​តើ​លោក​អ្នក​​គួរ​ដឹង​អ្វី​ខ្លះ​ពី​សេដ្ឋកិច្ច​របស់​ប្រទេស​វៀតណាម?​



​​​ប្រទេស​ជិត​ខាង​កម្ពុជា​មួយ​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​ប្រទេស​ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ និង​នយោបាយ ​គួរ​ឱ្យ​កត់​សម្គាល់​​ក្នុង​រយៈ ពេល​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ។ ​តើ​អ្វី​​ដែល​​លោក​អ្នក​គួរ​​ឈ្វេង​យល់​ពី​សេដ្ឋកិច្ច​របស់​​ប្រទេស​នេះ?

Ho Chi Minh, City, Vietnam, Sai Gon, Night, Sunset

ភូមិ​សាស្ត្រ​នយោបាយ
-ផ្ទៃ​ដី​៖ ​៣៣១ ៦៨៨​គីឡូម៉ែត្រ​ការ៉េ (រាង​ជា​អក្សរ​ S) -​ប្រជាជន៖ ​ជាង​ ៧០​លាន​នាក់​ -​ឆ្នេរ​សមុទ្រ​ប្រវែង​ ៣២៦០​គីឡូម៉ែត្រ -​​ព្រំប្រទល់​ដីគោក​​សរុប​ប្រវែង​ ៣៧៣០​គីឡូម៉ែត្រ​​ -​​ប្រាក់​ចំណូល​​សរុប​ក្នុង​​មនុស្ស​ម្នាក់៖ ជាង​ ២០០០​ដុល្លារ​ ​(ឆ្នាំ​២០១៤) ​-ប្រាក់​ចំណូល​ក្នុង​ស្រុក​សរុប​ (GDP)៖ ​ជាង​ ១៨០​ពាន់​លាន​ដុល្លារ​​ឆ្នាំ​២០១៤​ (គិត​តាម​តម្លៃ​ទីផ្សារ) -​ព្រំ​ប្រទល់៖ ជាប់​ចិន​ ឡាវ​ ​កម្ពុជា​ ​និង​សមុទ្រ​ចិន​ខាង​ត្បូង -​ស្ថិត​នៅ​ក្នុង​តំបន់​ត្រូពិក​ -សីតុណ្ហភាព​គិត​ជា​មធ្យម​​ប្រចាំ​ឆ្នាំ​ពី​២២​ ទៅ​ ២៧​អង្សាសេ​​ (ហាណូយ​ ២៣អង្សាសេ​​ ហូជីមិញ​ ២៦អង្សាសេ​​) ​ដោយ​បែង​ចែក​ជា​ពីរ​រដូវ​ គឺ​រដូវ​រងា​ (វិច្ឆិកា​ ដល់​ មេសា) និង​រដូវ​ក្ដៅ​ (​ឧសភា​ ដល់​តុលា)។ ​​​​

Saigon, Vietnam, Lands, Nice, Scene, Wave, Beauty

ភាព​ជោគជ័យ​នៃ​សេដ្ឋកិច្ច ​ប្រទេស​វៀតណាម​​ ជា​ប្រទេស​ដែល​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ការ​អភិវឌ្ឍន៍។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ធនាគារ​ពិភពលោក។ ការ​ធ្វើ​កំណែ​ទម្រង់​សេដ្ឋកិច្ច​ និង​នយោបាយ​ដែល​ហៅ​ថា​ ដូយមូយ (Doi Moi) នៅ​ឆ្នាំ​១៩៨៦​ បាន​​​ប្រែ​ក្លាយ​វៀតណាម​ពី​ប្រទេស​ក្រីក្រ​មួយ​ក្នុង​លោក​ (ប្រាក់​ចំណូល​សរុប​គិត​ជា​មធ្យម​សម្រាប់​មនុស្ស​​ម្នាក់​តែ​ជាង​ ១០០ដុល្លារ) ​​ក្លាយ​ទៅ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​​ (lower middle income country)។ ២៥​ឆ្នាំ​ចុង​ក្រោយ​នេះ​​ ប្រាក់​ចំណូល​គិត​ជា​មធ្យម​​សម្រាប់​មនុស្ស​ម្នាក់​​ កើន​​ដល់​ជាង​ ២០០០​ដុល្លារ​​គិត​ត្រឹម​​ចុង​ឆ្នាំ​២០១៤។ ​

