នរណាគេជាបុរសដែកថែប Elon Musk ?
បច្ចេកវិទ្យាដ៏ច្នៃប្រឌិតជឿនលឿននាសតវត្សទី២១នេះ បានឆ្លុះបញ្ចាំងពីខួរក្បាលដ៏ឈ្លាសវៃនិងសមត្ថភាពដែលឥតមានដែនកំណត់របស់មនុស្សលោក។ គំនិតដ៏អស្ចារ្យទាំងនោះ បាននាំទៅរកសំណួរមួយថា តើ១សតវត្សក្រោយ មនុស្សជាតិយើងអាចក្លាយជាអម្បូរសត្វដំបូងគេបង្អស់ដែលអាចកាន់កាប់ទឹកដីរបស់ភពអង្គារបានទេ ? សំណួរនេះហើយគឺជាចក្ខុវិស័យរបស់ក្រុមហ៊ុន Space X របស់បុរសដែកថែប Elon Musk ដែលបច្ចុប្បន្នក្ដោបក្ដាប់លើទ្រព្យសម្បត្តិចំនួន១២.៩ពាន់លានដុល្លារក្នុងវ័យខ្ទង់៤០ឆ្នាំរបស់ខ្លួន។ តើបុរសដែកថែបនេះជានរណា ? Elon Musk មានដើមកំណើតជាជនជាតិអាហ្វ្រិកខាងត្បូង ហើយមហិច្ឆតារបស់គាត់ដែលចង់ផ្លាស់ប្ដូរពិភពលោកបាននាំគាត់ឲ្យចាកចេញពីទីកន្លែងដែលមិនស័ក្ដិសមនឹងខ្លួនមួយនេះ ដើម្បីពង្រីកចំណេះដឹងរបស់ខ្លួននៅដែនដីរបស់អាមេរិកក្នុងវ័យ១៧ឆ្នាំ។ គាត់ជាក្មេងម្នាក់ដែលមិនចូលចិត្តវិធីសាស្ត្ររៀនសូត្ររបស់សាលានោះទេ។ ចំណេះដឹងរបស់គាត់ទាំងប៉ុន្មានសុទ្ធសឹងតែទទួលបានមកពីការជក់ចិត្តដិតអារម្មណ៍អង្គុយអានសៀវភៅនិងរៀនសូត្រស្រាវជ្រាវដោយខ្លួនឯងទាំងអស់។ បងប្រុសរបស់គាត់បាននិយាយថា Elon អានសៀវភៅ២ក្បាលក្នុង១ថ្ងៃ។ នៅក្នុងភាពជាយុវវ័យរបស់Elon ប្រធានបទដែលទាក់ទាញចំណាប់អារម្មណ៍របស់គាត់មានចាប់តាំងពីវិទ្យាសាស្ត្របែបប្រឌិត ទស្សនវិជ្ជា សាសនា សរសេរប្រូក្រាម និងជីវប្រវត្តិរបស់អ្នកវិទ្យាសាស្ត្រ វិស្វករ និងសហគ្រិន។ រហូតដល់វ័យជំទង់ ជំនក់ចិត្តចង់ចេះចង់ដឹងរបស់គាត់បានជំរុញគាត់ឲ្យស្រាវជ្រាវអាននូវប្រធានបទផ្សេងទៀតជាច្រើនដូចជា រូបវិទ្យា វិស្វកម្ម ការរចនាផលិតផល ការធ្វើអាជីវកម្ម បច្ចេកវិទ្យា និងថាមពល។ កាលពីគាត់ជាក្មេងអាយុ១២ឆ្នាំ គាត់បានប្រើប្រាស់ចំណេះដឹងរបស់ខ្លួនយកទៅអនុវត្តជាក់ស្ដែង ដើម្បីបង្កើតជាវីដេអូហ្គេមមួយប្រភេទ ដែលគំនិតរបស់ក្មេងដ៏ច្នៃប្រឌិតនេះត្រូវបានទស្សនាវដ្ដីកុំព្យូទ័រទិញក្នុងតម្លៃ៥០០ដុល្លារ ដែលស្មើនឹងតម្លៃ១,២០០ដុល្លារក្នុងពេលបច្ចុប្បន្ន។ ចាស់ៗតែងនិយាយថា ចេះដប់មិនស្មើប្រសព្វមួយ។ យ៉ាងណាមិញ កំពូលអ្នកច្នៃប្រឌិត Elon Musk បានក្លាយជាឧទាហរណ៍មួយដែលបញ្ជាក់នូវភស្តុតាងថាទស្សនបែបនេះគ្រាន់តែជាផ្នត់គំនិតមិនត្រឹមត្រូវប៉ុណ្ណោះ។ ក្រុមហ៊ុនអវកាស SpaceX ដែលមានអង្គការស្រាវជ្រាវអវកាសលំដាប់ពិភពលោក NASA ជាអតិថិជនប្រចាំការ បានទាក់ទាញនូវម្ចាស់ភាគហ៊ុនកំពូលៗជាច្រើន ដែលឥឡូវនេះមានតម្លៃប្រមាណ១២ពាន់លានដុល្លារឯណោះ។ Elon Musk ធ្លាប់បាននិយាយថា៖ "ពួកយើងកំពុងតែស្ថិតនៅក្នុងសម័យកាលមួយដែលយល់ថា