៀបចំបែបបទនិងឯកសារដើម្បីធ្វើការងារ។ ហើយពេលនេះគេបានជ្រើសរើសអ្នក ដោយផ្ដល់ឱកាស ឲ្យទៅសម្ភាសន៍តេស្ដសមត្ថភាព។ បើមិនចង់ឲ្យបាត់បង់ឱកាសនេះ អ្នកគួរតែដឹងថាតើមានអ្វីខ្លះដែលអ្នកមិនគួរធ្វើ?
១) និយាយឲ្យច្រើនជាងស្ដាប់៖ ភាគច្រើនណាស់ នៃការសន្ទនា មនុស្សម្នាក់ៗ តែងតែចំណាយ៦០ភាគរយ និយាយតែពីខ្លួនឯង។ តែពេលទៅសម្ភាសន៍ការងារ ចូលអ្នកកុំធ្វើបែបនេះអី។ ដោយអ្នកត្រូវសម្រួលអារម្មណ៍ឲ្យបានល្អ ហើយរង់ចាំតែស្ដាប់សំណួរគេឲ្យបានច្បាស់សិន រួចចាំនិយាយ។
២) កុហក ៖ អ្នកមិនអាចលាក់ពួកគេបានទេ ពីព័ត៌មានមិនពិតដែលអ្នកនិយាយនោះ។ គេអាចមើលទឹកមុខអ្នក រួចក៏ដឹងថា អ្នកកុហកដែរ។ ពេលខ្លះអ្នកមានសមត្ថភាពគ្រប់គ្រាន់ទៅហើយ តែបើសាកតែកុហក គេនឹងគិតថាអ្នកជាបុគ្គលមិនស្មោះត្រង់ ដូចនេះ គេនឹងមិនផ្ដល់ការងារឲ្យអ្នកទេ។
៣) ធ្វើព្រងើយពេលសម្ភាសន៍ហើយ៖ បន្ទាប់ពីសម្ភាសន៍ការងារ ហើយ ភាគច្រើនណាស់ដែលអ្នកតែងតែអង្គុយ រង់ចាំតែសំឡេងទូរស័ព្ទ ឬក៏ សារណាត់ជួប ឲ្យចូលធ្វើការ។ តែកុំភ្លេចថា អ្នកដែលផ្ដល់ការងារឲ្យអ្នកក៏រង់ចាំមើលសារអរគុណពីអ្នកដែរ។ ហើយវាមិនខុសទាស់អីនោះទេ ដោយគ្រាន់តែផ្ញើសារថ្លែងអំណរគុណ ទៅអ្នកដែលបានចំណាយពេលនិយាយជាមួយអ្នក ព្រមទាំងផ្ដល់ឱកាសដល់អ្នកផងនោះ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ entrepreneur.com