អ៊ីសាក់ ញូតុន៖ ពីក្មេងខ្វះភាពកក់ក្ដៅក្នុងគ្រួសារ ក្លាយជា អ្នកវិទ្យាសាស្ត្រដ៏មានឥទ្ធិពលក្នុងលោក
អស់រយៈកាលរាប់ពាន់ឆ្នាំក្នុងសម័យអតីតកាល មនុស្សលោកបានរស់នៅក្នុងពិភពដ៏ងងឹត ដែលបានបិទជិតជាមួយនឹងជំនឿដែលចាក់ឫសដ៏ជ្រៅតាំងពីសម័យកាលរបស់អារីស្តូតក្រិកបុរាណ ដែលបានអះអាងថាផែនដីគឺជាចំណុចកណ្ដាលនៃប្រព័ន្ធព្រះអាទិត្យ ហើយព្រះអាទិត្យរង្វិលជុំវិញផែនដី។ ក្រោយមក តារាវិទូមួយរូបគឺ Nicolaus Copernicus បានក្លាយជាតួអង្គដំបូងបង្អស់ដែលបានចេញទៅបំភ្លឺមនុស្សលោកជាមួយនឹងការរកឃើញដ៏ថ្មីសន្លាងរបស់ខ្លួនដែលបានអះអាងថាផែនដីរង្វិលជុំវិញព្រះអាទិត្យ និងជាព្រះអាទិត្យ ពុំមែនផែនដីនោះឡើយ ដែលស្ថិតនៅចំកណ្ដាលប្រព័ន្ធព្រះអាទិត្យ ដែលជាការផ្ទុយស្រឡះពីអ្វីដែលមនុស្សធ្លាប់តែជឿនិងបានចារទុកនៅក្នុងគម្ពីរប៊ីប ។
ក្នុងដំណើររឿងរ៉ាវនៃបដិវត្តវិទ្យាសាស្ត្រនេះ តួអង្គសំខាន់បន្ទាប់គឺជា Galileo ដែលបានបន្តស្វែងរកភស្តុតាងដើម្បីបង្ហាញថាការលើកឡើងរបស់Copernicusគឺជាការពិត ស្របពេលដែលមនុស្សគ្រប់គ្នាសុទ្ធតែជឿជាក់នូវការបង្រៀនបែបចាស់កំរិលរបស់អារីស្តូតនៅឡើយ។ ក្រោយពីការស្លាប់របស់អ្នកវិទ្យាសាស្ត្រ Galileo ក្នុងឆ្នាំ១៦៤២តួអង្គដ៏សំខាន់មួយរូបទៀតបានចាប់កំណើតមកនិងបានចូលរួមបំពេញបំណងដែលមិនបានសម្រេចរបស់អ្នកវិទ្យាសាស្ត្រដ៏កំពូលទាំង២រូបនេះ ហើយក៏ប្រហែលជាអ្នកវិទ្យាសាស្ត្រដ៏អស្ចារ្យជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិដែរនោះគឺ អ៊ីសាក់ ញូតុន (Issac Newton)។
ក្នុងប្រវត្តិសាស្ត្ររបស់អ្នកវិទ្យាសាស្ត្រគ្រប់សម័យកាលទាំងអស់ ស្នាដៃនិងគំនិតរបស់អ៊ីសាក់ ញូតុន ត្រូវបានគេចាត់ទុកជាកេរ្តិ៍ដំណែលដ៏សំខាន់បំផុត ដែលបានក្រាលមូលដ្ឋានគ្រឹះសម្រាប់ឲ្យរូបវិទ្យាសម័យទំនើបដើរតាមក្រោយ ស្របជាមួយគ្នាដែរក៏ប្រហែលជាគ្មានអ្នកវិទ្យាសាស្ត្រណាម្នាក់ដែលចម្លែកខ្លាំងដូចអ្នកវិទ្យាសាស្ត្រអង់គ្លេសរូបនេះនោះដែរ។ ញូតុន កើតមិនទាន់ការស្លាប់របស់ឪពុក៣ខែ ដែលជាហេតុនាំឲ្យគាត់កំព្រាឪពុកតាំងពីកើតមកម្ល៉េះ។ ក្រោយមក ម្ដាយរបស់គាត់បានរៀបការស្វាមីទី២ ដែលជាអ្នកមានទ្រព្យស្ដុកស្ដម្ភក្នុងសង្គមម្នាក់ដែរ តែជីវិតរស់នៅជាមួយស្វាមីថ្មីក្រោយនេះបានឲ្យម្ដាយរបស់ញូតុនដោះដូរនិងលះបង់កូនប្រុសតែម្នាក់របស់ខ្លួននេះទៅរស់នៅក្រោមការចិញ្ចឹមបីបាច់ពីជីដូនជីតា