ស្វែងយល់អំពីទិដ្ឋភាពទូទៅនៃពាក្យថា «សេដ្ឋកិច្ច»!
ការរស់នៅរបស់មនុស្សក្នុងក្រុមគ្រួសារ សហគមន៍ និងសង្គមនីមួយៗ ត្រូវមានជាចាំបាច់នូវរបស់របរ ប្រើប្រាស់គ្រប់បែបយ៉ាង ដែលឆ្លុះបញ្ចាំងឱ្យឃើញពីទំនាក់ទំនងរវាងការរស់នៅរបស់មនុស្សជាមួយនឹងធម្មជាតិ ឬ ទំនាក់ទំនងរវាងមនុស្ស និង មនុស្ស។
ដើម្បីរស់ មនុស្សត្រូវមានអាហារ ត្រូវស្លៀកពាក់ ត្រូវមានជម្រក។ តម្រូវការចាំបាច់ដំបូងបំផុតរបស់មនុស្ស គឺអាហារ សម្លៀកបំពាក់ និងជម្រក។ បន្ទាប់មកទៀត ក្នុងការរស់នៅតែងមានលេចចេញនូវសេចក្តីត្រូវការផ្សេងៗ ទៀត ដែលមានលក្ខណៈស្មុគស្មាញទាក់ទងទៅនឹងការរីកចម្រើននៃវ័យនិងស្ថានភាពផលិតកម្មសង្គម។ មិនតែ ប៉ុណ្ណោះ ដោយសារមនុស្សរស់នៅក្នុងសង្គម មនុស្សត្រូវការការអប់រំ (ផ្តល់ចំណេះដឹង) វប្បធម៌ប្រពៃណី វិទ្យា សាស្ត្រ បច្ចេកទេស បទពិសោធន៍ និង ច្បាប់សង្គម។ល។ ដើម្បីបំពេញសេចក្តីត្រូវការខាងលើ មនុស្សត្រូវតែមានការភ្ញាក់រលឹក ហើយខិតខំធ្វើការស្រាវជ្រាវ ឬរកគ្រប់ មធ្យោបាយ ដើម្បីប្រកបមុខរបរផ្សេងៗសម្រាប់ចិញ្ចឹមជីវិតមានដូចជា ប្រមាញ់ នេសាទ សិប្បកម្ម កសិកម្ម ផលិត កម្មទ្រព្យសម្ភារៈ សេវាផ្សេងៗជាដើម។
នេះបញ្ជាក់ឱ្យឃើញថា មនុស្សរស់នៅយ៉ាងជិតស្និទ្ធជាមួយនឹងធម្មជាតិ ហើយយកធម្មជាតិនៅជុំវិញខ្លួនមកបំពេញសេចក្តីត្រូវការរបស់ខ្លួន។ ឧទាហរណ៍ មនុស្សចេះកាប់ឈើធ្វើផ្ទះ មនុស្សចេះដាំដើមឈើ ចេះចាប់ត្រី ប្រមាញ់សត្វធ្វើម្ហូប មនុស្សបង្កើត និងប្រើប្រាស់ឧបករណ៍ទំនើបៗដើម្បីបំពេញ តម្រូវការរបស់ខ្លួនក្នុងការរស់នៅ និងកែច្នៃធម្មជាតិបន្តទៀត។ សកម្មភាពការងារទាំងនេះរបស់មនុស្សគឺជា បាតុភូតនៃដំណើរវិវឌ្ឍន៍សេដ្ឋកិច្ច។ ដំណើរសេដ្ឋកិច្ចបានវិវឌ្ឍទៅរកការរីកចម្រើនកាន់តែប្រសើរឡើង ធ្វើឱ្យមនុស្សកាន់តែមានជីវភាពសមរម្យ និងមានឧបករណ៍សម្ភារៈប្រើប្រាស់គ្រប់បែបយ៉ាងតាំងពីសម្ភារៈតូចតាចរហូតដល់ម៉ាស៊ីនដែលអាចជួយសម្រួល ការងាររបស់មនុស្សបាន (ការងារខ្លះមនុស្សមិនអាចធ្វើបាន ម៉ាស៊ីនអាចធ្វើបានប្រកបដោយប្រសិទ្ធភាពនិងល្អ ឥតខ្ចោះ)។ សរុបមក គ្រប់ទំនិញទាំងអស់ដូចជា សម្លៀកបំពាក់ ឧបករណ៍ប្រើប្រាស់ក្នុងគេហដ្ឋាន រថយន្ត កុំព្យូរទ័រ ម៉ាស៊ីនថត ...... ជាកម្មវត្ថុនៃសេដ្ឋកិច្ច ព្រោះវាត្រូវបានគេទិញ និងលក់៕
ដោយ៖ ប៉ុម ទូច