តើឆាកជីវិតបរាជ័យរបស់អ្នកប្រាជ្ញអាញស្តាញអាចឲ្យអ្នករៀនពីមេរៀនដ៏មានតម្លៃអ្វីខ្លះ ?
ជាក្មេងម្នាក់ដែលចាប់កំណើតមកជាមួយនឹងភាពមិនប្រក្រតីដូចក្មេងដទៃ ភាពមិនប្រក្រតីដែលបង្កជាដំណើរលូតលាស់យឺតយ៉ាវជាងក្មេងដទៃដែលមានអាយុស្របាលគ្នា។ ទាល់តែអាយុបាន៣ឆ្នាំទើបអាចចាប់ផ្ដើមចេះនិយាយ និងស្ទាត់ជំនាញរយៈពេល៧ឆ្នាំក្រោយ។ ជាក្មេងម្នាក់ដែលមិត្តភ័ក្ដិរបស់ឪពុកម្ដាយ សូម្បីតែគ្រូបង្រៀនចាប់ពីថ្នាក់មធ្យមសិក្សារហូតដល់ថ្នាក់មហាវិទ្យាល័យទាយទុកមុនថានឹងមិនបានជោគជ័យអ្វីប៉ុន្មាននៅក្នុងជីវិតនោះឡើយ តែបានតស៊ូឆ្លងផុតហួសរំលងពីអ្វីដែលមនុស្សគ្រប់គ្នាជឿជាក់ថាមិនអាចទៅរួចឲ្យទៅជាអាចទៅរួច និងបានក្លាយជាសទិសន័យដែលគេតែងយកទៅប្រដូចនឹងអ្នកប្រាជ្ញប្រចាំប្រវត្តិសាស្ត្រ ដែលគេស្គាល់ថា អាល់ប៊ឺត អាញស្តាញ នេះឯង។
ភាពអស្ចារ្យនៅក្នុងសមត្ថភាពរបស់អាញស្តាញបានធ្វើឲ្យមនុស្សភាគច្រើនជឿជាក់ថា នេះគឺជាសំណាងមកពីធម្មជាតិរបស់គាត់ ឬដូចគ្នានឹងអត្ថន័យថាភាពឈ្លាសវៃរបស់គាត់គឺជាលទ្ធផលដែលធម្មជាតិបានផ្ដល់ឲ្យគាត់។ យ៉ាងណាមិញ បើយើងចាប់ផ្ដើមសង្កេតសិក្សាពីអំឡុង២ទសវត្សដំបូងក្នុងជីវិតរបស់គាត់ គាត់ត្រឹមតែជាបុគ្គលបរាជ័យមួយរូបដែលគេមិនចាប់អារម្មណ៍តែប៉ុណ្ណោះ ហើយក៏មិនដែលមាននរណាម្នាក់នឹកស្មានដល់ថាបុគ្គលបរាជ័យម្នាក់នេះអាចក្លាយជាបុគ្គលម្នាក់ដែលបានផ្លាស់ប្ដូរការយល់ឃើញពីមុនរបស់មនុស្សលោកទៅលើទំនាញផែនដី ពន្លឺ លំហ និងពេលវេលារបស់ចក្រវាលនេះដែរ។ នៅពេលយើងសង្កេតទៅលើរបៀបនៃការរៀនសូត្ររបស់អាញស្តាញទើបយើងដឹងថា គឺជារបៀបនៃការបង្កើនចំណេះដឹងរបស់គាត់នេះហើយដែលជាចម្លើយបកស្រាយទៅលើអាថ៌កំបាំងនៅពីក្រោយគតិបណ្ឌិតនិងបញ្ញាញាណរបស់គាត់។ នៅអាយុ៥ឆ្នាំ អាញស្តាញទទួលបានត្រីវិស័យមួយពីឪពុក ដែលធ្វើឲ្យគាត់ឆ្ងល់ថាតើអ្វីទៅដែលនាំឲ្យម្ជុលត្រីវិស័យត្រឡប់មកចង្អុលទិសដដែលវិញដូច្នោះ វាប្រាកដជាមានកម្លាំងអ្វីពីខាងក្រៅដែលជំរុញឲ្យវាទៅជារបៀបនេះបាន។ ចាប់ផ្ដើមត្រង់ចំណុចនេះហើយ ដែលភាពងឿងឆ្ងល់ដែលពោរពេញទៅដោយជំនក់ចិត្តដ៏ខ្លាំងក្លាបានបណ្ដុះគ្រាប់ពូជសម្រាប់ដាំដុះនូវចំណេះដឹងពីការពិតនៃចក្រវាលយើងនេះ។ តើអាញស្តាញបណ្ដុះគ្រាប់ពូជនេះយ៉ាងដូចម្ដេច ? គាត់គឺជាសិស្សសាលាម្នាក់ ដែលត្រូវបានគ្រូបង្រៀនរៀបរាប់ថាជាសិស្សកម្ជិល និងមិនអាចសម្រេចជោគជ័យអ្វីធំដុំនៅក្នុងជីវិតឡើយ។ នេះក៏ព្រោះតែគាត់មិនចូលចិត្តពីប្រព័ន្ធអប់រំរបស់សាលា ដែលបង្រៀនពីវិទ្យាសាស្ត្រចាស់កំរិល