បើគេសុំលេខទូរស័ព្ទអ្នក តែអ្នកមិនចង់ឲ្យ «តើគួរប្រើល្បិចទប់ទល់យ៉ាងណា? »
ប្រសិនបើនរណាម្នាក់ចាប់អារម្មណ៍នឹងអ្នក ចង់បានលេខទូរស័ព្ទដើម្បីចាប់ផ្ដើមទំនាក់ទំនង តែអ្នកមិនចាប់អារម្មណ៍នឹងគេទេ។ តើគួររកវិធីយ៉ាងណាដើម្បីប្រកែកគេ? ខាងក្រោម នេះគឺជាវិធីខ្លះៗ សម្រាប់អ្នកយកទៅសាកល្បង៖
១) និយាយប្រកែកថា«ទេ» ៖ នេះជាវិធីក្ដៅ បើអ្នកគិតថាមិន ចាប់អារម្មណ៍គេហើយ អ្នកប្រាប់គេទៅថា «ខ្ញុំមិនឲ្យទេ»។ ដូចនេះរឿង វានឹងមិនវែងឆ្ងាយ ហើយអ្នកក៏មិនបាច់រកហេតុផលអ្វីច្រើនទៀតដែរ។
២) គួរធ្វើព្រងើយ៖ នេះជាវិធីដែលហាក់ដូចជាទុកមុខមាត់ឲ្យគេខ្លះ។ អ្នកមិនបាននិយាយពាក្យថា អត់ ដោយចំៗទេ តែអ្នកគួរ ធ្វើជាព្រងើយ ឬមួយក៏មិនចាប់អារម្មណ៍ស្ដាប់គេនិយាយតែម្ដង។
៣) កុំសុំទោសឬនិយាយស្លូតៗទៅគេ៖ ពេលខ្លះអ្នកចង់សុំទោស ដោយសារអ្នកបានប្រកែកនឹងការសំណូមពររបស់នរណាម្នាក់។ តែត្រូវចាំថា អ្នកគ្មានកំហុសទេ ព្រោះអីអ្នកមិនបានចាប់អារម្មណ៍នឹងគេផងនោះ។ បើអ្នកព្រមឲ្យលេខទូរស័ព្ទគេ ទាំងដែលអ្នកមិនចង់ឲ្យ នោះទើបជាកំហុស។
៤) ឲ្យលេខក្លែងក្លាយ៖ វិធីនេះ ជាកលល្បិចសាហាវដែរ តែក៏អាចនិយាយបានថាជាវិធីឆ្លាតផងដែរ។ អ្នកមិនបាច់និយាយអីច្រើន ហើយក៏មិនបាច់សុំទោស។ ដោយអ្នកគ្រាន់តែហុចលេខក្លែងក្លាយទៅគេទៅ គឺចប់សព្វគ្រប់។
៥) យកមិត្តដើរតួជាសង្សារសិនទៅ៖ វិធីសាស្ត្រនេះ អាចយកមកប្រើការបាន ហើយមានប្រសិទ្ធភាពទៀត គឺការដើរតួធ្វើជាសង្សារគ្នា ។ តែអ្នកត្រូវប្រាកដថា ការដើរតួក្លែងក្លាយនេះគឺ សម ដើម្បីកុំឲ្យគេយល់ច្រឡំឲ្យសោះ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ wikihow