អ្នក​​ចិត្តវិទ្យា​ បង្ហាញ​ពី​វិធី​«ធ្វើ​ចិត្ត​ឲ្យ​​ត្រជាក់ចិត្ត​បែប​អ្នក​ឆ្លាត» ពេល​មាន​ជម្លោះ​កើត​ឡើង​



ខឹង​ខុស​ខឹង​ខាត ហើយ​បើ​ពេល​ខឹង​ អ្នកមិន​ចេះ​ទប់​អារម្មណ៍​​ហើយ​នោះ អ្នក​នឹង​ខាត​បង់​កាន់តែ​​ធ្ងន់​។ តាម​ធម៌​ព្រះពុទ្ធ​​ បង្រៀន​ថា «ពៀរ រំងាប់​ដោយ​ការ​មិន​ចង​ពារ»។ តែ​ភាគ​ច្រើន​មនុស្ស​លោក​គឺ​ពិបាក​ណាស់ ក្នុង​ការ​ធ្វើ​អារម្មណ៍​មិន​ចង​ពៀរ​នេះ​។​ តែ​អត្ថបទ​ខាងក្រោម​នឹង​បង្ហាញ​អ្នកពី​វិធី​ខ្លះៗ នាំ​ឲ្យ​ចិត្ត​ត្រជាក់​ ដើម្បី​រំលត់​ភ្លើង​កំហឹង​៖

១)​​ ដកដង្ហើម​ឲ្យ​មួយៗ ៖ ដកដង្ហើម​មួយៗ គឺ​ជា​វិធីសាស្ត្រ​ធ្វើ​ឲ្យ​​ចិត្ត​បាន​ស្ងប់​ រីឯ​អ័រម៉ូន​ស្មុគស្មាញ​ដែល​នាំ​ឲ្យ​អ្នក​ខឹង​ ក៏​ឆាប់​បាត់​បង់​ដែរ​។ របៀប​ធ្វើ​៖ ស្រូប​ខ្យល់​តាម​ច្រមុះ​ រួច​ដក​ដង្ហើម​ចេញ​តាម​មាត់​​សន្សឹមៗ​ ហើយ​ធ្វើ​វា​ឲ្យ​បាន​ ១០​ដង​ទៅ អ្នក​នឹង​មាន​អារម្មណ៍​ធូរស្រាល​ខ្លះ​ហើយ​។

២) ខំ​ស្ដាប់​ឲ្យ​ច្រើនជាង​និយាយ​៖ ពេល​ខឹង មនុស្ស​ម្នាក់ៗ តែង​តែ​ចង់​និយាយ​ដើម្បី​ឲ្យ​គេ​ស្ងាត់​មាត់ ។​ តែ​នេះ​គឺ​ជា​យុទ្ធសាស្ត្រ​ខាត​ច្បាស់ក្រឡែត ព្រោះ​អី គេ​ក៏​ចង់​ឈ្នះ​ហើយ​អ្នក​ក៏​ចង់​ឈ្នះ​។ ដូចនេះ​គឺ​មាន​តែ​ខាត ដោយ​សារ​ភ្លើង​ប៉ះ​ភ្លើង​គឺ​ឆេះ​ទាំង​អស់​​។​ ដូចនេះ​ហើយ​ព្យាយាម​ស្ដាប់​ឲ្យ​ច្រើន​ជាង​និយាយ ពេល​ស្ដាប់​គេ​ចប់​ហើយ​ សឹម​អ្នក បញ្ចេញ​យោបល់​តាម​ក្រោយ​ក៏​មិន​ហួស​ពេល​ដែរ​​។

៣) កុំ​ស្រែក​គំហក​ឬ​និយាយ​ឮ​ៗ​​៖ កំហឹង​ក៏​កើត​ឡើង​ទៅ​តាម​សំឡេង​ធ្ងន់​ឬ​ស្រាល​ដែរ​។ ទោះ​អ្នក​ប្រើ​ពាក្យ​សម្ដី​ឈឺ​កម្រិត​​ណា តែ​បើ​សំឡេង​ស្រាល​ វា​ក៏​មិន​សូវ​អី​។ ចុះ​​បើ​សម្ដី​នោះ​មិនសូវ​ឈឺ​វិញ តែ​សំឡេង​គ្រាន់​តែ​ ឮ​ក៏​ចង់​លួស ព្រលឹង​បាត់​ហើយ​នោះ តើ​គួរ​ធ្វើ​យ៉ាង​ណា​? ហេតុនេះ​ បើ​និយាយ​គ្នា​បាន​ អ្នក​គួរ​តែ​ទម្លាក់​សំឡេង​ចុះ​ខ្លះ​ទៅ ទើប​កំហឹង​ថមថយ​ទៅ​តាម​ហ្នឹង​។​

៤) ចេះ​តែ​យល់​ព្រម​សិន​ទៅ​៖ អាច​​ថា​អ្នក​មាន​ជម្លោះ​ដោយ​​សារ​រឿង​មិន​ត្រូវ​គ្នា​ខ្លះ​។​ តែ​បើ​អ្នក​គ្រាន់​តែ​និយាយ​យល់ព្រម​សិន​ទៅ មិន​ថា​រឿង​នោះ​វា​មាន​សម​យ៉ាង​ណា​ក្ដី​។ ការ​និយាយ​យល់ព្រម​នេះ​គឺ​អាច​ឲ្យ​ម្នាក់ៗ ស្ងប់​ចិត្ត​ ហើយ​ទម្លាក់​កំហឹង​ចុះ​។ បន្ទាប់​មក​ពេល​ចិត្ត​ស្ងប់​ហើយ​នោះ អ្នក​អាច​បើក​តុ​មូល​និយាយ​​​គ្នា​ធម្មតា​វិញ​ហើយ​៕​

​​ប្រែ​សម្រួល​៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ powerofpositivity​.com

X
5s