តម្រូវឲ្យជឿតាមអ្វីដែលបានបង្រៀន និងទាមទារឲ្យទន្ទេញឲ្យចាំនូវការពិតទាំងនោះ។ ចំពោះអាញស្តាញដែលខុសពីក្មេងដទៃ តែងតែឆ្ងល់ហេតុអ្វីបានជាអ្វីមួយទៅជាបែបនេះឬបែបនោះ សង្ស័យថាតើអ្វីដែលកំពុងអះអាងជាការពិតនេះ គឺជាការពិតមែនឬអត់ ធ្វើឲ្យអាញស្តាញបង្កើតរបៀបក្នុងការរៀនសូត្រដោយខ្លួនឯង។ គាត់ធ្លាប់រៀបរាប់ថា៖ "រឿងតែមួយគត់ដែលរំខានដល់ដំណើរការណ៍រៀនសូត្ររបស់ខ្ញុំ នោះគឺជាការអប់រំរបស់ខ្ញុំនេះឯង"។ គាត់ស្វែងរកចំណេះដឹងពិតប្រាកដរបស់ខ្លួននៅក្នុងពេលដែលគាត់នៅជាមួយខ្លួនឯង ដែលអាចឲ្យគាត់អានអត្ថបទស្រាវជ្រាវវិទ្យាសាស្ត្រថ្មីៗរបស់អ្នកវិទ្យាសាស្ត្រកំពូលៗទាំងឡាយបាន។
ក្រោយពេលបញ្ចប់ការសិក្សាពីសាលាដ៏មានកិត្យានុភាពបំផុតមួយរបស់ស្វីស Polytechnic Institute in Zurich មានឈ្មោះជាសិស្សមិនល្អនៅក្នុងសាលាធ្វើឲ្យគាត់មិនត្រូវបានទទួលការអនុញ្ញាតជាគ្រូបង្រៀនកម្រិតទាបនៅទីនោះនោះឡើយ នៅពេលដែលមិត្តរួមថ្នាក់របស់គាត់ទាំងអស់សុទ្ធតែទទួលបានការអនុញ្ញាតនេះ។ ការបដិសេធនេះអាចចាត់ទុកជាសំណាងទៅវិញ ក៏ព្រោះតែបើគាត់ក្លាយជាគ្រូបង្រៀន ម្ល៉េះសមតែការរវល់មមាញឹកនឹងមិនអាចផ្ដល់ឱកាសដល់គាត់រកបានការងារថ្មីជាអ្នកពិនិត្យប័ណ្ណកម្មសិទ្ធិបញ្ញាសម្រាប់ការរកឃើញការច្នៃប្រឌិតថ្មីៗ ដែលជាការងារស្រួលៗមួយសម្រាប់អាញស្តាញ ដែលអាចទុកពេលទំនេរច្រើនសម្រាប់ឲ្យគាត់ស្រមើស្រមៃរិះគិត ដើម្បីស្វែងរកចម្លើយពីអាថ៌កំបាំងរបស់ចក្រវាលរហូតអាចឲ្យគាត់ចេញផ្សាយអត្ថបទអំពីទ្រឹស្ដីដែលផ្លាស់ប្ដូរការយល់ឃើញរបស់ពិភពលោកចំនួន៤របស់គាត់ និងអាចឈ្នះពានរង្វាន់ណូបែលជាមួយការរកឃើញទ្រឹស្ដីphotoelectricនោះដែរ។ រឿងរ៉ាវជីវិតរបស់អ្នកប្រាជ្ញអាញស្តាញអាចឲ្យយើងរៀនសូត្របានថា ជោគវាសនាជីវិតរបស់យើងម្នាក់ៗគឺស្ថិតនៅលើកណ្ដាប់ដៃរបស់យើងខ្លួនឯងនេះឯង ដរាបណាអ្នកមិនបោះបង់ ដើរតាមការជក់ចិត្តនឹងការងឿងឆ្ងល់ពីអ្វីៗដែលមនុស្សទូទៅតែងមិនចាប់អារម្មណ៍និងយល់ថាជាចម្ងល់ឆ្កួតឡប់ ហើយជឿជាក់ទៅលើអ្វីដែលខ្លួនឯងកំពុងធ្វើ។ ខួរក្បាលមនុស្សម្នាក់ៗរៀនតាមវិធីផ្សេងៗពីគ្នា ហេតុនេះអ្នកនឹងក្លាយជាមនុស្សដ៏អស្ចារ្យម្នាក់នៅពេលអ្នករៀនសូត្រតាមរបៀបដែលត្រឹមត្រូវសម្រាប់ខ្លួនឯង។ វាអាស្រ័យទៅលើអ្នក ជាអ្នកស្វែងយល់ពីខ្លួនឯងនិងស្គាល់ខ្លួនឯងជាក់ច្បាស់ពីចំណុចនេះ។ អ្វីដែលធម្មជាតិអំណោយផលមកនៅតែជារឿងត្រឹមត្រូវ ប៉ុន្តែដែនកំណត់របស់អ្នកក្នុងការធ្វើជាម្ចាស់នៃជីវិតខ្លួនឯងក៏ស្ថិតនៅលើអ្នកដែរ៕
ដោយ៖ ស្រីពៅ