តើ Brown Coffee និង Cafe Amazon មួយណាខ្លាំងជាង? តោះមើលលទ្ធផលស្ទង់មតិរបស់ក្លឹបអ្នកវិនិយោគកម្ពុជា
មានការស្ទង់មតិមួយដែលបានរៀបចំឡើងដោយក្លឹបវិនិយោគិនកម្ពុជា (Cambodia Investor Club) ទៅលើហាងកាហ្វេពីរដែលកំពុងល្បីល្បាញសុះសាយ Brown Coffee និង Cafe Amazon អំពីចំណុចបីយ៉ាងសំខាន់គឺ ឥរិយាបថអតិថិជន (consumer behavior) ប្រភេទអតិថិជន (Market Positioning) និង ការវាយតម្លៃទៅលើគុណតម្លៃផលិតផលពីសំណាក់អតិថិជន (Consumer's Value Perception)។
បើយោងតាមទំព័រ Facebook របស់ក្លឹបអ្នកវិនិយោគកម្ពុជាដែលហៅកាត់ថា CIC ការស្ទង់មតិត្រូវបានធ្វើឡើងកាលពីថ្ងៃទី ៦ខែមីនា ឆ្នាំ២០១៧ ដល់ថ្ងៃទី២៥ ខែមីនាឆ្នាំ២០១៧ ខណៈដែលលទ្ធផលនៃការវិភាគនេះត្រូវបានចេញផ្សាយកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅ។
ផ្អែកតាមលទ្ធផល គេសង្កេតឃើញថា៖
១) ឥរិយាបថអតិថិជន (consumer behavior)
-បើគិតជាមធ្យម នៅ Brown អតិថិជនម្នាក់ចំណាយ 4.84ដុល្លារ ចំណែកនៅ Cafe Amazon ចំណាយ 2.98ដុល្លារ
-ភាគរយអតិថិជនដែលចូលចិត្តញ៉ាំនៅក្នុងហាង៖ Brown មាន 77.6%នៃអតិថិជនសរុប និងនៅ Cafe Amazon មាន 41.4%
-ភាគរយអតិថិជនទិញមិនញ៉ាំនៅក្នុងហាង (Take away)៖ Brown មាន 7.5%នៃអតិថិជនសរុប និងនៅ Cafe Amazon មាន 33%
-រយៈពេលដែលអតិថិជនអង្គុយញ៉ាំនៅក្នុងហាង៖ 71.4% នៃអតិថិជនចំណាយពេលជាង ១ម៉ោងអង្គុយនៅក្នុងហាងសម្រាប់ Brown និង 42.7% សម្រាប់Cafe Amazon
២) ប្រភេទអតិថិជន (Market Positioning)
អតិថិជនគោលដៅសំខាន់ជាងគេ៖ សម្រាប់ Brown អ្នកធ្វើការ និងនិស្សិតសាកលវិទ្យាល័យមានចំនួនច្រើនជាង Cafe Amazon ខណៈសិស្សវិទ្យាល័យចូលញ៉ាំនៅ Cafe Amazon ច្រើនជាង Brown។
៣) ការវាយតម្លៃទៅលើគុណតម្លៃផលិតផលពីសំណាក់អតិថិជន (Consumer's Value Perception)
ហេតុផលសំខាន់ដែលធ្វើឱ្យអតិថិជនចូលចិត្តទៅញ៉ាំកាហ្វេទាំងពីរ៖
-នៅ Brown៖ 72% ពេញចិត្តរសជាតិកាហ្វេ, ៥៨% សេវាកម្មល្អ និង ៥៥% ការរចនាហាងទាក់ទាញ
-នៅ Cafe Amazon៖ ៧៨% ថា តម្លៃអាចទទួលយកបាន, ៧៥%ពេញចិត្តរសជាតិកាហ្វេ និង ៥៣% ការរចនាហាងទាក់ទាញ៕