តើអ្វីជាសង្គ្រាមចរន្ត រវាងបិតាអគ្គិសនីដ៏កំពូល តេស្លា និង អេឌីសាន់?
មនុស្សជាតិអាចរីកចម្រើនទៅមុខបានក៏ដោយសារតែការរីកលូតលាស់ឥតឈប់ឈរនូវបច្ចេកវិទ្យានិងឧបករណ៍ទំនើបៗ ហើយបច្ចេកវិទ្យាទាំងនេះមិនថាជាតូចតាចដូចអំពូលភ្លើងក្នុងផ្ទះរបស់អ្នកក៏ដោយ សុទ្ធតែមិនអាចបំភ្លឺឡើងបានដោយគ្មានអគ្គិសនីនោះឡើយ។ នៅលើពិភពលោក គេអាចបង្កើតចរន្តអគ្គិសនីបានតាមរយៈប្រព័ន្ធ២គឺ ចរន្តជាប់ DC និងចរន្តឆ្លាស់ AC។ យ៉ាងណាមិញ មុននឹងមានការសហការគ្នាដ៏ស៊ីមេទ្រីរវាងចរន្តទាំង២នេះ វាគឺជារឿងរ៉ាវផ្ទុះកំហឹងដ៏គួរឲ្យចាប់អារម្មណ៍នាសតវត្សទី១៧រវាងបិតាអគ្គិសនីដ៏កំពូល២រូបដែលជា អេឌីសាន់ និងតេសា្ល។
អំឡុងពេលដំបូងបំផុតនៃការរកឃើញអគ្គិសនី សហរដ្ឋអាមេរិកទាំងមូលត្រូវបានបំភ្លឺដោយប្រើប្រាស់ចរន្តជាប់ (Direct Current ឬ DC) របស់ថូម៉ាស់ អេឌីសាន់ ហើយក៏ជាស្តង់ដាតែមួយគត់របស់អាមេរិកសម្រាប់បង្កើតចរន្តអគ្គិសនីផងដែរ។ ប៉ុន្តែចរន្តជាប់របស់អេឌីសាន់មានចន្លោះប្រហោងមួយ ដែលជាចំណុចខ្វះខាតនោះគឺ ចរន្តជាប់ពុំអាចផ្ទេរចរន្តអគ្គិសនីពីតង់ស្យុងខ្ពស់មកតង់ស្យុងទាប សម្រាប់ចែកចាយទៅប្រើប្រាស់នៅតាមផ្ទះបាននោះឡើយ។ ក្រោយមកចន្លោះប្រហោងនេះ ត្រូវបាននីកូឡា តេស្លាចូលមកបំពេញ និងដោះស្រាយបញ្ហាដ៏ចម្បងមួយនេះ ជាមួយនឹងការរកឃើញរបស់គាត់នូវចរន្តឆ្លាស់ (Alternative Current ឬ AC)។
វាក៏បានបង្កជាការឈ្លោះទាស់ទែងគ្នា ដែលគេហៅថា "សង្គ្រាមនៃចរន្ត" រវាងចរន្តជាប់របស់អេឌីសាន់ និងចរន្តឆ្លាស់របស់តេស្លា។ ដើម្បីអាចរក្សាកេរ្តិ៍ឈ្មោះពីប័ណ្ណកម្មសិទ្ធិបញ្ញាលើចរន្តជាប់មិនឲ្យបាត់បង់ អេឌីសាន់បានបើកការពិសោធន៍ជាសាធារណៈមួយ ដោយសម្លាប់សត្វដោយអគ្គិសនីដែលប្រើប្រាស់ចរន្តឆ្លាស់ ដើម្បីបង្ហាញជាភស្តុតាងអំពីភាពគ្រោះថ្នាក់ដែលចរន្តឆ្លាស់មាន។ ទោះជានៅក្នុងការពិសោធន៍នេះ អេឌីសាន់បានឈ្នះមែន ប៉ុន្តែបញ្ហារបស់ចរន្តជាប់ដែលមិនអាចផ្ទេរចែកចាយថាមពលអគ្គិសនីតាមតំបន់ដាច់ស្រយាលបាន បានផ្ដល់ឱកាសដល់ចរន្តឆ្លាស់របស់តេស្លាចូលមកជំនួសតំណែងវិញ។
