ជំនឿតែមួយគត់ធ្វើឲ្យអ្នកជោគជ័យគឺ....!​



លោកស្រី ម៉ារី ឃ្យូរី ​ អ្នក​វិទ្យាសាស្ត្រ​ប៉ូឡូញ​ ​ធ្លាប់​បាន​​មាន​ប្រសាសន៍​ថា៖ "គ្មាន​អ្វី​សោះ​ឡើយ​នៅ​ក្នុង​ជីវិត​នេះ​ដែល​យើង​ត្រូវ​ភ័យខ្លាច វា​គ្រាន់តែ​ជា​អ្វី​ដែល​អ្នក​ត្រូវ​យល់​អំពី​វា​តែ​ប៉ុណ្ណោះ។ ឥឡូវ​នេះ​គឺជា​ពេល​មួយ​ដែល​អ្នក​ត្រូវ​យល់​អំពី​វា នៅ​ពេល​នោះ​ពួក​យើង​នឹង​មិន​សូវ​ភ័យខ្លាច​ទៀត​នោះ​ទេ"។

មិន​ថា​អ្នក​ចង់​សម្រេច​ឲ្យ​បាន​អ្វី​នៅ​ក្នុង​ជីវិត​ក៏​ដោយ មិន​ថា​ជា​គោលដៅ​ជីវិត​នោះ​ឆ្កួត​លីលា​សម្រាប់​មនុស្ស​ជុំវិញ​ខ្លួន​អ្នក​ក៏​ដោយ មិន​ថា​ជា​អ្នក​ត្រូវ​ដើរ​ដួល​ប៉ុន្មាន​ដង​ក៏​ដោយ របស់​តែ​ម្យ៉ាង​គត់​ដែល​អ្នក​ត្រូវតែ​មាន​មុន​អ្វីៗ​ទាំងអស់​នោះ​គឺជា​ភាព​ជឿជាក់​លើ​ខ្លួនឯង។

រាល់​ការ​ប្រយុទ្ធ​ទាំងអស់​ត្រូវ​តែ​យក​ជ័យជម្នះ​ឲ្យ​បាន​ពីរ​ដង មុន​ដំបូង​គេ​បង្អស់​គឺ​ត្រូវ​យក​ឈ្នះ​លើ​ខ្លួនឯង​ឲ្យ​បាន​ជា​មុន​សិន។ មិន​ខ្វល់​ថា​អ្នក​កំពុង​តែ​បណ្ដុះ​ការ​គិត​របៀប​ណា​នោះ​ទេ គ្រាប់​ពូជ​ដែល​អ្នក​បណ្ដុះ​មក​បែប​ណា វា​នឹង​លូតលាស់​ក្លាយ​ជា​បែប​នោះ​ឯង។ មិន​សំខាន់​នៅ​ត្រង់​ថា​តើ​អ្នកដទៃ​គេ​យល់​ឃើញ​បែប​ណា​ចំពោះ​អ្នក​នោះ​ទេ អ្វី​ដែល​សំខាន់​គឺ​នៅ​ត្រង់​ថា​តើ​អ្នក​គិត​បែប​ណា​ចំពោះ​ខ្លួនឯង។

អំនួត​ក្អេងក្អាង​និង​ជំនឿ​ទុកចិត្ត​លើ​ខ្លួនឯង គឺជា​រឿង​ពីរ​មិន​ដូច​គ្នា​នោះ​ទេ។ អំនួត​ក្អេងក្អាង​គឺជា​ការ​មិន​ទទួល​ស្គាល់​ចំពោះ​ភាព​ឆោតល្ងង់​របស់​ខ្លួន ជឿជាក់​លើ​ចំណេះដឹង​ដែល​ខ្លួន​កំពុង​តែ​មាន ហើយ​មិន​ចេះ​ដាក់​ខ្លួន​រៀន​សូត្រ​និង​ពង្រីក​ដែន​កំណត់​នៃ​ចំណេះដឹង​របស់​ខ្លួន។ ដោយឡែក មនុស្ស​ដែល​មាន​ជំនឿ​ជឿជាក់​លើ​ខ្លួនឯង ស្គាល់​ច្បាស់​ពី​ភាព​ល្ងង់ខ្លៅ​របស់​ខ្លួនឯង ជាហេតុ​នាំឲ្យ​ពួកគេ​ដាក់​ខ្លួន​រៀន​សូត្រ​ជានិច្ច ប៉ុន្តែ​ពួកគេ​នៅ​តែ​មាន​ភាព​ជឿជាក់​លើ​ខ្លួនឯង​ថា​ពួកគេ​នៅ​តែ​អាច​សម្រេច​គោលដៅ​របស់​ខ្លួន​បាន បើ​ទោះ​ជា​ខណៈ​នេះ​ចំណេះដឹង​របស់​ពួកគេ​នៅ​មាន​កម្រិត​ក្ដី។

