ប្រធាន​​ IMF ​លោក​ស្រី​ Christine Lagarde​ ជា​ស្ត្រី​មាន​ឥទ្ធិពល​លំដាប់​លេខ ៦ ​ក្នុង​លោក​​ តើ​លោក​ស្រី​មាន​លក្ខណៈ​ពិសេស​យ៉ាងណា?​​​



​​ចាប់​តាំង​ពី​ឆ្នាំ​២០១១​ មក​ ​លោកស្រី Christine Madeleine Odette Lagarde ​ដែល​មាន​​សញ្ជាតិ​បារាំង​​បាន​ក្លាយ​ជា​​ប្រធាន​គ្រប់គ្រង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ IMF ​ដែល​មាន​សមាជិក​ ១៨៩​ប្រទេស​ ជំនួស​លោក​ Dominique Strauss-Kahn។ ​ទាំង​នៅ​ឆ្នាំ​​​​២០១៥ ​និង​ឆ្នាំ​២០១៦​ ​​លោកស្រី​បាន​ស្ថិត​នៅ​ក្នុង​ចំណាត់ថ្នាក់​លេខ ៦ ​ក្នុង​​ចំណោម​ស្ត្រី​ដែលមា​ន​ឥទ្ធិពល​ជាងគេ​នៅ​លើ​លោក​​ទាំង ២៥​នាក់ដែល​ដាក់​ចំណាត់​ថ្នាក់​ដោយ​ទស្សនាវដ្ដី​ Forbes។ ​ ​ ​​កើត​នៅ​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ ១៩៥៦ នៅក្នុង​ទីក្រុង ប៉ារីស​ប្រទេស​បារាំង ឪពុក​លោកស្រី​ឈ្មោះ Robert Lallouette មានការ​ងារ​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស និង ម្តាយ​ឈ្មោះ Nicole ជា​គ្រូបង្រៀន​ភាសា ក្រិ​ក បារាំង និង​ភាសា ឡាទីន ។ លោកស្រី Lagarde និង​បងប្អូន​បី​នាក់​ទៀត​ និង​បាន​​រស់នៅក្នុង​សង្កាត់ Le Havre ក្នុង​ទីក្រុង​ប៉ារីស និង បាន​ចូលរៀន​នៅ​សាលា Lycée François 1er និង សាលា Lycée Claude Monet ។ កាលពី​នៅ​ជា​យុវវ័យ​លោកស្រី Lagarde គឺជា​សមាជិក​ក្រុម​ជម្រើស​ជាតិ​ហែល​ទឹក​មួយ​រូប​ផងដែរ​។​ ​នៅ​ឆ្នាំ​១៩៧៣ បន្ទាប់ពី​លោកស្រី​បានបញ្ចប់​ថ្នាក់​វិទ្យាល័យ​លោកស្រី​បាន​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក​នៅក្នុង​សាលា Holton-Arms School ។ នៅក្នុងពេល​សិក្សា​នៅ​អាមេរិក​លោកស្រី​បាន​ចូល​ហាត់​ការងារ​នៅឯ​វិមាន​កា​ពី​តូ​ល អាមេរិក​ក្នុងនាម​ជា​អ្នកតំណាង​ជំនួយការ​សភា​របស់លោក William Cohen ដើម្បី​ជួយ​ឆ្លើយឆ្លង​ព័ត៌មាន​គ្នា​ជា​ភាសា​បារាំង ។ លោកស្រី Lagarde បានបញ្ចប់​ការសិក្សា​មកពី​សាកលវិទ្យាល័យ Paris West University Nanterre La Defense ថ្នាក់អនុបណ្ឌិត ភាសា​អង់គ្លេស  នីតិការងារ​ និង​នីតិ​សង្គម ។ លើសពីនេះទៅទៀត​ លោកស្រី​ក៏​ទទួលបាន​សញ្ញាប័ត្រ​អនុបណ្ឌិត​ផ្សេងទៀត​ មកពី​វិទ្យាស្ថាន Institut d’études politiques d’Aix-en-Provence