យក្សពីរកំពុងប្រជែងគ្នា! ឥណ្ឌាស្ថាបនាផ្លូវ highway តភ្ជាប់មកប្រទេសថៃប្រជែង Silk Road របស់ចិន
កាលពីខែមុន លោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌាបានអនុម័តថវិកាក្នុងទំហំទឹកប្រាក់ប្រមាណ ២៥៦លានដុល្លារដើម្បីកែលម្អផ្លូវនៅតំបន់ដាច់ស្រយាលនៅតាមបណ្ដោយព្រំដែន ខណៈដែលមានមនុស្សតិចតួចចាប់អារម្មណ៍នឹងរឿងនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។
ទោះជាយ៉ាងណា ការសម្រេចចិត្តនាពេលនេះគឺត្រូវបានគេមើលឃើញថា វាជាផ្នែកមួយនៃផ្លូវប្រវែង ១៣៦០គីឡូម៉ែត្រនៃការបង្កើតផ្លូវ highway ត្រីភាគីដើម្បីតភ្ជាប់ទៅកាន់តំបន់ភាគឦសាន្តនៃប្រទេសឥណ្ឌា និងដើម្បីតភ្ជាប់មកកាន់ប្រទេសថៃដែលយើងអាចមើលឃើញពីរបត់ថ្មីមួយនៃការប្រជែងគ្នាលើឥទ្ធិពលសេដ្ឋកិច្ច និងយុទ្ធសាស្ត្ររវាងមហាយក្សក្រុងប៉េកាំងនិងក្រុងញូដេលី។
តាមប្រភពដដែលត្រឹមតែពីរឆ្នាំជាប់គ្នាប៉ុណ្ណោះ ឥណ្ឌាបានចុះហត្ថលេខាលើគម្រោងអភិវឌ្ឍផ្លូវទំហំទឹកប្រាក់ដល់ទៅ ៤.៧ពាន់លានដុល្លារក្នុងនោះក៏មានផ្លូវចេញពី Moreh នៅ Manipur ឥណ្ឌាកាន់តាម Tamu នៅមីយ៉ាន់ម៉ានិងឆ្លងមកដល់ Mae-Sot ប្រទេសថៃទៀតផង។
គម្រោងស្ថាបនាផ្លូវរបស់ឥណ្ឌាត្រូវតែរួសរាន់ព្រោះថា ចិន បាននិងកំពុងជំរុញការស្ថាបនាលើគំនិតផ្ដួចផ្ដើមនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតយក្ស One Belt One Road ដែលគ្រោងនេះគ្រោងចំណាយថវិកាប្រមាណ ពាក់កណ្ដាលពាន់ពាន់លានដុល្លារដែលផ្លូវនោះឆ្លងកាត់ប្រទេសចំនួន ៦២៕