ហេតុអ្វីអ្នកគួរនិង មិនគួរផ្សាយផ្ទាល់« Live» តាមហ្វេសប៊ុក?
បច្ចុប្បន្នបន្ថែមឲ្យមុខងារ បង្ហោះសារ ឬ ចែករំលែករូបភាពផ្សេងៗ ហ្វេសប៊ុកក៏មានមុខងារមួយទៀត ដែលអាចឲ្យមនុស្សជាច្រើនអាចផ្សាយផ្ទាល់ ឬ Liveផងដែរ។ ដោយសារតែបែបនេះហើយ បានជារាល់ពេលដែលយើងបើកហ្វេសប៊ុកម្តងៗ មានមនុស្សជាច្រើនបានផ្សាយផ្ទាល់ពីសកម្មភាពរបស់ខ្លួន ក្នុងទម្រង់ផ្សេងៗគ្នា។ ប៉ុន្តែតើហេតុអ្វីអ្នកគួរ ឬ មិនគួរផ្សាយផ្ទាល់« Live» តាមហ្វេសប៊ុក?
បើអ្នកប្រើហ្វេសប៊ុក មិនយល់អំពីវិធីក្នុងការទាញប្រយោជន៍ពីវាទេ នោះមានតែថៅកែហ្វេសប៊ុកប៉ុណ្ណោះដែលទទួលបានប្រយោជន៍ ព្រោះមនុស្សកាន់តែច្រើនលេង ឬ ប្រើវានោះ វាមានន័យស្មើនឹងចំណូលរបស់ក្រុមហ៊ុនយក្សមួយនេះ ក៏កាន់តែកើនឡើងផងដែរ។ ចំពោះការផ្សាយផ្ទាល់« Live»វិញ មានមនុស្សជាច្រើនមិនបានគិតអំពីសារសំខាន់របស់វានោះទេ ហើយបែរជាប្រើវានៅក្នុងផ្លូវមិនល្អឬ មិនសូវមានប្រយោជន៍ចំពោះខ្លួនឯងទៅវិញ។
អ្នកគួរផ្សាយផ្ទាល់« Live» នៅពេលដែលអ្នកចង់ប្រើប្រាស់វា ដើម្បីផ្សព្វផ្សាយអំពីផលិតផល ឬ សេវាកម្មរបស់អ្នក ឬ ធ្វើឡើងក្នុងន័យចែករំលែកចំណេះដឹង បទពិសោធន៍ល្អៗផ្សេងៗដែលខ្លួនមាន ឬ ក៏នៅពេលអ្នកចង់បង្ហាញពីពិធីនិងព្រឹត្តិការណ៍ដែលអ្នកបានចូលរួម ហើយមានមនុស្សជាច្រើនផ្សេងទៀតជាពិសេសមិត្តភ័ក្ដិ និង ក្រុមគ្រួសារមិនបានចូលរួម។ ការធ្វើបែបនេះ គឺពិតជាមានប្រយោជន៍ខ្លាំងណាស់ ទាំងខ្លួនឯង និង អ្នកដទៃ។
ប៉ុន្តែមនុស្សមួយចំនួន បែរជាចូលចិត្តផ្សាយផ្ទាល់« Live» ចំពោះកិច្ចការអត់មានប្រយោជន៍ជាជាច្រើន ដូចជា ផឹកស៊ី ទទួលទានអាហារ ការក្រោកពីគេង ជេរស្ដីអ្នកដទៃ និង ផ្សេងៗទៀត។ រឿងទាំងនេះមិនមានប្រយោជន៍អ្វីនោះឡើយ ព្រោះអ្នកត្រូវខាតពេលវេលា និង ថវិកាលើអ៊ីនធឺណិត ហើយបើអ្នកប្រឡំផ្សាយផ្ទាល់« Live»កំពុងតែធ្វើការនោះ អាចនឹងត្រូវបានថ្នាក់លើស្ដីបន្ទោសផងក៏ថាបាន។ លើសពីនេះទៀត វាអាចនាំមកនូវទំនាស់ផ្សេងៗផងដែរ ប្រសិនបើអ្នកប្រើពាក្យសម្ដីមិនសមរម្យ។
ដូច្នេះហើយ អ្នកត្រូវរកឲ្យឃើញពីគោលបំណងច្បាស់លាស់ក្នុងការផ្សាយផ្ទាល់អំពីសកម្មភាពផ្សេងៗនៅតាមហ្វេសប៊ុក។ កុំផ្សាយផ្ទាល់តាមហ្វេសប៊ុក ដើម្បីគ្រាន់តែចង់ផ្សាយផ្ទាល់ ព្រោះវាជារឿងអត់ប្រយោជន៍ ហើយគេអាចវាយតម្លៃអ្នកបានក្នុងផ្លូវមិនល្អ ជាច្រើនទៀតក៏ថាបាន ស្រួលមិនស្រួលករណីខ្លះអាចនឹងឈានទៅដល់ការប្ដឹងផ្ដល់គ្នាផង៕
ដោយ៖ រតនា វិចិត្រ