លោកស្រីហ្គោលដា ម៊ែរ (Golda Meir) ជាមួយបេសកកម្មបង្កើតរដ្ឋអ៊ីស្រាអែល និង បុគ្គលិកលក្ខណៈដ៏អស្ចារ្យ
លោក ស្រី ហ្គោលដា ម៊ែរ (Golda Meir) ជានាយករដ្ឋមន្ត្រីទី៤របស់ប្រទេសអ៊ីស្រាអែល ។ លោកស្រីចំណាយពេលវេលាសឹងពេញមួយជីវិតរបស់ខ្លួនដើម្បី ចូលរួមក្នុងចលនាបង្កើតរដ្ឋអ៊ីស្រាអែល។ តាមរយៈការដឹកនាំ និង ទឹកចិត្តដ៏មោះមុតស្នេហាជាតិ លោកស្រីត្រូវបានគេហៅថា ជាស្ត្រីចិត្តដែក។
កើតក្នុងស្ថានភាពលំបាក ដោយសារការស្អប់ខ្ពើមជនជាតិជ្វីហ្វ លោក ស្រី ហ្គោលដា ម៊ែរ (Golda Meir)កើតនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ១៨៩៨ ក្នុងទីក្រុងKiev ដែលពីមុនគឺផ្នែកមួយរបស់អាណាចក្ររុស្ស៊ី និង បច្ចុប្បន្នត្រូវបានគេស្គាល់ថា ជាទីក្រុងរបស់ប្រទេសអ៊ុយក្រែនបច្ចុប្បន្ន។ ម្តាយមានឈ្មោះថា Moshe Mabovitch និង ឪពុកមានឈ្មោះថា Blume Neiditch។ ដោយសារតែបញ្ហាជីវភាព ម្យ៉ាងវិញក៏ដោយសារតែកន្លែងនោះមានអំពើហិង្សាប្រឆាំងជនជាតិជ្វីហ្វយ៉ាងខ្លាំង ដូច្នេះគ្រួសាររបស់លោកស្រីទាំងអស់ ក៏បានធ្វើដំណើរទៅរស់នៅក្នុងទីក្រុងMilwaukee សហរដ្ឋអាមេរិកវិញនៅឆ្នាំ១៩០៦ ព្រោះថាគ្រួសារគឺជាអម្បូរជនជាតិជ្វីហ្វ ។
រស់នៅយ៉ាងលំបាក ប៉ុន្តែកាន់តែស្រណោះដល់ជនជាតិជ្វីហ្វដែលរងទុក្ខ៖ មកដល់ទឹកដីអាមេរិក ក្រុមគ្រួសារលោកស្រី ក៏បានបើកលក់គ្រឿងទេស។ នៅទីនោះហើយ ដែលលោកស្រី Golda Meirបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពគាំពារ និង ឈឺឆ្អាលយ៉ាងខ្លាំងទៅនឹងដើមកំណើតជាជនជាតិជ្វីហ្វរបស់ខ្លួន។ ភាពវេទនារបស់ជនជាតិជ្វីហ្វដែលគ្មានទឹកដីរបស់ខ្លួនពិតប្រាកដនិងកំពុងរងការគំរាមយ៉ាងខ្លាំងពីសំណាក់បណ្ដាជនជាតិដទៃដូច្នេះ បានធ្វើឲ្យលោកស្រីចង់ឃើញការផ្លាស់ប្ដូរមួយ ដែលអាចជួយឲ្យជនជាតិរបស់ខ្លួនកំពុងរស់នៅខ្ចាត់ខ្ចាយពាសពេញពិភពលោក មានភាពប្រសើរឡើងវិញ។