Scooter, Bicycle, Traffic, Helmet, Men, Vietnam, Hanoi

បើ​និយាយ​ពី​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​វិញ​ តាម​ការ​ចុះ​ផ្សាយ​របស់​ធនាគារ​ពិភពលោក​ ​ប្រជាជន​ដែល​រស់​នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ​​​ខ្លាំង​ (extreme poverty) មាន​ប្រមាណ ៥០%​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៩០​ ខណៈ​បច្ចុប្បន្ន​ថយ​ចុះ​មក​នៅ​ត្រឹម​ ៣% (បន្ទាត់​នៃ​ភាព​ក្រីក្រ​ គឺ ១,៩ដុល្លារ​គិត​តាម​ថ្លៃ​យុគ្គភាព​ PPP)។ ​បើ​និយាយ​ពី​​​កម្រិត​នៃ​ភាព​ក្រីក្រ​ជា​រួម ​មាន​ប្រហែល​ ១៥%​​នៃ​ប្រជាជន​សរុប​ដែល​ភាគ​ច្រើន​ជា​ជនជាតិ​ភាគតិច។ ​នៅ​ទសវត្សរ៍​ឆ្នាំ ២០០០​ សេដ្ឋកិច្ច​របស់​ប្រទេស​វៀតណាម​ កើន​ឡើង​ក្នុង​អត្រា​ ៦,៤%​ ប៉ុន្តែ​បាន​ចាប់​ផ្ដើម​ធ្លាក់​ចុះ​មក​វិញ​​​​ដោយ​សារ​តែ​មាន​វិបត្តិសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​សកលលោក។ ​មក​ដល់​ឆ្នាំ​២០១៥​ នេះ​គិត​ត្រឹម​​ឆមាស​ទី​មួយ​​ ដោយ​សារ​តែ​មាន​កំណើន​ក្នុង​ស្រុក​ខ្លាំង​ និង​ការ​នាំ​ចេញ​រឹងមាំ​ ធ្វើ​ឱ្យ​​សេដ្ឋកិច្ច​វៀតណាម​​កើន​ឡើង​​ជាង​​ ៦,៣%​ដែល​ជា​កំណើន​​ដ៏​ខ្លាំង​ក្លា​មួយ​នៅ​ក្នុង​តំបន់។ ​វៀតណាម​បាន​ធ្វើ​កំណែ​ទម្រង់​ម៉ាក្រូ​សេដ្ឋកិច្ច​ប្រកប​ដោយ​ស្ថេរភាព​​​​ ដោយ​បាន​រក្សា​នូវ​​​សន្ទស្សន៍​តម្លៃ​ទំនិញ​ (CPI) កើន​ឡើង​​ក្នុង​កម្រិត​ត្រឹម​តែ​ ០,៦%​ ​ខណៈ​កាល​ពី​ឆ្នាំ​ទៅ​មិញ​មាន​កម្រិត​ដល់​ទៅ​ ៤,៣%។ ​​តាម​ការ​ចុះ​ផ្សាយ​​​របស់​ Bloomberg ​ដក​ស្រង់​​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​របស់​ធនាគារ​ ANZ ​ ឱ្យ​ដឹង​ថា​ វៀតណាម​ជា​ប្រទេស​តែ​មួយ​គត់​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​មាន​កំណើន​នាំ​ចេញ​ខ្លាំងក្លា​ ខណៈការនាំ​ចេញ​របស់​​បណ្ដា​ប្រទេស​ក្នុង​តំបន់​​អាស៊ាន​ផ្សេង​ទៀត​ថមថយ។​​​​​​

ទិន្នន័យ​សេដ្ឋកិច្ច​ត្រួសៗ៖​ -​ទំហំ​នាំ​ចេញ​សរុប​ប្រហែល​ ១៥០​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៤​ -​ទំហំ​នាំ​ចូល​សរុប​ប្រហែល​ ១៤៧ ​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៤​ -អតិរេក​ពាណិជ្ជកម្ម​ជាង​ ២​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៤

-​ដៃគូ​ពាណិជ្ជកម្ម៖​ សហរដ្ឋ​អាមេរិក​ ​ចិន ជប៉ុន​ ​កូរ៉េខាងត្បូង​ ​​សហភាព​អឺរ៉ុប​ ម៉ាឡេស៊ី​ ​​និង​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​មួយ​ចំនួន​ទៀត​ក្នុង​នោះ​ក៏​មាន​កម្ពុជា​មួយ​ដែរ។ ​

-​ផលិត​ផល​នាំ​ចេញ​៖ ​ទូរស័ព្ទ​(ជិត ២០ពាន់​លាន​ដុល្លារ) ​វាយនភ័ណ្ឌ​ (ជាង​ ១៧ពាន់​លាន​ដុល្លារ) ​ផលិតផល​អេឡិចត្រូនិក​ ​ស្បែក​ជើង​ អាហារ​សមុទ្រ​ ​កាហ្វេ​ (ជា​ប្រទេស​នាំ​ចេញ​លេខ​ពីរ​ក្នុង​លោក​បន្ទាប់​ពី​ប្រេស៊ីល) និង​ផលិតផល​ប្រើ​ប្រាស់​ផ្សេងៗ​ទៀត។ ​ទៅ​អនាគត​ ឱសថ​​វៀតណាម​ក៏​មាន​ទីផ្សារ​ខ្លាំង​ណាស់​ដែរ។

