​តើ​ការ​វាយ​តម្លៃ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​​​ឆ្នាំ​២០១៧ ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​​យ៉ាង​ណា​ដែរ?​



ទោះបី​សេដ្ឋកិច្ច​ពិភពលោក​កំពុង​ស្ថិត​ក្នុង​ភាព​មិន​ប្រាកដ​ប្រជា​ជាច្រើន ដែល​រួមមាន​ទាំង​ហានិភ័យ និង​បញ្ហា​ប្រឈម ទាំង​ក្នុង​ប្រទេស​អភិវឌ្ឍន៍ និង​ប្រទេស​កំពុង​អភិវឌ្ឍន៍ សេដ្ឋកិច្ច​កម្ពុជា​នៅតែ​អាច​បន្ត​កំណើន​ខ្ពស់ និង​រឹងមាំ ក្នុង​រយៈពេល​ខ្លី និង​មធ្យម​ខាងមុខនេះ​។ ជាមួយ​នឹង​សមិទ្ធផល​នេះ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​ចាត់​ទុក​ប្រទេស​កម្ពុជា ជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ដែល​មាន​កំណើន​សេដ្ឋកិច្ច​លឿន​បំផុត​នៅ​តំបន់​អាស៊ី ហើយ​បាន​ប្រសិទ្ធ​នាម​ប្រទេស​កម្ពុជា ជា «​ខ្លា​សេដ្ឋកិច្ច​ថ្មី​នៅ​អាស៊ី» ទៀត​ផង​។ ​ក្នុង​ឆ្នាំ ២០១៦ កន្លងទៅ កម្ពុជា​រក្សា​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ក្នុង​អត្រា ៧,០% ដោយសារ​ការ​ងើប​ឡើងវិញ​នៃ​កំណើន​ក្នុង​វិស័យ​កសិកម្ម បន្ទាប់ពី​ស្ទើរតែ​គ្មាន​កំណើន​សោះ​ក្នុង​រយៈពេល​បី​ឆ្នាំ​ចុង​ក្រោយនេះ ខណៈដែល​កំណើន វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម​មាន​ភាព​ថមថយ​បន្តិច​។ ការ​ថមថយ​នៃ​កំណើន​ក្នុង​វិស័យ​ឧស្សាហកម្ម និង​សេវា​កម្មនេះ បានបង្ហាញ​ពី​ភាពចាំបាច់ និង​បន្ទាន់​នៃ​ការអនុវត្ត​វិធានការ​គោលនយោបាយ​កែទម្រង់​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច និង​ការធ្វើ​ពិពិធ​កម្ម ក្នុង​គោលដៅ​ស្វែងរក​ជ​ន្ទ​ល់​ថ្មីៗ ដែល​មាន​តម្លៃបន្ថែម​ខ្ពស់​ដល់​សេដ្ឋកិច្ច ដើម្បី​បន្ត​ធានា​ចីរភាព​នៃ​កំណើន​ក្នុង​រយៈពេល​មធ្យម និង​វែង​។ ​យោងតាម​ទិន្នន័យ​ស្ថិតិ​ផ្លូវការ​ដើមឆ្នាំ ២០១៧ របស់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​, សេដ្ឋកិច្ចកម្ពុជា ក្នុង​ឆ្នាំ ២០១៧ ត្រូវបាន​ប៉ាន់​ស្មានថា នឹង​រក្សាបាន​កំណើន​ក្នុង​រង្វង់ ៧,០%​។ ក្នុងនោះ វិស័យ​ឧស្សាហកម្ម​នៅតែមាន​កំណើន​រឹងមាំ ក្នុង​អត្រា​ពីរ​ខ្ទង់​ដដែល ពោលគឺ​ប្រមាណ ១០,៧% ដែល​នឹង​បន្ត​ដើរតួនាទី​ជា​ក្បាលម៉ាស៊ីន​ជំរុញ​កំណើនសេដ្ឋកិច្ច​ទីមួយ ដឹកមុខ​ដោយ​វិស័យ​កាត់ដេរ និង​ការរីក​ធំធាត់​នៃ​វិស័យ​មិនមែន​កាត់ដេរ បើទោះបីជា​វិស័យ​សំណង់​មានការ​ថមថយ​បន្តិច​ក្តី។ វិស័យ​កសិកម្ម​អាច​នឹងមាន​កំណើន​ល្អ ពោលគឺ​ក្នុង​អត្រា ២,០% បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០១៦ ក្នុង​អត្រា ១,៨% ដោយសារ​កត្តា​អាកាសធាតុ​ដែលមាន​ស្ថានភាព​ល្អប្រសើរ​ជាង​ឆ្នាំមុន និង​ការ​ងើបឡើង​វិញ​នៃ​តម្លៃ​ទំនិញ ខណៈដែល​វិស័យ​សេវាកម្ម​អាច​នឹងមាន​កំណើន​យឺត​ជាង​ឆ្នាំមុន​ជាមួយនឹង​អត្រា កំណើន ៦,៥% ដោយសារ​ការបន្ត​ថមថយ​នៃ​វិស័យ​ទេសចរណ៍ និង អចលនទ្រព្យ​។​ ​ជាមួយនឹង​កំណើន​រឹងមាំ​ក្នុង​ឆ្នាំ ២០១៧ នេះ ផ​.​ស​.​ស (GDP) ថ្លៃ​បច្ចុប្បន្ន​ត្រូវបាន​ប៉ាន់​ស្មានថា នឹង​កើន​ឡើងដល់ ២២,២ ប៊ី​លាន​ដុល្លារ​អាមេរិក ដែល​ធ្វើឱ្យ ផ​.​ស​.​ស (GDP) សម្រាប់​មនុស្ស​ម្នាក់​អាច​នឹង​កើនឡើង​ដល់ ១.៤៣៤ ដុល្លារ​អាមេរិក​។ លើស​ពី​នេះ​ កម្ពុជា​អាច​រក្សាបាន​នូវ​អតិផរណា ដែល​ស្ថិតក្នុង​កម្រិត​ទាប និង​អាច​គ្រប់គ្រង​បាន ដោយ​អតិផរណា​ជា​មធ្យម​ប្រ​ចាំ​ឆ្នាំ ត្រូវបាន​ប៉ាន់​ស្មានថា នឹងមាន​អត្រា ៣,៨% ក្នុង​ឆ្នាំ ២០១៧ កើន​ពី ៣,០% ក្នុង​ឆ្នាំ ២០១៦ ដោយសារ​និន្នាការ​កើនឡើង​នៃ​ថ្លៃ​ប្រេង​ក្នុង​ទីផ្សារ​អន្តរជាតិ និង​តម្លៃ​ម្ហូបអាហារ​ក្នុងស្រុក​។ ជាមួយ​គ្នានេះ​ដែរ អត្រា​ប្តូរ​ប្រាក់​នៅ​បន្ត​មាន​ស្ថិរភាព​ជាមួយនឹង​ការរំពឹងទុក​ថា ប្រាក់រៀល​នឹង​នៅ​បន្ត​រក្សាបាន​នូវ​តម្លៃ​ប្រមាណ ៤.០៣៧ រៀល​ក្នុង ១ ដុល្លារ​អាមេរិក នៅក្នុង​ឆ្នាំ​២០១៧ នេះ៕ ​ដោយ​៖ ប៉ុ​ម ទូច​
X
5s