មហិច្ឆតានៃការបង្កើតរដ្ឋអ៊ីស្រាអែល៖ តាមរយៈមហិច្ឆតានេះ នៅពេលរៀនថ្នាក់វិទ្យាល័យបណ្ដើរ និងធ្វើការក្រៅម៉ោងបណ្ដើរផងនោះ លោកស្រីក៏បានចូលរួមយ៉ាងសកម្មនៅក្នុងចលនាហ្ស៊ីអូនីហ្សឹម(Zionism)។ ចលនាហ្ស៊ីអូនីហ្សឹម(Zionism)នេះ គឺជា ចលនាមួយដែលគាំទ្រយ៉ាងពេញទំហឹងក្នុងការបង្កើតឲ្យមានឡើងវិញនូវរដ្ឋអ៊ីស្រាអែលលើពិភពលោកនេះ ក្រោយពេលបានបាត់ឈ្មោះពីប្រវត្តិសាស្ត្រជាច្រើនពាន់ឆ្នាំមកហើយ។ បន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាល័យនាឆ្នាំ ១៩១៥ លោកស្រីក៏ចូលសិក្សា ថ្នាក់គរុកោសល្យ ហើយបានក្លាយទៅជាគ្រូបង្រៀននៅឆ្នាំ១៩១៦។ លុះដល់ឆ្នាំ ១៩១៧ Golda Meir បានរៀបការ ជាមួយបុរសម្នាក់ឈ្មោះថា Morris Meyerson ។ ប៉ុន្តែអ្វីដែលជាការកត់សំគាល់ការរៀបការនេះ ក៏ធ្វើឡើងដោយស្ថិតក្នុងលក្ខខណ្ឌផងដែរ។ លក្ខខណ្ឌសម្រាប់រៀបការជាមួយនឹងប្ដីរបស់ខ្លួន លោកស្រី ហ្គោលដា ម៊ែរGolda Meirបានទាមទាឲ្យ Morris Meyersonដែលត្រូវជាប្ដីនាំរូបគាត់ទៅរស់នៅប្រទេសប៉ាឡេស្ទីន។ បំណងរបស់លោកស្រីដើម្បីទៅកាន់ប្រទេសប៉ាឡេស្ទីនយ៉ាងដូច្នេះ គឺ ចង់ទៅពង្រឹងចលនា «Zionism» ឬហៅថា ចលនាបង្កើតរដ្ឋអ៊ីស្រាអែលនៅក្នុងទឹកដីកំណើតរបស់ជនជាតិជ្វីហ្វ។ នៅឆ្នាំ១៩២១លោកស្រី នឹងក្រុមគ្រួសារ ក៏បានទៅរស់នៅក្នុងទឹកដី របស់ប៉ាឡេស្ទីន។
លះបង់គ្រប់យ៉ាងដើម្បីចលនាបង្កើតរដ្ឋអ៊ីស្រាអែល៖ ក្រោយពីបានរស់នៅលើទឹកដីប៉ាឡេស្ទីនមក លោកស្រីហ្គោលដា ម៊ែរ (Golda Meir) បានបង្កើតកូនចំនួនពីរនាក់ ទីមួយជាកូនប្រុសមានឈ្មោះថា Menahem Meir កើតនៅឆ្នាំ ១៩២៤ និង ទី២ជាកូន ស្រីមានឈ្មោះថា Sarah Meir កើតឆ្នាំ ១៩២៦។ ក្នុងពេលដែលរស់នៅលើទឹកដីប៉ាឡេស្ទីន នោះ Golda Meir កាន់តែមានមហិច្ឆតាក្នុងការពង្រឹងចលនាបង្កើតរដ្ឋអ៊ីស្រាអែលកាន់តែខ្លាំងឡើងៗ។ ជាបន្តបន្ទាប់ លោកស្រីបានក្លាយទៅជាសមាជិកដ៏ល្បីមួយរូបនៅក្នុងចលនាបង្កើតរដ្ឋអ៊ីស្រាអែល។ ក្នុងការបំពេញបេសកកម្មនេះ លោកស្រីបានធ្វើដំណើរទៅកាន់ប្រទេសជាច្រើននៅលើពិភពលោក