តើអ្វីជាភាពខុសគ្នារវាង "ចរន្តជាប់" របស់អេឌីសាន់ និង "ចរន្តឆ្លាស់" របស់តេស្លា ? ភាពខុសគ្នាគឺស្ថិតនៅត្រង់ទិសដៅដែលអេឡិចត្រុងធ្វើដំណើរ។ អាតូមគឺជាម៉ូលេគុលតូចៗដែលបង្កើតអ្វីៗគ្រប់យ៉ាងទាំងអស់។ នៅចំកណ្ដាលរបស់អាតូមនីមួយៗគឺជាណ្វៃយ៉ូ ដែលបង្កឡើងដោយប្រូតុងជាបន្ទុកវិជ្ជមាន និងណឺត្រុងជាបន្ទុកណឺត ឬគ្មានបន្ទុក ហើយអេឡិចត្រុងជាបន្ទុកអវិជ្ជមានធ្វើដំណើរវិលជុំវិញណ្វៃយ៉ូរបស់អាតូមជាស្រទាប់ៗ។ នៅក្នុងអាតូមតែងតែមានចំនួនបន្ទុកវិជ្ជមានស្មើគ្នាជាមួយនឹងបន្ទុកអវិជ្ជមាន។ ក្នុងតារាងខួប លេខអាតូមគឺជារបស់តែមួយជាមួយនឹងចំនួនប្រូតុង(+)និងចំនួនអេឡិចត្រុង(-)របស់ធាតុ ហើយធាតុនីមួយៗខុសពីគ្នាអាស្រ័យនឹងចំនួនប្រូតុងដែលវាមាននេះឯង។ ដោយសារតែអេឡិចត្រុងឬបន្ទុកអវិជ្ជមាននេះ ធ្វើដំណើរវិលជុំវិញណ្វៃយ៉ូជារង្វង់តាមស្រទាប់ ដូចនេះអេឡិចត្រុងដែលស្ថិតនៅស្រទាប់ក្រៅបង្អស់របស់ណ្វៃយ៉ូ គេហៅវាថា អេឡិចត្រុងសេរី ព្រោះនៅពេលមានកម្លាំងពីខាងក្រៅ នោះអេឡិចត្រុងដែលនៅស្រទាប់ខាងក្រៅបង្អស់នេះ នឹងហោះហើរដោយសេរីទៅណ្វៃយ៉ូអាតូមដទៃទៀតដែលនៅក្បែរវា។ សកម្មភាពហោះហើរដោយសេរីរបស់អេឡិចត្រុងអាតូមមួយទៅអេឡិចត្រុងអាតូមដទៃទៀតបន្តបន្ទាប់គ្នាឥតឈប់ឈរនេះឯងដែលបង្កើតបានជា លំហូរអគ្គិសនី ឬចរន្តអគ្គិសនីនេះឯង។ ប៉ុន្តែសកម្មភាពនេះអាចកើតឡើងតែពេលមានកម្លាំងពីខាងក្រៅប៉ុណ្ណោះ។ កម្លាំងពីខាងក្រៅនេះអាចជាបន្ទុកវិជ្ជមានដែលគេបន្ថែមទៅក្នុងខ្សែភ្លើងនៅតាមឧបករណ៍អេឡិចត្រូនិករបស់អ្នក។ យើងដឹងមកហើយថាអាតូមនីមួយៗមានបន្ទុក+ស្មើនឹងបន្ទុក-។ នេះគឺជាគោលការណ៍ធម្មជាតិរបស់អាតូម ដូចនេះនៅពេលយើងបន្ថែមបន្ទុក+ចូលទៅក្នុងខ្សែភ្លើងដែលមានអាតូមនៅក្នុងនោះ តាមធម្មតាបន្ទុក+និងបន្ទុក- នៅពេលជួបគ្នាវានឹងឆក់ទាញគ្នា។ ដូចនេះតាមគោលការណ៍ធម្មជាតិរបស់វា ដើម្បីឲ្យបន្ទុក+និងបន្ទុក-ស្មើគ្នា បន្ទុក-ឬអេឡិចត្រុងសេរីរបស់អាតូមណាមួយនឹងហោះចេញពីណ្វៃយ៉ូរបស់ខ្លួន ហើយឆក់ទាញជាមួយបន្ទុក+ដែលបានបន្ថែមចូលមកនោះ។ នៅពេលនោះ អាតូមមួយនេះនឹងមានបន្ទុក+និងបន្ទុក-មិនស្មើគ្នា