ក៏ព្រោះតែស្វាមីក្រោយមិនពេញចិត្តនឹងការរស់នៅជាមួយកូនចុង។ ការចងចាំនិងបទពិសោធន៍នៃការបោះបង់ចោលកូនប្រុសរបស់ខ្លួនដើម្បីកសាងជីវិតថ្មីជាមួយស្វាមីចុងរបស់ម្ដាយ បានជះឥទ្ធិពលជាខ្លាំងទៅលើផ្លូវចិត្តរបស់ក្មេងប្រុសញូតុន។ ញូតុន ក៏ចាប់ផ្ដើមមិនទុកចិត្តអ្នកក្រៅ ផ្ដាច់ខ្លួនចេញពីរង្វង់មនុស្សខាងក្រៅ និងមានការជក់ចិត្តដិតអារម្មណ៍ផ្ចង់ទៅលើគិតទៅលើការពិតពីធម្មជាតិនៃចក្រវាលនេះ។ ក្រោយស្វាមីចុងបានស្លាប់ក្នុងវ័យ១២ឆ្នាំរបស់ញូតុន ម្ដាយក៏បានវិលត្រឡប់មករកកូនប្រុសវិញ និងបានបង្ខំឲ្យញូតុនបញ្ឈប់ការសិក្សានិងមកធ្វើការងារស្រែចម្ការ ដែលជាអ្វីដែលញូតុនមិនពេញចិត្តជាខ្លាំង។ ប៉ុន្តែដោយបានប្រធានសាលារបស់ញូតុនមកជួយនិយាយដើម្បីឲ្យបានញូតុនត្រឡប់ទៅបញ្ចប់ការអប់រំមូលដ្ឋានក្នុងសាលាវិញ ញូតុនក៏បានសម្រេចបំណងរបស់ខ្លួនចេញពីការងារស្រែចម្ការ។ ញូតុន ក៏មិនខុសពីអាញស្តាញដែលជាសិស្សដ៏អន់ម្នាក់នៅក្នុងថ្នាក់រៀននោះដែរ។ ប៉ុន្តែក្នុងឆ្នាំ១៦៦៥ គាត់ក៏បានបញ្ចប់ការសិក្សាពី University of Cambridge's Trinity College។ ដោយមើលឃើញការខិតខំប្រឹងប្រែងរបស់ញូតុន គាត់ក៏ត្រូវបានទំនុកបម្រុងឲ្យបន្តការសិក្សាថ្នាក់អនុបណ្ឌិតរយៈពេល៤ឆ្នាំទៀត។ ដោយសារតែអំឡុងពេលនោះគឺជារយៈកាលនៃគ្រោះអាសន្នដែលមានជំងឺសាហាវមួយប្រភេទរាតត្បាត សាកលវិទ្យាល័យ Cambridge ត្រូវបានបិទទ្វារ ហើយញូតុនក៏បានត្រឡប់ទៅរស់នៅផ្ទះម្ដាយវិញ។ ចន្លោះឆ្នាំ១៦៦៥ដល់១៦៦៧ ដែលជាពេលទំនេរពីការសិក្សាក្នុងសាលា គំនិតអស្ចារ្យជាច្រើនរបស់ញូតុន ត្រូវបានរកឃើញ ក្នុងរយៈពេលដ៏មិនគួរឲ្យជឿតែ១៨ខែប៉ុណ្ណោះ។ ស្នាដៃដំបូងបំផុតនៅក្នុងជីវិតរបស់ញូតុនគឺជាការបង្កើតនូវកែវយឹតក្នុងឆ្នាំ១៦៦៨។ ដោយប្រើប្រាស់កែវយឹត ញូតុន បានក្លាយជាបុគ្គលម្នាក់ដែលនៅពីក្រោយទ្រឹស្ដីនៃពន្លឺ ដែលបានអះអាងថាពន្លឺបង្កឡើងពីភាគល្អិតតូចៗ មិនមែនជារលកដូចអ្វីដែលគូបដិបក្ខរបស់គាត់ដែលជា Robert Hook បានបញ្ជាក់នៅក្នុងទ្រឹស្ដីរបស់ខ្លួននោះឡើយ។ ដើម្បីស្វែងរកភស្តុតាងមកបញ្ជាក់ពីភាពត្រឹមត្រូវនៅក្នុងទ្រឹស្ដីនៃពន្លឺរបស់ខ្លួន វាក៏នាំញូតុនទៅរកការបង្កើតនូវការគណនាដ៏ថ្មីស្រឡាងមួយ គឺជាពីជគណិត ដែលត្រូវបានគេសិក្សាទូទាំងសកលលោកនេះឯង។