ដើម្បីបំផុសទឹកចិត្តជនជាតិជ្វីហ្វឲ្យនឹករលឹកពីប្រទេសកំណើតរបស់ខ្លួន ដើម្បីអាចបង្កើតរដ្ឋមួយដែលជាក្តីស្រមៃដ៏ធំរបស់ជនជាតិជ្វីហ្វគ្រប់រូប។ តាមរយៈការអំពាវនាវរបស់លោកស្រី ហ្គោលដា ម៊ែរ (Golda Meir) ដែលបានធ្វើដំណើរទៅជាច្រើនប្រទេសនោះ ចំនួនជនជាតិជ្វីហ្វកាន់តែច្រើនឡើងៗបានទៅរស់នៅក្នុងទឹកដីប៉ាឡេស្ទីនដែលម្នាក់ៗសុទ្ធសឹងតែមានបំណងចង់ឲ្យជនជាតិរបស់ខ្លួនមានប្រទេសមួយដែលគេទទួលស្គាល់លើពិភពលោក។ ជាបន្តបន្ទាប់ ពួកជ្វីហ្វច្រើនឡើងៗនៅអឺរ៉ុបនិងនៅសហរដ្ឋអាមេរិកបានសម្រេចចិត្តចូលទៅរស់នៅលើទឹកដីប៉ាឡេស្ទីន ជាពិសេសនៅក្នុងសង្គ្រាមលោកលើកទី២ ដោយសារតែការកាប់សម្លាប់ពូជសាសន៍ជ្វីហ្វយ៉ាងសាហាវព្រៃផ្សៃធ្វើឡើងដោយរបបណាហ្ស៊ី(Nazie) របស់ហ៊ីត្លែ Hitler អាល្លឺម៉ង់។ ការកាប់សម្លាប់ពូជសាសន៍ជ្វីហ្វយ៉ាងសាហាវព្រៃផ្សៃបែបនេះហើយ ដែលកាន់តែធ្វើឲ្យជនជាតិជ្វីហ្វមានអារម្មណ៍ពុះកញ្ជ្រោលចង់ បង្កើតរដ្ឋអ៊ីស្រាអែលឲ្យបានកាន់តែឆាប់។ខណៈដែលជនជាតិជ្វីហ្វប្រមូលផ្តុំគ្នាកាន់តែច្រើនឡើងៗ ដើម្បីត្រៀមបង្កើតរដ្ឋអ៊ីស្រាអែលនោះ ពួកអារ៉ាប់បានមូលមាត់យ៉ាងពេញទំហឹងដើម្បីរារាំងមិនឲ្យមានការបង្កើតរដ្ឋអ៊ីស្រាអែលជាដាច់ខាត។ កាលនោះមានប្រទេសអារ៉ាប់ជាច្រើន ដូចជា អេហ្ស៊ីប អ៊ីរ៉ាក់ ហ្សកដានី លីបង់ ស៊ីរី អារ៉ាប៊ីសាអ៊ូឌីត និង យេមែនបានចូលរារាំង ចលនាបង្កើតរដ្ឋអ៊ីស្រាអែល។ សរុបមកកងទ័ពអារ៉ាប់ទាំងនោះ មានចំនួនរហូតជាង៤០ម៉ឺននាក់។ ចំណែកជនជាតិជ្វិហ្វវិញកាលនោះ មានទ័ពតិចតួច និងគ្រឿងសព្វាវុធក៏មានការខ្វះខាតយ៉ាងខ្លាំង ព្រោះមិនទាន់បានបង្កើតជារដ្ឋនៅឡើយ។ ដើម្បីដោះស្រាយនូវបញ្ហាដ៏អាក្រក់នេះ ជនជាតិជ្វីហ្វចាំបាច់ត្រូវការលុយជាបន្ទាន់ក្នុងចំនួនច្រើនលានដុល្លារអាមេរិកសម្រាប់ទិញគ្រឿង សព្វាវុធ និង ត្រៀមលក្ខណៈជាច្រើនដើម្បីទប់ទល់នឹងសង្គ្រាមជាមួយនឹងពួកអារ៉ាប់។
