ហេតុអ្វីពេលវេលា២៤ម៉ោងដូចគ្នា តែអាចធ្វើឲ្យបុគ្គលម្នាក់ជោគជ័យ ឯម្នាក់ទៀតនៅតែបរាជ័យ ?
នៅក្រោមភពផែនដីតែមួយ បុគ្គលជោគជ័យក៏ដោយបុគ្គលបរាជ័យក៏ដោយសុទ្ធតែមានពេលតែ២៤ម៉ោងដូចគ្នា។ មិនមែនដោយសារតែបុគ្គលជោគជ័យ ជោគជ័យដោយសារតែមានពេលលើសពី២៤ម៉ោងពីបុគ្គលបរាជ័យនោះទេ ភាពខុសគ្នាស្ថិតនៅត្រង់ថាតើអ្នកទាំងពីរនេះប្រើប្រាស់ពេលវេលាដែលមាន២៤ម៉ោងដូចគ្នានេះយ៉ាងដូចម្ដេច ? សម្រាប់បុគ្គលដែលមិនចេះប្រើប្រាស់ពេលវេលា បើទោះជាមានពេលលើសពី២៤ម៉ោងក៏ពួកគេនៅតែបរាជ័យដដែល។ ដោយឡែក ពេលវេលា២៤ម៉ោងសម្រាប់អ្នកចេះប្រើប្រាស់ វានឹងនៅតែធ្វើឲ្យពួកគេសម្រេចកិច្ចការរបស់ខ្លួនបានដោយជោគជ័យ។
ការចេះប្រើប្រាស់ពេលវេលា ឬជាការគ្រប់គ្រងពេលវេលានេះ ត្រូវចាប់ផ្ដើមពីសំណួរមួយជាមុនសិន តើអ្វីទៅដែលសំខាន់បំផុតសម្រាប់អ្នក ? ទាល់តែអ្នកដឹងថាអ្វីខ្លះសំខាន់សម្រាប់ខ្លួនឯង ទើបអ្នកអាចគ្រប់គ្រងពេលវេលា២៤ម៉ោងនៅក្នុងដៃរបស់អ្នកយ៉ាងមានប្រសិទ្ធភាពបាន។ បញ្ហារបស់មនុស្សភាគច្រើនដែលរអ៊ូរទាំថាមានពេលមិនគ្រប់គ្រាន់ នោះក៏ដោយសារតែពួកគេមិនដឹងថាអ្វីសំខាន់ពិតប្រាកដនេះឯង បែងចែកមិនដាច់ថាអ្វីជាកិច្ចការបន្ទាន់តែសំខាន់ អ្វីជាកិច្ចការបន្ទាន់តែមិនសំខាន់ទាល់តែសោះ អ្វីជាកិច្ចការសំខាន់ហើយបន្ទាន់ ហើយអ្វីទៅដែលសំខាន់ពិតប្រាកដបើទោះជាមិនបន្ទាន់ក្ដី។ បុគ្គលជោគជ័យមិនមែនត្រឹមតែដឹងពីភាពខុសគ្នារវាងកិច្ចការទាំងនេះហើយបំពេញកិច្ចការងារទាំងអស់នេះដោយខ្លួនឯងនោះឡើយ។ វាមិនមែនជាការប្រឹងប្រែងធ្វើការឲ្យកាន់តែខ្លាំងនោះទេ តែប្រឹងប្រែងធ្វើការឲ្យកាន់តែឆ្លាតវៃជាងមុន។
ឆ្លាតវៃយ៉ាងដូចម្ដេច ? នៅពេលបុគ្គលជោគជ័យអាចបែងចែកភាពខុសគ្នាទៅលើកិច្ចការទាំងអស់របស់ពួកគេហើយ នោះពេលវេលា២៤ម៉ោងគឺនៅក្នុងដៃពួកគេហើយ ពួកគេគ្រប់គ្រងទៅលើពេលវេលា២៤ម៉ោងរបស់ខ្លួន ពុំមែនពេលវេលា២៤ម៉ោងគ្រប់គ្រងពួកគេនោះឡើយ។ ដូច្នេះ ពួកគេដឹងថាកិច្ចការសំខាន់ ទោះបន្ទាន់ក៏ដោយមិនបន្ទាន់ក៏ដោយ គឺត្រូវការវត្តមាននិងការយកចិត្តទុកដាក់របស់ពួកគេ។ តួយ៉ាងសំខាន់តែបន្ទាន់ដូចជាមានការងារនៅក្រុមហ៊ុនមានបញ្ហាជាមួយម្ចាស់ភាគហ៊ុន ដែលតម្រូវឲ្យពួកគេចូលរួមការប្រជុំជាបន្ទាន់ ឯសំខាន់តែមិនបន្ទាន់គឺជាពេលវេលាជាមួយក្រុមគ្រួសារជាដើម។
ពួកគេក៏មានតែ២៤ម៉ោងដែរ ហេតុនេះកិច្ចការណាដែលមិនសូវសំខាន់ ទោះបន្ទាន់ក្ដីមិនបន្ទាន់ក្ដី ពួកគេនឹងអាចផ្ទេរការងារទាំងនោះទៅឲ្យអ្នកផ្សេងទទួលជំនួសបាន ហើយពួកគេនឹងអាចផ្ដោតទៅលើការងារសំខាន់របស់ខ្លួនបានយ៉ាងមានប្រសិទ្ធភាពនិងពេញទំហឹងបាន។ បើអ្នកមានផែនការក្នុងដៃច្បាស់លាស់ថាតើក្នុង១សប្ដាហ៍នេះ អ្នកត្រូវធ្វើសកម្មភាពអ្វីខ្លះ នោះអ្នកមិនចាំបាច់ខ្វល់ខ្វាយអ្វីក្រៅពីដើរទៅមុខតាមផែនការដែលបានដៅទុកមុន ជាមួយចក្ខុវិស័យឆ្ពោះទៅគោលដៅជាក់លាក់នោះឡើយ។ អ្នកអាចចំណាយពេលចុងសប្ដាហ៍របស់អ្នក ដើម្បីអង្គុយគិតគូរសរសេរផែនការសម្រាប់១សប្ដាហ៍បន្ទាប់អំពីកិច្ចការសំខាន់ដែលអ្នកត្រូវធ្វើទៅតាមម៉ោងក្នុងថ្ងៃនីមួយៗ ហើយពេលវេលាដែលនៅសេសសល់បន្ទាប់ពីកិច្ចការសំខាន់បានកំណត់ទុកធ្វើសម្រាប់ម៉ោងប៉ុន្មាននៅថ្ងៃណាហើយ នោះចន្លោះដែលសល់នឹងអាចឲ្យអ្នកបត់បែនបានយ៉ាងមានប្រសិទ្ធភាព នៅពេលមានកិច្ចការបន្ទាន់លេចឡើងមក រីឯកិច្ចការសំខាន់ក៏អ្នកបានបំពេញវាដែរ។ ដូច្នេះកុំរអ៊ូរទាំថាអ្នកគ្មានពេលសម្រាប់នេះសម្រាប់នោះ តែចូរគិតថាបុគ្គលជោគជ័យក៏មានពេលស្មើនឹងអ្នកដែរ ហើយងាកមកគិតអំពីកំហុសដែលមានទៅលើរបៀបដែលអ្នកចាយពេលវេលារបស់អ្នកជារៀងរាល់ថ្ងៃវិញទៅ៕
ដោយ៖ ស្រីពៅ