គឺបន្ទុក+ច្រើនជាងបន្ទុក-។ តាមគោលការណ៍របស់វាដើម្បីឲ្យបន្ទុកទាំង២ស្មើគ្នា អេឡិចត្រុងសេរីស្រទាប់ក្រៅរបស់ណ្វៃយ៉ូអាតូមផ្សេងទៀតនឹងហោះហើរទៅអាតូមដែលកំពុងតែខ្វះបន្ទុក-នេះ ជាលទ្ធផលអាតូមរបស់វាខ្លួនឯងក៏ខ្វះដូចគ្នា។ ដូច្នេះសកម្មភាពនេះក៏ចេះតែបន្តឥតឈប់ឈរ ដែលបង្កើតជាចរន្តអគ្គិសនីនេះឯង។ ភាពខុសគ្នារវាងចរន្តជាប់និងចរន្តឆា្លស់ គឺជាភាពខុសគ្នារវាងទិសដៅដែលអេឡិចត្រុងសេរីខាងក្រៅធ្វើដំណើរ។ នៅក្នុងចរន្តជាប់ អេឡិចត្រុងធ្វើដំណើរជាខ្សែត្រង់មួយជាប់គ្នារហូត រីឯអេឡិចត្រុងនៅក្នុងចរន្តឆ្លាស់ធ្វើដំណើរឆ្លាស់ទៅវិញទៅមក ដូចជារលកឡើងចុះៗ តាមទិសផ្ទុយពីគ្នា ដូចឈ្មោះវានេះឯង។ [caption id="attachment_44599" align="aligncenter" width="486"] ចរន្តជាប់ www.physics-and-radio-electronics.com[/caption] [caption id="attachment_44600" align="aligncenter" width="484"] ចរន្តឆ្លាស់ www.physics-and-radio-electronics.com[/caption] ចរន្តឆ្លាស់មានគុណសម្បត្តិនៅត្រង់ថា វាអាចផ្ទេរថាមពលអគ្គិសនីពីតង់ស្យុងខ្ពស់ទៅតង់ស្យុងទាប ដើម្បីចែកចាយនៅតាមផ្ទះប្រើប្រាស់នីមួយៗបានចម្ងាយឆ្ងាយបានយ៉ាងមានប្រសិទ្ធភាព ដែលចរន្តជាប់មិនអាចធ្វើបាន។ ប៉ុន្តែនៅក្នុងការប្រើប្រាស់សព្វថ្ងៃ ចរន្តឆ្លាស់និងចរន្តជាប់របស់កំពូលអ្នកច្នៃប្រឌិតទាំងពីរបានចាប់ដៃសហការគ្នាយ៉ាងរលូនទៅវិញ។ ដូចជាពេលអ្នកសាកកុំព្យូទ័ររបស់អ្នក ផ្នែកដែលដោតជាប់នឹងកុំព្យូទ័រដើម្បីបញ្ចូលថាមពលមកឲ្យថ្មកុំព្យូទ័រគឺជាចរន្តជាប់ រីឯម្ខាងទៀតដែលដោតជាប់នឹងអាដាប់ទ័រនៅជញ្ជាំងគឺជាចរន្តឆ្លាស់ មានន័យថាចរន្តឆ្លាស់ត្រូវបានបម្លែងជាចរន្តជាប់៕ ដោយ៖ ស្រីពៅ អត្ថបទទាក់ទង៖ នីកូឡា តេស្លា (Nikola Tesla) ៖ ពីក្មេងមានវិបត្តិផ្លូវចិត្ត ក្លាយជាអ្នកប្រាជ្ញផ្នែកអគ្គិសនី ហេតុអ្វីបានជា ការគិតពិតជាមានអំណាចខ្លាំងក្លាក្នុងការកំណត់ជោគវាសនារបស់អ្នក? ហេតុអ្វីព័ត៌មានត្រូវបានបញ្ជូនទៅកាន់ខួរក្បាលក្នុងទម្រង់ជាសញ្ញាណអគ្គិសនី ? តើរាងកាយមនុស្សបង្កើតអគ្គិសនីយ៉ាងដូចម