បើចង់ក្លាយជាអ្នកលក់ពូកែម្នាក់ ត្រូវចងចាំចំណុចស្នូលទាំងនេះដាច់ខាត
ពេលខ្លះ ដើម្បីក្លាយជាអ្នកលក់ដ៏ជោគជ័យម្នាក់នោះ វាហាក់ដូចជាពិបាកនិងមិនងាយទៅរួចឡើយ។ វាជាការងារលំបាក ដែលទាមទារការតាំងចិត្ត ព្រមទាំងការគោរពគ្នាចំពោះខ្លួនឯង និង អតិថិជនផងដែរ។ តើធ្វើយ៉ាងណាទើបក្លាយជា អ្នកលក់ដ៏ពូកែម្នាក់បាន?
១) ជឿជាក់ លើខ្លួនឯងជាមុនសិន៖ ជោគជ័យគឺកើតឡើងទៅបានលុះត្រាអ្នកជឿជាក់ លើខ្លួនឯង។ បើជឿថាខ្លួនអាចធ្វើបានហើយ គ្មានអ្វីដែលថាមិនជោគជ័យទេ ព្រោះអីអ្នកច្បាស់ណាស់ថាអាចធ្វើវាបាន។ ហេតុនេះអ្វីដែលគួរគិតមុនគេ គឺការជឿជាក់ លើខ្លួនឯង ដោយមិនគួរមានគំនិតអវិជ្ជមាន ហើយមើលស្រាលខ្លួនទេ។
២) ត្រូវពូកែយល់ដឹងអ្វីគ្រប់យ៉ាង៖ អ្នកត្រូវតែដឹងថា ផលិតផលអ្នកគឺជាអ្វី? ហេតុអ្វីបាន គេត្រូវមកប្រើប្រាស់ផលិតផលនេះ? ហើយអ្នកត្រូវឆ្លើយយ៉ាងណា ដើម្បីទាក់ទាញចិត្តពួកគេឲ្យមកប្រើផលិតផលអ្នក?
៣) ចេះសន្ទនាជាមួយអតិថិជនដោយយកចិត្តទុកដាក់ ៖ ចង់លក់ផលិតផលបាន ទាល់តែអ្នកហ៊ាន សន្ទនាជាមួយ នឹងអតិថិជន ដោយក្នុងនោះត្រូវចេះប្រើពាក្យពេចន៍ធ្វើយ៉ាងណាឲ្យគេចង់និយាយជាមួយអ្នក។ ការសន្ទនានេះ គឺអាចផ្ដល់ដំណឹងថាតើ អតិថិជនចង់បានអ្វី តើអ្វីទៅដែលពួកគេមិនពេញចិត្ត និងតើ តម្លៃដូចម្ដេចដែលពួកគាត់ចង់ចំណាយលើផលិតផលនោះ?
៤) និយាយពីផលិតផលអ្នកឲ្យបានកាន់តែច្រើនកាន់តែល្អ៖ បើសិនណាអ្នកងាយនឹងឈប់បង្ហាញពីផលិតផលពេក អ្នកមិនអាចទាក់ទាញចិត្ត អតិថិជនឲ្យមកសាកទិញផលិតផលបានឡើយ។ តែបើពេលខ្លះអ្នកនិយាយច្រើនពេក ហើយនិយាយចំអ្វីដែលអតិថិជនចង់ស្ដាប់នោះ ពួកគេអាចនឹងសាកទិញផលិតផល ទោះបីវាមិនចាំបាច់ក្ដី៕ អត្ថបទ៖ ព្រំ សុវណ្ណកណ្ណិកា