ដំណើរការណ៍សារជាតិកាហ្វេអ៊ីននៅក្នុងខួរក្បាលរបស់អ្នក ក្រោយពីការទទួលទាន​



ហេតុអ្វី​ថ្នាំ​ញៀន​មួយ​ប្រភេទ ដែល​ជា​កាហ្វេ​នេះ ទាក់ទាញ​ចំណាប់​អារម្មណ៍​មនុស្ស​ជុំវិញ​ពិភពលោក​មក​ប្រើប្រាស់​ម្ល៉េះ ? តើ​ប្រយោជន៍​អ្វីខ្លះ​ដែល​កាហ្វេ​បាន​ផ្ដល់​ឲ្យ​អ្នក​ទទួលទាន ? ហើយ​នៅ​ពី​ក្រោយ​ប្រយោជន៍​ទាំងនោះ តើ​វា​មាន​ដំណើរការណ៍​ដូចម្ដេច​នៅ​ក្នុង​ខួរក្បាល​របស់​អ្នក ?

សារជាតិ​កាហ្វេអ៊ីន​មិនមែន​មាន​ត្រឹមតែ​នៅ​ក្នុង​កាហ្វេ​នោះ​ទេ វា​ក៏​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ភេសជ្ជៈ​ដ៏​ពេញ​និយម​ប្រភេទ​ដទៃ​ទៀត​ដូចជា​តែ​និង​សូកូឡា​ផង​ដែរ។ សារជាតិ​កាហ្វេអ៊ីន​ជួយ​ដាស់​ស្មារតី​អ្នក​ឲ្យ​មាន​ថាមពល និង​តម្រង់​ការ​ផ្ចង់​អារម្មណ៍​អ្នក​ឲ្យ​បាន​មូល​ល្អ បំបាត់​ភាព​អស់​កម្លាំង​និង​ងងុយគេង ដែល​ជា​មូលហេតុ​ដែល​អ្នក​ធ្វើការ​ភាគច្រើន​តែង​រក​ឃើញ​ថា​ពួកគេ​អាច​ធ្វើការ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ក្រោយ​ពេល​ទទួល​ទាន​ជាតិ​កាហ្វេអ៊ីន។ នេះ​ក៏​ព្រោះ​តែ​វា​ដំណើរការណ៍​បែប​នេះ នៅ​ពេល​អ្នក​ទទួលទាន​វា វា​នឹង​ចូល​ទៅ​មជ្ឈមណ្ឌល​ប្រសាទ​របស់​អ្នក បន្ទាប់​មក​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម ហើយ​ឆ្លងកាត់​ប្លាស្មា និង​ចុងក្រោយ​ចូល​ទៅ​ក្នុង​ខួរក្បាល​របស់​អ្នក។ នៅ​ពេល​ទៅ​ដល់​ខួរក្បាល ម៉ូលេគុល​របស់​កាហ្វេអ៊ីន​បាន​ដើរ​តួ​ជា​អ្នក​រារាំង​កោសិកា​ឆ្លើយតប​ព័ត៌មាន​មិន​ឲ្យ​ទទួល​យក​អាដេណូស៊ីន ដែល​មាន​តួនាទី​បង្កើន​គុណភាព​គេង​របស់​អ្នក។ ហេតុនេះ​ហើយ​ទើប​អ្នក​តែង​មាន​អារម្មណ៍​ស្វាហាប់​និង​ផ្ចង់​អារម្មណ៍​បាន​ល្អ​ជាង​មុន​ក្រោយ​ពី​ទទួល​យក​ជាតិ​កាហ្វេអ៊ីន។ ប៉ុន្តែ នៅ​ពេល​ដែល​អ្នក​ទទួលទាន​ជាតិ​កាហ្វេអ៊ីន​កាន់តែ​ច្រើន នោះ​មានន័យ​ថា​ម៉ូលេគុល​កាហ្វេអ៊ីន​កាន់តែ​ច្រើន​បាន​ទៅ​រារាំង​កោសិកា​ឆ្លើយតប​ព័ត៌មាន​មិន​ឲ្យ​ទទួល​យក​អាដេណូស៊ីន។ នៅ​ពេល​អ្នក​កាន់តែ​រារាំង​ប៉ុណ្ណា អាដេណូស៊ីន​នឹង​បញ្ចេញ​កាន់តែ​ច្រើន​ប៉ុន​នោះ ហើយ​អ្នក​នឹង​ត្រូវការ​កាហ្វេអ៊ីន​បន្ថែម​ទៀត​ដើម្បី​រារាំង​វា​ផង​ដែរ។ ក្នុង​រយៈពេល​វែង វា​នឹង​បណ្ដាល​ឲ្យ​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ដែល​មាន​បញ្ហា​ជាមួយ​ការ​គេង ដែល​ជា​រោគ​គេង​មិន​លក់ ហើយ​ឈឺក្បាល​ធេងធោង​នេះ​ឯង។ ដូច្នេះ​ហើយ​នៅ​រាល់​ការ​ទទួលទាន​ជាតិ​កាហ្វេអ៊ីន អ្នក​គួរ​គិតគូរ​ទទួលទាន​វា​នៅ​ក្នុង​កម្រិត​កំណត់​សម​ល្មម​មួយ​ទើប​ជា​ការ​ប្រសើរ៕

ដោយ៖ ស្រីពៅ

X
5s