​អេ អឹម ខេ ​​​​មាន​ចំណុច​លេច​ធ្លោ​​ ៣​យ៉ាង​ដែល​ធ្វើ​​ខ្លួន​ខុស​​ពី​គូ​ប្រកួត​ប្រជែង​​



ក្នុង​ឱកាស​សន្និសីទ​សារព័ត៌មាន​ស្ដី​អំពី «ទទួល​បាន​អត្ថប្រយោជន៍​ទ្វេដង​ពី​កម្ចី​ទិញ​ម៉ូតូ»​ ​នៅ​ទីស្នាក់ការ​កណ្ដាល​អេ​អឹម​ខេ​​ ព្រឹក​ថ្ងៃ​ទី​១​ ខែ​កញ្ញា​ នេះ​ លោក​ សួន ពិសី​ ប្រធាន​នាយក​ប្រតិបត្តិ​អាជីវកម្ម​ឥណទាន​​ និង​ធានា​រ៉ាប់រង​ខ្នាត​តូច ​បាន​​មាន​ប្រសាសន៍​ប្រាប់​ BizKhmer ​ពី​លក្ខណៈ​ពិសេស​ ៣​យ៉ាង​ដែល​ធ្វើ​ឱ្យ​ អេ អឹម ខេ​​​លេច​ធ្លោ​ និង​ខុស​ពី​គូ​ប្រកួត​ប្រជែង​លើ​ការ​ផ្ដល់​ឥណទាន​ដល់​អតិថិជន៖ ១) ​លុប​បំណុល​ចោល (Write-Off)៖ ​គ្រឹះស្ថាន​មាន​គោលការណ៍​លុបចោល​នៅ​ពេល​ម្ចាស់​បំណុល​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត។ ​​ចំណុច​នេះ​​គឺ​ជា​ចំណុច​លេច​ធ្លោ​​​មួយ​ ហើយ​គ្រឹះស្ថាន​បាន​សម្រេច​លុប​បំណុល​ចោល​ព្រោះ​មួយគឺ​ចង់​ចូល​​រួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​ផង​ ហើយ​មួយ​​ទៀត​គឺ​​មិន​ឱ្យ​គ្រួសារ​រែក​នូវ​អម្រែក​បំណុល​បន្ត។ ​បើ​តាម​របាយការណ៍​កាល​ពី​ចុង​ឆ្នាំ​២០១៦​ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ អេ អឹម ខេ​លុប​បំណុល​​ចោល​មាន​ទំហំ​ទឹក​ប្រាក់​ប្រមាណជិត​​ ២​លាន​ដុល្លារ​គិត​ចាប់​តាំង​ពី​ឆ្នាំ២០១០ មក។ ២) ​កម្ចី​សម្រាប់​គ្រាអាសន្ន៖ ដោយ​សារ​ប្រជាជន​ក្រីក្រ​​អាច​នឹង​​ជួប​បញ្ហា​អាសន្ន​ណា​មួយ​ដែល​តម្រូវ​ទៅ​សម្រាក​ ​​ព្យាបាល​​ ឬ​សង្គ្រោះ​បន្ទាន់​ នៅ​មន្ទីរពេទ្យ​​ដូច្នេះ​ហើយ​ អេ​ អឹម​ ខេ​ អាច​ផ្ដល់​កម្ចី​បាន​ជូន​អតិថិជន​​ដែល​ធ្លាប់​ខ្ចី​ហើយ ​អាច​ខ្ចី​បាន​ថែម​ទៀត​​ក្នុង​ទំហំ​ទឹក​ប្រាក់​ ១០០​ដុល្លារ​(គ្មាន​តម្រូវ​ទ្រព្យ​ធានា) ហើយ​កម្ចី​នេះ​ត្រូវ​ការ​ពេល​តែ​ ៤​ម៉ោង​ប៉ុណ្ណោះ​ដើម្បី​រៀប​ចំ​ឯកសារ។ ៣)​ ផ្ដល់​នូវ​សេវា​ធានា​រាប់​រង​​​ខ្នាត​តូច៖ គ្រឹះស្ថាន​ អេ អឹម​ ខេ​ បាន​និង​កំពុង​សហការ​ជា​មួយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​​ដើម្បី​ផ្ដល់​ជូន​សេវាកម្ម​​ធានា​រ៉ាប់រង​ផ្នែក​សុខភាព​ និង​គ្រោះ​ថ្នាក់ (ខ្នាត​តូច) ​ជូន​​អ្នក​ផ្ដល់​កម្ចី។ ​អតិថិជន​​ អេ អឹម ខេ​ទាំង​អស់​សុទ្ធ​តែ​មាន​លទ្ធភាព​អាច​បង់​លើ​ការ​ចំណាយ​សម្រាប់​ធានា​រ៉ាប់​រង​បាន​ដែល​មាន​តម្លៃ​តែ​ ៣​ម៉ឺន​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ។ ​អត្ថប្រយោជន៍​ទទួល​បាន​ដល់​ទៅ​ ៣​គឺ​ ១) ​បើ​គេង​សម្រាក​ព្យាបាល​នៅ​ពេទ្យ​ ​ទទួល​បាន​សំណង​ ២០ ០០០​រៀល​ក្នុង​មួយ​ថ្ងៃ​ ហើយ​ផ្ដល់​ជូន​ដល់​ ៦០​ថ្ងៃ​នៃ​ការ​សម្រាក​ព្យាបាល។ ​២) បើ​មាន​ការ​វះកាត់​វិញ​ គឺ​​គ្រឹះ​ស្ថាន​អាច​ផ្ដល់​ជូន​​ចំនួន​ច្រើន​បំផុត​​ដល់​ទៅ​ ៦០០ ០០០​រៀល​ឯណោះ។ ដោយ​ឡែក​ ប្រសិន​ណា​បើ​មាន​ករណី​មរណភាព​ គ្រឹះស្ថាន​នឹង​ផ្ដល់​សំណង​ជូន​ ៧ ០០០ ០០០​រៀល​សម្រាប់​ធ្វើ​បុណ្យ​​​​និង​​ទទួល​បាន​​ពី​សំណង​ផ្សេងៗ​ទៀត៕ លោក​ សួន ពិសី​ ប្រធាន​នាយក​ប្រតិបត្តិ​អាជីវកម្ម​ឥណទាន​​ និង​ធានា​រ៉ាប់រង​ខ្នាត​តូច​ បាន​បញ្ជាក់​​បន្ថែម​ថា​ ចំណុច​ពិសេស​ទាំង​បី​ខាង​លើ​ គឺ​មិន​មែន​សម្រាប់​អតិថិជន​នៅ​ទី​ជនបទ​នោះ​ទេ​ ​តែ​សម្រាប់​ទីក្រុង​ ទី​ទីប្រជុំជន​ ​អ្នក​ខ្ចី​សម្រាប់​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន​ ឬ​ខ្ចី​ធ្វើ​កសិកម្ម​ ឬ អាជីវកម្ម​​សុទ្ធ​​ទទួល​បាន​អត្ថប្រយោជន៍​ទាំង​បី​ខាង​លើ​ដូច​គ្នា​។ ​សូម​បញ្ជាក់​ថា​ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ អេ អឹម ខេ​ ​បាន​ប្រកាស​ពី​អត្ថប្រយោជន៍​ ទ្វេ​ដង​ពី​កម្ចី​ទិញ​ម៉ូតូ​ ​​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​​​២០១៧​ ដល់​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា​ ​អតិថិជន​នឹង​ទទួល​បាន​អត្ថប្រយោជន៍​​ពីរ​យ៉ាង​គឺ​ ទទួល​បាន​កម្ចី​រហូត​ដល់​ ១០០%​ នៃ​តម្លៃ​ម៉ូតូ​ (ប៉ុន្តែ​មាន​លក្ខខណ្ឌ​សិក្សា​​ពី​អតិថិជន​សិន) និង​ទទួល​បាន​មួក​​សុវត្ថិភាព​ដោយ​ឥត​គិត​ថ្លៃ​៕​​​​​​​​​​​​ ​
X
5s