តើចំណេះពីការចេះសរសេរកូដ(អ្នកIT) អាចជួយអ្នកដោះស្រាយបញ្ហាក្នុងជីវិតយ៉ាងដូចម្ដេច ?
ពិភពលោកនាសតវត្សទី២១នេះត្រូវបានហ៊ុមព័ទ្ធទៅដោយកូដគ្រប់ទីកន្លែងទាំងអស់។ យើងមិនចាំបាច់គិតទៅដល់បច្ចេកវិទ្យាដ៏ឈ្លាសវៃដែលបង្កើតមនុស្សសិប្បនិម្មិតសម្រាប់បម្រើការងារជាច្រើនជំនួសមនុស្សនោះទេ ប៉ុន្តែគ្រាន់តែសម្លឹងមើលឧបករណ៍អេឡិចត្រូនិកនៅក្នុងផ្ទះអ្នកក៏បានដែរ។ នៅក្នុងទូរស័ព្ទរបស់អ្នក បណ្ដាញសង្គម Facebook ដែលអ្នកប្រើប្រាស់ដើម្បីបង្កើតទំនាក់ទំនង គេហទំព័រដែលអ្នកប្រើជាស្ពានដើម្បីផ្សព្វផ្សាយផលិតផលឬសេវាកម្មរបស់អ្នកទៅអតិថិជន ឬក៏ស្វែងរកការងារធ្វើជាដើម ប្រយោជន៍ដែលវាផ្ដល់ឲ្យជីវិតរបស់អ្នកស្ទើរតែពិបាកនឹងឲ្យអ្នកចៀសពីការមិនប្រើប្រាស់របស់ទាំងនេះណាស់។
នៅពីក្រោយគេហទំព័រដែលរចនាយ៉ាងទាក់ទាញនិងស្រស់ស្អាត ដែលអ្នកតែងចុចចូលឃើញទាំងនោះ សុទ្ធតែជាភាសាកូដដែលគេសរសេរឡើងសម្រាប់ដំណើរការណ៍ការងារទាំងនោះបាន។ តើនេះមានន័យថា ទំនោរផ្លាស់ប្ដូររបស់ពិភពលោកកំពុងតែតម្រូវអ្នកឲ្យចេះពីភាសាកូដ និងបង្កើតកម្មវិធីដោយខ្លួនឯងដែរតើមែនទេ ? តាមពិតទៅអ្នកមិនចាំបាច់ត្រូវចេះពីរបៀបបើកយន្តហោះ បើទោះជាពិភពលោកកំពុងតែប្រើប្រាស់យន្តហោះដោយចៀសមិនបាននោះឡើយ។
រៀនរូបវិទ្យាដើម្បីឲ្យដឹងថានៅពេលប៉ះនឹងឆ្នាំងដែលកំពុងតែត្រូវកម្ដៅ ដៃអ្នកនឹងរលាក ក៏ព្រោះតែឆ្នាំងធ្វើឡើងពីដែក ហើយដែកគឺជាអង្គធាតុចម្លងចរន្តអគ្គិសនី ដូច្នេះអ្នកនឹងចេះការពារខ្លួនឯង និងយកដៃទៅកាន់ផ្នែកដែលមិនចម្លងចរន្តដែលជាអ៊ីសូឡង់វិញ។ រៀនជីវវិទ្យាដើម្បីឲ្យដឹងថាខ្វះអុកស៊ីហ្សែនសម្រាប់បញ្ជូនទៅកាន់ខួរក្បាល នោះវានឹងទទួលលទ្ធផលបែបណាខ្លះ។
ដូចគ្នាដែរ បើអ្នកចង់រៀនសរសេរកូដ ឬបង្កើតកម្មវិធី កុំរៀនក៏ព្រោះតែយល់ឃើញតែម្យ៉ាងថាចំណេះនេះនឹងបើកចំហឱកាសទីផ្សារការងារខ្ពស់ដល់អ្នក ប៉ុន្តែត្រូវគិតថាចំណេះនេះនឹងបង្រៀននូវសមត្ថភាពមានតម្លៃមួយចំនួនដែលមានប្រយោជន៍សម្រាប់អ្នកយកទៅប្រើប្រាស់នៅក្នុងជីវិតជាក់ស្ដែង។ នៅពីក្រោយកម្មវិធីមួយឬគេហទំព័រមួយ អ្នកត្រូវប្រើប្រាស់គណិតវិទ្យាដើម្បីបង្កើតចំណោទបញ្ហា ឬបង្កើតលក្ខខ័ណ្ឌ ដូច្នេះអ្នកត្រូវដឹងថាតើលក្ខខ័ណ្ឌរបស់អ្នកនឹងមានឥទ្ធិពលទៅលើផលរបស់វាបែបណា ហើយថាតើត្រូវឆ្លើយតបបែបណាជាមួយនឹងការclickរបស់អ្នកម្ដងៗ។
ចំណេះនេះនឹងបណ្ដុះនូវសមត្ថភាពរបស់អ្នកក្នុងការគិតវិភាគដើម្បីដោះស្រាយបញ្ហាក្នុងជីវិតជាក់ស្ដែង។ ម្យ៉ាងវិញទៀត ការរៀនសរសេរកូដ គឺជាការរៀនពីរបៀបនៃការរៀន។ មានន័យថាអ្នកត្រូវមានភាពសកម្មដោយខ្លួនឯងក្នុងការចេះស្រាវជ្រាវរកវិធីសាស្ត្រក្នុងការរៀនបែបណាទើបមានប្រយោជន៍និងមានប្រសិទ្ធភាពសម្រាប់ខ្លួនឯង និងតាមទាន់ភាពជឿនលឿនរបស់បច្ចេកវិទ្យាថ្មីៗ ដែលមិនដូចនឹងអ្វីដែលអ្នកធ្លាប់មាននៅក្នុងថ្នាក់នោះឡើយ។ ការរៀនភាសាកូដ ក៏ដូចជារៀនភាសាបរទេសដូចជាអង់គ្លេស ចិន ឬបារាំងដូច្នោះដែរ។
ការរៀនភាសាថ្មីនឹងធ្វើឲ្យអ្នកមើលឃើញពិភពលោកក្នុងរូបភាពថ្មីប្លែកពីមុន និងបើកចំហការគិតរបស់អ្នកឲ្យមានភាពទូលំទូលាយ ដូចនេះអ្នកក៏មានគំនិតច្រើនក្នុងការដោះស្រាយបញ្ហាផងដែរ៕
ដោយ៖ ស្រីពៅ