-​ផលិត​ផល​នាំ​ចូល៖ ​​គ្រឿង​ម៉ាស៊ីន (ជាង​ ១៨ពាន់​លាន​ដុល្លារ) កុំព្យូទ័រ​ (​១៥ពាន់​លាន​ដុល្លារ) ​វាយនភ័ណ្ឌ ​ទូរស័ព្ទ​ ប្រេង​ ជា​ដើម​។ល។ ​

ទំនាក់ទំនង​ពាណិជ្ជ​​មួយ​កម្ពុជា​ ក្នុង​រយៈពេល ៧​ខែ​ដើម​ឆ្នាំ​២០១៥ ​ការ​នាំ​ចេញ​របស់​កម្ពុជា ​ទៅ​កាន់​វៀតណាម​ មាន​ទំហំ​ ៥៨៥​លាន​ដុល្លារ ក្នុង​អត្រា​កំណើន​ ៣៥.៥%​ រីឯ​បរិមាណ​ដែល​វៀតណាម​នាំ​ចេញ​មក​​​កម្ពុជា​មាន​​ទំហំ​ទឹក​ប្រាក់​​ ១.៤៤០​លាន​ដុល្លារ។ ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​កាល​ពី​ឆ្នាំ​២០១៤​ គឺ​​ ៣.៣​ពាន់​លាន​ដុល្លារ​ (វៀតណាម​នាំ​ចូល​មក​កម្ពុជាជាង​ ២ ៦៨៥លាន​ដុល្លារ)។​ ប្រទេស​ទាំង​ពីរ​បាន​ព្រមព្រៀង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ឱ្យ​ដល់​​ ៥​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៥។ ​

​បើ​និយាយ​ពី​ការ​វិនិយោគ​ក្រៅ​ប្រទេស​ បើ​តាម​ក្រសួង​​ផែនការ​ និង​វិនិយោគ​នៃ​ប្រទេស​វៀតណាម​ឱ្យ​ដឹង​ថា​ នៅ​ឆ្នាំ​២០១៤​ ​កម្ពុជា​ឈរ​លេខ​រៀង​ទី​១​ ជា​ប្រទេស​ដែល​ទទួល​បាន​គម្រោង​វិនិយោគ​​ពី​វៀតណាម​ច្រើន​ជាង​គេ​ ដែល​មាន​វិស័យ​បី​ធំ​ៗ​ គឺ​កសិកម្ម​ (កៅស៊ូ) ​ថាមពល​ និង​ទូរគមនាគមន៍។ ​ដោយ​ឡែក​ បើ​និយាយ​ពី​វិស័យ​ទេសចរណ៍​ ​​ទេសចរ​វៀតណាម​​ឈរ​នៅ​លេខ​រៀង​ទី​១​ ​​នៅ​កម្ពុជា​នៅ​ឆ្នាំ​២០១៤​ ​ដែល​មាន​ចំនួន​ប្រមាណ​ជាង​ ៩០​ម៉ឺន​នាក់។ ​ហេតុ​អ្វី​​បាន​ជា​ប្រទេស​វៀតណាម​ទទួល​បាន​ជោគជ័យ​នូវ​កំណែ​ទម្រង់​សេដ្ឋកិច្ច​ដូយម៉ូយ? ​តើ​វៀតណាម​​ងាក​ទៅ​រក​អាមេរិក​នៅ​ពេល​ណា? ​ហេតុ​អ្វី​បាន​ជា​វៀតណាម​​ងាក​ទៅ​រក​អាមេរិក? ​ហេតុ​អ្វី​បាន​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ​មួយ​ចំនួន​ដូច​ជា​ Samsung ​​ដាក់​មូលដ្ឋាន​ផលិតកម្ម​នៅ​វៀតណាម? ​រង់​ចាំ​តាម​ដាន​បទ​វិភាគ​របស់​ BizKhmer ​ដែល​នឹង​ផ្សាយ​ជូន​នា​ពេល​ឆាប់​ៗ​នេះ៕

ដោយ៖ រតនៈ​វិភូ
ប្រភព៖ ធនាគារ​ពិភពលោក,​ http://www.heritage.org/​, http://countrystudies.us/,​http://www.vietnam-briefing.com/​, ក្រសួង​​ផែនការ​ និង​វិនិយោគ​នៃ​ប្រទេស​វៀតណាម,​ Bloomberg, ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​​​​, ការិយាល័យ​ស្ថិតិទូទៅ​នៃ​ប្រទេស​វៀតណាម

X
5s