គណៈកម្មការមូលបត្រកម្ពុជាធ្វើការបណ្តុះបណ្តាលអ្នកសារព័ត៌មានឲ្យយល់ដឹងពីទីផ្សារមូលបត្រ​



ភ្នំំពេញ៖កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០១៧ នាទីស្នាក់ការគណៈកម្មការមូលបត្រកម្ពុជាមានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី  “ការលើកកម្ពស់ការយល់ដឹងពីទីផ្សារមូលបត្រដល់អ្នកសារព័ត៌មានកម្ពុជា”។ វគ្គបណុះបណ្តាលនេះត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយក គណៈកម្មការមូល បត្រកម្ពុជា រួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ដ៏ទៃទៀត និងមានការចូលរួមពីអ្នកសារព័ត៌មានជាតិប្រមាណជា៣០រូបមកពីស្ថាប័នសារព័ត៌មាននានា។ ថ្លែងក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម ស៊ូ សុជាតិ បានបញ្ជាក់ថា៖ “ទីផ្សារមូលបត្រជាទីផ្សារថ្មី ទំនុកចិត្តចំពោះទីផ្សារនៅមានកម្រិត ដូចនេះរាល់ព័ត៌មានដែលមានភាពមិនច្បាសលាស់ ឬការប្រើប្រាស់ពាក្យបច្ចេកទេសខុសបរិបទណាមួយ នឹងធ្វើឲ្យមានការប្រែប្រួលខ្លាំងក្នុងទីផ្សារ។ តាមរយៈនេះ គឺសរឲ្យឃើញយ៉ាងច្បាស់ពីតួនាទីដ៏សំខាន់របស់អ្នកសារព័ត៌មាន នៅក្នុងការអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជា។” “អ្នកដែលយកព័ត៌មានខ្ញុំទៅផ្សព្វផ្សាយបន្ត គឺអ្នកកាសែត ឬប្រព័ន្ធផ្សព្វផ្សាយយើង។ បើពួកខ្ញុំច្បាស់តែម្នាក់ឯង ហើយអ្នកបន្តព័ត៌មានអត់ច្បាស់ផង តើអ្នកស្តាប់ ឬសាធារណៈជនគាត់ទៅនៅកន្លែងណាទៅ?” វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង បញ្ជ្រាបចំណេះដឹងជាមូលដ្ឋានអំពីវិស័យមូលបត្រ វឌ្ឍនភាពនៃកិច្ចដំណើរការការអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជា ការពង្រឹងការអនុវត្តច្បាប់នៅក្នុងវិស័យមូលបត្រ លក្ខខណ្ឌ និងអត្ថប្រយោជន៍នៃការវិនិយោគលើមូលបត្រ និងការយល់ដឹងអំពីព័ត៌មានគន្លឹះ និងការបកស្រាយចម្ងល់ពាន់ព័ន្ធនឹងកត្តាដែលធ្វើឲ្យមានបម្រែបម្រួលថ្លៃមូលបត្រនៅលើទីផ្សារ។ វាគ្មិន ដែលមានបទពិសោធន៍លើវិស័យមូលបត្រនេះ ត្រូវបានអញ្ជើញឲ្យចូលរួមធ្វើបទបង្ហាញពីប្រធានខាងលើដល់សិក្ខាកាមដែលបានចូលរួម។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ស៊ូ សុជាតិ ក៏បានស្នើសុំសិក្ខាកាមទាំងអស់ដែលជាអ្នកសារព័ត៌មានស្រាប់ ជួយផ្សព្វផ្សាយពីហានិភ័យ នៃការវិនិយោគជាមួយក្រុមហ៊ុនដែលគ្មានអាជ្ញាបណ្ណ ដែលអាចធ្វើឲ្យអ្នកវិនិយោគត្រូវបាត់បង់នូវទឹកប្រាក់ដែលបានវិនិយោគ មួយផ្នែក ឬទាំងស្រុង។ គួរបញ្ជាក់ថា នេះជាលើកទីប្រាំមួយហើយដែលគណៈកម្មការមូលបត្រកម្ពុជារៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការលើកកម្ពស់ការយល់ដឹងពីទីផ្សារមូលបត្រកម្ពុជាដល់អ្នកសារព័ត៌មាននេះ។ ការអភិវឌ្ឍវិស័យមូលបត្រ គឺជាយុទ្ធសាស្ត្រមួយនៃវិស័យហិរញ្ញវត្ថុដែលទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ដោយមានកំណត់ក្នុង យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥។ ទីផ្សារមូលបត្រកម្ពុជា បាននឹងកំពុងចូលរួមចំណែកបំពេញបន្ថែម ធ្វើឲ្យប្រព័ន្ធហិរញ្ញវត្ថុកាន់តែមានភាពរឹងមាំ និងមានស្ថិរភាព។  
X
5s