ទំនោរដ៏តូចចង្អៀតនៃការធ្វើជាអ្នកឯកទេសក្នុងផ្នែកមួយជាក់លាក់គឺជាភាពសមហេតុផល ធម្មជាតិនិងជាបំណងដែលមនុស្សគ្រប់គ្នាចង់បាន។ ប៉ុន្តែក្នុងដំណាលពេលជាមួយគ្នានេះ មនុស្សជាតិកំពុងតែត្រូវបានរារាំងពីការយល់ដឹងដ៏ទូលំទូលាយ។ ភាពជាអ្នកឯកទេសបានបង្កើតនូវអារម្មណ៍ដាច់តែឯងពីគេ គ្មានប្រយោជន៍ និងការភ័ន្តច្រឡំក្នុងបុគ្គលម្នាក់ៗ។ ម្យ៉ាងទៀត វាថែមទាំងបានជំរុញឲ្យមនុស្សម្នាក់ៗទុកចោលនិងរុញទំនួលខុសត្រូវក្នុងការគិតនិងបញ្ហាសង្គមទៅលើអ្នកដទៃផ្សេងទៀត។ ភាពជាអ្នកឯកទេសបានបង្កើតនូវភាពលម្អៀងដែលចុងក្រោយក៏ប្រមូលផ្ដុំគ្នាទៅជាភាពមិនចុះសម្រុងគ្នារបស់អន្តរជាតិនិងរបស់មនោគមវិជ្ជា ហើយចុងក្រោយក៏បង្កើតជាសង្គ្រាម"។ ក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗរបស់គាត់ចំនួន៣ កំពុងតែផ្លាស់ប្ដូរពិភពលោកទាំងមូលជាមួយនឹងចក្ខុវិស័យដ៏ច្នៃប្រឌិតខ្ពស់របស់គាត់។ គាត់មានចក្ខុវិស័យផ្លាស់ប្ដូរឧស្សាហកម្មរថយន្តរបស់ពិភពលោកជាមួយនឹងបច្ចេកវិទ្យាទំនើបប្រើប្រាស់ថាមពលកកើតឡើងវិញ ដែលអាចឲ្យមនុស្សជាតិមានថាមពលប្រើប្រាស់គ្រប់គ្រាន់ក្នុងពេលអនាគត ជាមួយនឹងក្រុមហ៊ុនរថយន្ត Tesla។ ការរិះរកច្នៃប្រឌិតប្រើប្រាស់ថាមពលកកើតឡើងវិញ តែងតែស្ថិតនៅក្នុងចំណាប់អារម្មណ៍របស់គាត់ជានិច្ច ហើយវាក៏នាំគាត់ទៅរកគំនិតបង្កើតក្រុមហ៊ុន SolarCity ក្នុងឆ្នាំ២០០៦ ដើម្បីបង្កើតនូវផ្ទាំងសូឡាដែលធំនិងចំណាយថវិកាតិច ក្នុងគោលបំណងកាត់បន្ថយការប្រើប្រាស់ផូស៊ីលឥន្ធនៈនិងបង្កើននូវសក្ដានុពលរបស់ថាមពលកកើតឡើងវិញ។ ] អាថ៌កំបាំងនៅពីក្រោយចំណេះដឹងរបស់គាត់គឺជាការចាត់ទុកការរៀនសូត្រឲ្យដូចជាមែកឈើ។ អ្នកត្រូវប្រាកដថា អ្នកបានយល់ច្បាស់អំពីគោលការណ៍មូលដ្ឋានរបស់វា ដែលជាឫសនិងដើម មុននឹងឈានដល់ស្លឹកឬជាទិន្នន័យលម្អិតអំពីវា។ បើពុំនោះទេ ស្លឹកទាំងនោះនឹងមិនមានអ្វីសម្រាប់ទ្រទ្រង់វាឬសម្រាប់ឲ្យវាពឹងផ្អែកនោះឡើយ។ បើអ្នកសង្កេតមើលរបៀបដែលមនុស្សឈ្លាសវៃបង្រៀនខ្លួនឯង អ្នកនឹងកត់សម្គាល់ថាពួកគេចេះដោយការយល់ ពុំមែនជាការទន្ទេញឲ្យតែចាំមាត់នោះឡើយ។ នៅពេលគេសិក្សាពីឫសគល់អំពីហេតុដែលនាំមកនូវផលរបស់អ្វីមួយ នោះពួកគេនឹងអាចយល់បានពីដំណើរការណ៍ទាំងស្រុងរបស់វា។ ចំណេះដឹងដែលកើតបានដោយយល់ ទោះចង់បំភ្លេចក៏បំភ្លេចមិនបានដែរ។ ម្យ៉ាងទៀត នៅពេលរៀនស្រាវជ្រាវពីប្រធានបទផ្សេងៗគ្នាជាច្រើន នោះអ្នកនឹងអាចរកឃើញទំនាក់ទំនងពីប្រធានបទមួយទៅមួយទៀត។ ទំនាក់ទំនងឆ្លងកាត់ប្រធានបទផ្សេងៗគ្នានេះហើយ គឺជាចំណុចចាប់ផ្ដើមនៃការច្នៃប្រឌិតអស្ចារ្យទាំងឡាយនោះ៕
ដោយ៖ ស្រីពៅ