មាន​ពេល​ខ្លះ​អ្នក​មិន​ចាំបាច់​គិត​ទុក​មុន​ថា​តើ​អ្នក​ត្រូវ​រៀបចំ​ផែនការ​បែប​ណា ដើម្បី​សម្រេច​ដល់​គោលដៅ​អ្នក​នោះ​ទេ ព្រោះ​ឲ្យ​តែ​អ្នក​មាន​ភាព​ជឿជាក់​លើ​ខ្លួនឯង​និង​ជក់ចិត្ត​លើ​អ្វី​ដែល​ខ្លួន​កំពុង​តែ​ធ្វើ នោះ​របស់​ទាំង​ពីរ​យ៉ាង​នេះ​នឹង​ដុត​បញ្ឆេះ​ភ្លើង​នៅ​ក្នុង​ចិត្ត​អ្នក នៅ​ពេល​នោះ​គឺ​កម្លាំង​ដ៏​ខ្លាំងក្លា​នេះ​ឯង​ដែល​ផ្ដល់​តម្រុយ​ជា​អ្នក​ណែនាំ​ផ្លូវ​អ្នក​ថា​ផ្លូវ​ណា​ត្រឹមត្រូវ​សម្រាប់​អ្នក​យ៉ាង​ពិត​ប្រាកដ។

មនុស្ស​ដែល​មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង​ហើយ ភាព​នឹងន​នៅ​ក្នុង​ខ្លួន​នឹង​ចាក់​គ្រឹះ​ដ៏​រឹងមាំ​ដែល​ផ្ដល់​ជា​គោលជំហរ ដែល​មិន​ងាយ​នឹង​បោកបក់​រេរាំ​ទៅ​តាម​អ្នក​ណា​ម្នាក់​នោះ​ឡើយ មិន​ខ្វល់​ថា​អ្នក​ទាំងនោះ​មាន​ឥទ្ធិពល​មក​លើ​ពួកគេ​ដើម្បី​ឲ្យ​បោះបង់​ក៏​ដោយ។ អ្នក​ត្រូវ​ប្រាកដ​ចិត្ត​ចំពោះ​ខ្លួនឯង ជឿជាក់​ថា​ខ្លួនឯង​អាច​ធ្វើ​បាន​ជា​មុន​សិន ទើប​អ្នក​អាច​ឈាន​ដល់​ដំណាក់កាល​បន្ទាប់​ដើម្បី​បញ្ជាក់​ភស្តុតាង​ដល់​មនុស្ស​ទាំងឡាយ​ដែល​មិន​ទុកចិត្ត​លើ​សមត្ថភាព​អ្នក​ឲ្យ​ពួកគេ​ភ្ញាក់​ខ្លួន​ថា​តាម​ពិត​គឺ​ពួកគេ​នេះ​ឯង​ជា​អ្នក​គិត​ខុស​មក​លើ​អ្នក។

មនុស្ស​ដែល​ពោរពេញ​ដោយ​កម្លាំង​ចិត្ត​ដ៏​ពុះ​កញ្ជ្រោល ពួកគេ​នឹង​អាច​យក​ឈ្នះ​លើ​រាល់​ការ​លំបាក​ទាំងអស់ ក៏​ដើម្បី​តែ​សម្រេច​ឲ្យ​បាន​នូវ​អ្វី​ដែល​ខ្លួន​ចង់​បាន។ ដូចនេះ​មនុស្ស​ដែល​អ្នក​ជ្រើសរើស​មក​នៅ​ក្បែរ​ខ្លួន​អ្នក​កាន់តែ​សំខាន់​ទៅ​ទៀត។ មនុស្ស​ដ៏​ត្រឹមត្រូវ​សម្រាប់​អ្នក នឹង​នៅ​តែ​ផ្ដល់​កម្លាំង​ចិត្ត​ដល់​អ្នក​ជានិច្ច ជាពិសេស​ពួកគេ​ក៏​ជឿជាក់​ដែរ​ថា​អ្នក​អាច​ធ្វើ​បាន៕

ដោយ៖ ស្រីពៅ

X
5s