ផងដែរ​។ ​ ​នៅក្នុង​ឆ្នាំ ១៩៨១ លោកស្រី Lagarde បាន​ចូល​បម្រើ​ការងារ​នៅក្នុង​ក្រុមហ៊ុន​ច្បាប់​អន្តរជាតិ​ដ៏​ធំ​មួយ​នៅក្នុង​ទីក្រុង Chigago មាន​ឈ្មោះថា Baker & McKenzie ដោយ​លោកស្រី​មាន​តួនាទី​ដោះស្រាយ​​បញ្ហា​រំលោភ​ច្បាប់​ការងារ​។ ដោយបាន​ចំណាយពេល អស់​រយៈពេល ​៦ ឆ្នាំ​ក្នុង​ការងារ​នេះ លោកស្រី​ត្រូវ​បាន​គេ​តែងតាំង​ជា ​ប្រធាន​ក្រុមហ៊ុន​ច្បាប់​អន្តរជាតិ​នៅ​អឺរ៉ុប​ខាងលិច។ នៅក្នុង​ឆ្នាំ ១៩៩៥ លោកស្រី​បាន​ចូលរួម​ជាមួយ​គណៈកម្មកា​រ​ប្រតិបត្តិ ដោយ​លោកស្រី​ត្រូវបាន​គេ​បោះឆ្នោត​ឲ្យ​ធ្វើជា​ប្រធាន​គណៈកម្មការ និង​បាន​ក្លាយជា​ស្ត្រី​ទីមួយ​កាន់​មុខតំណែង​មួយ​នេះ​ដោយ​មិន​ធ្លាប់មាន​ពីមុន​ក្នុង​តែ​តុលា​ឆ្នាំ ១៩៩៩ ។ មកទល់នឹង​ឆ្នាំ ២០០៤ លោកស្រី Lagarde បាន​ក្លាយជា​ប្រធាន គណៈកម្មាធិការ​យុទ្ធសាស្ត្រ​សកល​ផងដែរ​។ ​ ​នៅ​ឆ្នាំ ២០០៧ លោកស្រី Lagarde បាន​ទៅ​ចូលរួម​ជាមួយ​ក្រសួងកសិកម្ម ដែលជា​ផ្នែក​មួយ​នៃ​រដ្ឋាភិបាល​បារាំង Francois Fillon ។ ប៉ុន្មាន​ខែក្រោយ​ពី​បាន​ចូលរួម​ជាមួយ Francois Fillon លោកស្រី​បាន​ចូលធ្វើការ​នៅ​គណៈរដ្ឋមន្ត្រី ក្នុង​ក្រសួង​កិច្ចការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង ការងារ ដែលជា​ស្ត្រី​ទីមួយ​មិន​ធ្លាប់មាន ក្នុងការ​ទទួលបន្ទុក​គោលនយោបាយ​កិច្ចការ​សេដ្ឋកិច្ច​របស់​បារាំង ។ ​ ​នៅ​ថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១១ លោកស្រី Lagarde បានប្រកាស​ឈរឈ្មោះ​ជា​បេក្ខជន ប្រធាន​ដឹកនាំ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF ដោយ​លោកស្រី​បានទទួល​ជោគជ័យ​ក្រោយ​លោក Dominique Strauss-Kahn ចុះ​ចេញពី​តំណែង​។ នៅពេលដែល​លោកស្រី​បាន​ឈរឈ្មោះ​ជា​បេក្ខភាព​លោកស្រី​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ពី ចក្រភព​អង់គ្លេស ឥណ្ឌា អាមេរិក ប្រេ​ស៊ី​ល រុស្សី ចិន និង រដ្ឋាភិបាល អាល្លឺម៉ង់​។ នៅ​ថ្ងៃទី ២៨ មិថុនា ឆ្នាំ ២០១១ ដដែល លោកស្រី Lagarde ត្រូវបាន​គេ​បោះឆ្នោត​ឲ្យ​ធ្វើជា​អ្នកចាត់ការ​ទូទៅ និង ជា​ប្រធាន​គ្រប់គ្រង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ក្នុង​រយៈពេល ៥ ឆ្នាំ គឺ​ចាប់ពី​ថ្ងៃទី ៥ កក្កដា ២០១១ មក៕​​ ​​ ​
X
5s