គ្រាន់តែអនុវត្តចំណុចទាំងនេះ អ្នកនឹងក្លាយជាអ្នកលក់ដ៏អស្ចារ្យ
ក្នុងជំនួញណាក៏ដោយ ការលក់ផលិតផលគឺដើរតួនាទីយ៉ាងសំខាន់ព្រោះវាជាប្រភពចំណូលរបស់ក្រុមហ៊ុន។ ដូច្នេះហើយ ក្រុមហ៊ុននីមួយៗតែងតែត្រូវការអ្នកផ្នែកលក់ពូកែ ។ ប្រសិនជាអ្នកមិនទាន់មានជំនាញលក់ទេ ចូរកុំបារម្ភអីព្រោះថាជំនាញលក់គឺជាសិល្បៈ នេះមានន័យថានរណាម្នាក់ក៏អាចក្លាយជាអ្នកលក់ដ៏ពូកែបានដែរ។ អនុវត្តគន្លឹះខាងក្រោមនេះ អ្នកនឹងក្លាយជាអ្នកលក់ដ៏អស្ចារ្យ៖
១) ផ្ដល់ទំនុកចិត្តដល់អតិថិជន៖ គ្មាននរណាម្នាក់នឹងទិញផលិតផលរបស់អ្នកឡើយ ប្រសិនពួកគេមិនមានការជឿទុកចិត្តលើក្រុមហ៊ុនរបស់អ្នក។ ដូច្នេះហើយ អ្នកមិនមែនអួតពីផលិតផលដ៏អស្ចារ្យរបស់អ្នកនោះទេ ផ្ទុយទៅវិញ អ្នកត្រូវផ្តល់ការជឿជាក់ ទំនុកចិត្តនិងភាពស្មោះត្រង់ជូនអតិថិជនជាមុនសិន។ ក្រោយអ្នកទទួលបានការទុកចិត្តហើយ ចាំអ្នកបង្ហាញពីអត្ថប្រយោជន៍ឬសារៈសំខាន់របស់ផលិតផលអ្នក។
២) ស្វែងយល់ពីតម្រូវការរបស់អតិថិជន៖ ថ្វីបើអ្នកមានផលិតផលច្រើនសម្រាប់ឲ្យអតិថិជនក្នុងជម្រើសក៏ពិតមែន ប៉ុន្តែការស្វែងយល់ពីតម្រូវការរបស់អតិថិជនទើបជាចំណុចសំខាន់។ ឧទាហរណ៍ថាអតិថិជនចង់ទិញរ៉ូបមួយ។ អ្នកត្រូវស្វែងរកតើអតិថិជនចង់បានរ៉ូបសម្រាប់ទៅពិធីជប់លៀងឬពិធីបុណ្យសពជាដើម។ ការយល់ច្បាស់ពីគោលបំណងរបស់អតិថិជននឹងជំរុញឲ្យអតិថិជនជាវផលិតផលរបស់អ្នក។
៣) យល់ច្បាស់ពីផលិតផលដែលអ្នកលក់៖ អ្នកត្រូវដឹងរាល់ព័ត៌មានទាំងឡាយអំពីផលិតផលដែលអ្នកលក់ឲ្យបានច្បាស់ ព្រោះវានឹងជួយអ្នកប្រៀបធៀបផលិតផលមួយទៅផលិតផលមួយផ្សេងទៀតសម្រាប់អតិថិជន។ ម៉្យាងវិញទៀត អ្នកក៏អាចពន្យល់ព័ត៌មានបានលម្អិត ដែលជួយឲ្យអតិថិជនយល់ច្បាស់ពីផលិតផលក្រុមហ៊ុនអ្នក។
៤) សុំមតិយោបល់ពីអតិថិជន៖ ក្រោយអតិថិជនជាវទំនិញឬសេវាកម្មរបស់អ្នក អ្នកគួរតែស្ទង់មតិពីអតិថិជនតើពួកគាត់ពេញចិត្តនឹងសេវាកម្មដែរឬទេ? តើពួកគាត់មានជួបបញ្ហាអ្វីដែរឬទេ? តើពួកគាត់មានអ្វីចង់កែប្រែដែរឬទេ? ការសុំមតិយោបល់ពីអតិថិជនមិនត្រឹមតែពង្រឹងកេរ្តិ៍ឈ្មោះក្រុមហ៊ុននិងគុណភាពផលិតផលនោះទេ ថែមទាំងបង្ហាញថាក្រុមហ៊ុនយកចិត្តទុកដាក់នឹងអតិថិជនថែមទៀងផង៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ wikihow.com