ចេញស្វែងរកជំនួយជាបន្ទាន់៖ ដោយឃើញពីស្ថានភាពបែបនេះ លោកស្រី ហ្គោលដា ម៊ែរ (Golda Meir) បានធ្វើដំណើរទៅកាន់ប្រទេសអាមេរិកដើម្បីស្វែងរកជំនួយពីបណ្ដាជនជាតិជ្វីហ្វដោយរៀបរាប់អំពីស្ថានភាពដ៏អាក្រក់នាពេលនោះ។ ការពោលពាក្យទៅកាន់បណ្តាជនជាតិជ្វីហ្វដែលរស់នៅសហរដ្ឋអាមេរិកទាំងនោះ គឺលោកស្រីត្រូវបានគេទទួលស្គាល់ថា ជាមនុស្សដែលមានទេពកោសល្យក្នុងការប្រើប្រាស់ពាក្យពេចន៍ប្រកបទៅដោយឧត្តមគតិ និងស្នេហាជាតិយ៉ាងជ្រាលជ្រៅ ដែលធ្វើឲ្យបណ្តាជន ជាតិជ្វីហ្វមិនអាចគេចវេសពីកាតព្វកិច្ចរបស់ខ្លួនក្នុងការបង្កើតប្រទេសជាតិបានឡើយ។ ជាលទ្ធផល លោកស្រីបានត្រលប់ទៅកាន់ប្រទេសប៉ាឡេស្ទីនវិញជាមួយនឹងលុយប្រមាណជាង ៥០លានដុល្លា ដើម្បីត្រៀមធ្វើសង្គ្រាម។ ក្រោយមកជ័យជំនះនៃសង្គ្រាមនោះបានធ្លាក់ទៅលើជនជាតិជ្វីហ្វ។
ក្លាយជានាយករដ្ឋមន្ត្រីអ៊ីស្រាអែល៖ ក្រោយពេលដែលជនជាតិជ្វីហ្វបានប្រកាសពីការចាប់បដិសន្ធិឡើងនៃរដ្ឋអ៊ីស្រាអែលនៅថ្ងៃទី ១៤ឧសភាឆ្នាំ១៩៤៨ លោកស្រី Golda Meir បានក្លាយទៅជាស្ត្រីម្នាក់ដែលដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងអ៊ីស្រាអែលដើម្បីអាចឈរជើងក្នុងតំបន់អារ៉ាប់ដែលសុទ្ធសឹងតែជាសត្រូវនៅ ជុំវិញខ្លួនទាំងអស់។ លោកស្រី បានក្លាយទៅជារដ្ឋមន្ត្រីក្រសួងការបរទេសរបស់អ៊ីស្រាអែលចាប់ពីរឆ្នាំ ១៩៤៩ដល់ ១៩៦៦។ ហើយក្លាយទៅជារដ្ឋមន្ត្រីក្រសួងការបរទេសនៅឆ្នាំ១៩៥៦ដល់ ១៩៦៦។ លុះដល់ឆ្នាំ ១៩៦៩ លោកស្រីបានក្លាយទៅជានាយករដ្ឋមន្ត្រីអ៊ីស្រាអែលទី៤ ហើយក៏ជានាយករដ្ឋមន្រ្តីស្រីទី៣នៅលើពិភពលោកផងដែរ។ គាត់បានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើវិស័យអប់រំ។ សកម្មភាពដ៏អង់អាចនឹងប្រកបទៅដោយការតាំងចិត្តខ្ពស់ដើម្បីជនជាតិរបស់ខ្លួនយ៉ាងដូច្នេះ លោកស្រី ត្រូវបានគេហៅថា ស្ត្រីចិត្តដែក Golda Meir ។