នៅក្នុងចម្ការរបស់ផ្ទះម្ដាយ កំពុងតែអង្គុយនៅក្រោមដើមផ្លែប៉ោម ផ្លែប៉ោមមួយផ្លែក៏ស្រាប់តែធ្លាក់ជ្រុះមកលើដី ដែលហេតុការណ៍ចៃដន្យនិងធម្មតាសម្រាប់មនុស្សទូទៅមួយនេះ គឺជាឫសគល់ដែលបានបណ្ដុះគំនិតរបស់ញូតុនក្នុងការរកឃើញការពិតអំពីទំនាញដែលមានឥទ្ធិពលទៅលើភពទាំងអស់ឲ្យមានចលនានៅក្នុងគន្លងរបស់វា។ ញូតុន ក៏ចាប់ផ្ដើមដឹងថាកម្លាំងដែលមានឥទ្ធិពលឲ្យផ្លែប៉ោមធ្លាក់លើដី និងកម្លាំងដែលមានឥទ្ធិពលឲ្យព្រះចន្ទរង្វិលជុំវិញផែនដី គឺជាកម្លាំងតែមួយ ដែលនាំមកនូវការរកឃើញច្បាប់ទំនាញសកលនិងច្បាប់និចលភាព។
www.bbc.co.uk[/caption] ច្បាប់ទំនាញសកលបានចែងថា វត្ថុ២មានអំពើលើគ្នាទៅវិញទៅមក នៅពេលកម្លាំងទំនាញសមាមាត្រជាមួយម៉ាសរបស់វត្ថុទាំង២ និងច្រាសសមាមាត្រជាមួយនឹងការ៉េនៃចម្ងាយរវាងវត្ថុទាំង២ ដែលសរុបមកត្រឹមរូបមន្តដ៏ខ្លីមួយគឺ:
រីឯច្បាប់និចលភាពមានគោលការណ៍៣សំខាន់ៗ៖១) អង្គធាតុដែលនៅនឹងថ្កល់ នឹងបន្តនៅនឹងថ្កល់ដដែល លុះត្រាតែមានកម្លាំងជំរុញពីខាងក្រៅទៅលើវា។ ២) កម្លាំងសមាមាត្រជាមួយម៉ាសគុណនឹងសំទុះ ឬ F=ma ។ ៣) កម្លាំងដែលមានអំពើទៅលើវត្ថុទី១ស្មើគ្នាជាមួយនឹងកម្លាំងដែលមានអំពើទៅលើវត្ថុទី២ ដែលមានទិសដៅផ្ទុយពីវា។
បិតានៃរូបវិទ្យាសម័យទំនើបដែលមានគំនិតដ៏វាងវៃអស្ចារ្យរូបនេះ ក៏ជារូបវិទូមួយរូបដែលមានអត្តចរិតចម្លែកជាងគេបំផុតដែរ។ ការចងចាំដែលពិបាកនឹងបំភ្លេចក្នុងកុមារភាពដែលមានឥទ្ធិពលលើជំងឺផ្លូវចិត្ត បាននាំឲ្យគាត់មានអត្តចរិតទន់ជ្រាយ ឆាប់ឆេវឆាវ និងបាក់ទឹកចិត្ត។ ញូតុន ក៏ជាមនុស្សម្នាក់ដែលមានការទំនាក់ទំនងខ្សោយជាមួយអ្នកដទៃ ជាមនុស្សដែលចូលចិត្តភាពឯកាម្នាក់ឯង និងជាមនុស្សចូលចិត្តភាពឯកជន ដែលគាត់តែងតែលាក់ទុកមិនបញ្ចេញអ្វីដែលខ្លួនបានស្រាវជ្រាវរកឃើញនៅនឹងខ្លួនឯង។
ញូតុន មានការជក់ចិត្តដិតអារម្មណ៍ជាខ្លាំងជាមួយនឹងកិច្ចការរបស់គាត់ ដែលអាចឲ្យគាត់ផ្ចង់អារម្មណ៍គិតដោះស្រាយបញ្ហាពី១៨ទៅ២០ម៉ោងក្នុង១ថ្ងៃ រហូតដល់ភ្លេចទទួលទានអាហារជាប្រចាំ។ ដោយសារតែចំណុចពិសេស៣យ៉ាងដែលជាការជក់ចិត្តខ្លាំងក្លានឹងអ្វីមួយ ពិបាកក្នុងការបង្កើតទំនាក់ទំនងសង្គម និងបញ្ហាក្នុងការប្រាស្រ័យទាក់ទងសុទ្ធតែមានបង្ហាញនៅក្នុងអត្តចរិតចម្លែករបស់គាត់ អ្នកសិក្សាក៏ជឿជាក់ថាគាត់មានជំងឺម្យ៉ាងដែលគេហៅថា Asperger។ ក្នុងឆ្នាំ១៧២៧ សាកសពរបស់អ្នកប្រាជ្ញដ៏សំខាន់របស់ពិភពលោក អ៊ីសាក់ ញូតុន ត្រូវបានគេយកទៅដុតនៅក្នុងវិហារដ៏មានកិត្តិយសមួយរបស់សាកសពស្ដេចអង់គ្លេស នៅ Westminster Abbey ក្នុងវ័យ៨៤ឆ្នាំ៕
ដោយ៖ ស្រីពៅ