មិនត្រឹមតែជានាយករដ្ឋមន្ត្រីគំរូ តែក៏ជាម្តាយគំរូម្នាក់ផងដែរ៖ បើយោងតាមសៀវភៅដែលមានឈ្មោះថា My Mother Golda Meir ឬជាភាសាខ្មែរហៅថា ម្តាយរបស់ខ្ញុំ Golda Meir ដែលជាការនិពន្ធដោយផ្ទាល់ពីសំណាក់ លោកMenahem Meir ដែលត្រូវបានកូនប្រុសរបស់លោកស្រី Golda Meirបានរៀបរាប់ថា បើទោះបីជារវល់ជាមួយ នឹងកិច្ចការប្រទេសជាតិយ៉ាងណាក្តី លោក ស្រីមិនដែលភ្លេចនោះឡើយចំពោះកាតព្វកិច្ច ក្នុងគ្រួសារ ពោលគឺលោកស្រី Golda Meir តែងតែចំណាយពេលវេលាសមស្របមួយដើម្បី ផ្តល់សុភមង្គលដល់គ្រួសារ។ ហើយប្រសិនបើលោកស្រី ទៅកាន់បរទេសនោះ គាត់តែងតែសរសេរសំបុត្រជាប្រចាំដើម្បីដឹងអំពីស្ថានភាពរបស់គ្រួសារលោកស្រី។ បើតាមសៀវភៅដដែលនោះបញ្ជាក់ទៀតថា Golda Meir គឺជាមនុស្ស ពូកែ ពន្យល់ អប់រំ កូន ឲ្យប្រកាន់នូវក្រមសីលធម៌ បង្រៀនអំពីជីវិត អក្សរសិល្ប៍ ជំរុញឲ្យកូនៗចូលចិត្តការអាន សៀវភៅ និងបណ្ដុះគំនិតស្នេហាជាតិជាដើម។ ក្នុងសៀវភៅដដែលនោះបន្ថែមថា លោកស្រី Golda Meir ជាមនុស្សនិយាយត្រង់ និយាយខ្លីតែខ្លឹម។ ហើយពូកែប្រើមនុស្សទៅតាមជំនាញ។ គាត់ ក៏ជាមនុស្សម៉ត់ចត់យ៉ាងខ្លាំងក្នុងការងារចង្ក្រានជើងឆ្នាំង។ លោកស្រីចូលចិត្តស្វែងយល់ពីរ អារម្មណ៍របស់អ្នកនៅក្រោមបង្គាប់។ ក្នុងជីវិតជានាយករដ្ឋមន្ត្រីវិញ លោក ស្រី Golda Meir បានរស់នៅលើគេហដ្ឋានដែលផ្តល់ដោយរដ្ឋចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ និងសម្រាកនៅផ្ទះជាមួយកូនចៅនៅថ្ងៃចុងសប្ដាហ៍។ ក្រៅពីការងារ លោកស្រីចូលចិត្តទៅផ្សារទិញអីវ៉ាន់ជាលក្ខណៈប្រជាពលរដ្ឋសាមញ្ញអ៊ីចឹងដែរ។ ប៉ុន្តែគាត់ចូលចិត្តជក់បារីយ៉ាងខ្លាំង។
មរណភាព៖ ក្រោយពេលលាលែងចេញពីតំណែងជានាយករដ្ឋមន្ត្រី ១៩៧៤ លោកស្រីក៏បានទទួលមរណភាព នៅថ្ងៃទី ៨ ខែធ្នូឆ្នាំ ១៩៧៨។ បើទោះបីជាលោកស្រីបានស្លាប់ហើយក៏ដោយ ក៏ប៉ុន្តែកេរ្តិ៍ឈ្មោះ លោកស្រីឈ្មោះនៅតែល្បី និង ជាការចងចាំមិនអាចបំភ្លេចបានសម្រាប់កូនចៅ អ៊ីស្រាអែល ជំនាន់ក្រោយ។ យ៉ាងណាក៏ដោយ រហូតមកដល់ពេលបច្ចុប្បន្ននេះ ប្រទេសអ៊ីស្រាអែល និងប៉ាឡេស្ទីន នៅតែជាគូសត្រូវនឹងគ្នាជាប់រហូតមកដល់ពេលបច្ចុប្បន្ននេះ៕
ដោយ៖ អ៊ុន រស្មី