តើលេខអាតូមតែម្យ៉ាងអាចប្រាប់យើងយ៉ាងដូចម្ដេចពីកម្លាំងខាងក្នុងរវាងធាតុដែលបង្កវាឡើង ?
ក្នុងឆ្នាំ១៨៦៩ គីមីវិទូជនជាតិរុស្ស៊ី លោក ឌីមេទ្រី មិនដេលេយេវ បានចេញផ្សាយស្នាដៃរបស់ខ្លួនដែលបានក្លាយជាកេរ្តិ៍មរតកដ៏មានតម្លៃបំផុតមួយសម្រាប់អ្នកសិក្សាជំនាន់ក្រោយ ដែលជាការរកឃើញនូវតារាងខួបនៃធាតុគីមី។ អាតូមនៃធាតុគីមីនីមួយៗមានលេខអាតូមរបស់វាជាក់លាក់រៀងៗខ្លួន ដែលមានលេខក្រុមស្ថិតនៅជួរឈរបញ្ជាក់ពីចំនួនអេឡិចត្រុងស្រទាប់ក្រៅរបស់អាតូម និងមានលេខខួបស្ថិតនៅជួរដេកបញ្ជាក់ពីចំនួនស្រទាប់អេឡិចត្រុងរបស់អាតូម។ បើយើងសិក្សាឲ្យស៊ីជម្រៅបន្តិច តើលេខអាតូមតែម្យ៉ាងរបស់ធាតុគីមីនីមួយៗក្នុងតារាងខួបអាចប្រាប់យើងយ៉ាងដូចម្ដេចពីកម្លាំងខាងក្នុងរវាងធាតុដែលបង្កវាឡើង ?
បើអ្នកសង្កេតមើលលើធាតុគីមីទាំង១០៥ធាតុនៅក្នុងតារាងខួប នោះអ្នកនឹងឃើញថាធាតុគីមីដែលមានលេខអាតូមកាន់តែធំ ម៉ាសរបស់វាក៏កាន់តែធំដូចគ្នាដែរ។ ប៉ុន្តែអាតូមដែលមានម៉ាសកាន់តែធំ នោះទំហំរបស់វានឹងកាន់តែតូច ឬចម្ងាយពីណ្វៃយ៉ូរបស់អាតូមមកកាន់ស្រទាប់ក្រៅបង្អស់របស់អេឡិចត្រុងកាន់តែតូចជាងអាតូមដែលមានម៉ាសធំជាង។ នេះក៏ព្រោះតែលេខអាតូមរបស់ធាតុគីមីមួយ ប្រាប់អ្នកអំពីចំនួនប្រូតុងដែលបង្កណ្វៃយ៉ូអាតូមរបស់ធាតុគីមីមួយនោះឡើង។ គ្រប់ប្រភេទអាតូមទាំងអស់មានចំនួនប្រូតុងមិនស្មើគ្នាទេ តែចំនួនអេឡិចត្រុងតែងតែស្មើគ្នានឹងចំនួនប្រូតុងរបស់ប្រភេទធាតុគីមីដូចគ្នាជានិច្ច។ ប្រូតុងដែលនៅក្នុងណ្វៃយ៉ូមានបន្ទុកវិជ្ជមាន រីឯអេឡិចត្រុងដែលវិលជុំវិញណ្វៃយ៉ូមានបន្ទុកអវិជ្ជមាន ដូចនេះចំនួនបន្ទុកផ្ទុយគ្នាទាំងពីរតែងតែមានតុល្យភាពនឹងគ្នានៅក្នុងអាតូមជាមួយគ្នា ដើម្បីឲ្យអាតូមមានបន្ទុកណឺត ឬគ្មានបន្ទុក។ បន្ទុកដូចគ្នា មានលក្ខណៈដូចគ្នានឹងមេដែកពីរដែលមានប៉ូលដូចគ្នាដែរ មានន័យថានៅពេលបន្ទុកដូចគ្នា វិជ្ជមានជួបវិជ្ជមាន ឬអវិជ្ជមានជួបអវិជ្ជមាន កម្លាំងរបស់វានឹងច្រានគ្នាចេញ។ ប៉ុន្តែហេតុអ្វីប្រូតុងជាច្រើនអាចនៅជាមួយគ្នានៅក្នុងអាតូមបាន ? នេះដោយសារតែមានកម្លាំងដែលខ្លាំងជាងកម្លាំងដែលខំច្រានបន្ទុកដូចគ្នានេះចេញពីគ្នា ខំប្រឹងបង្រួបបង្រួមពួកវាឲ្យចូលគ្នា។ នេះមានន័យថាបើលេខអាតូមកាន់តែច្រើន ចំនួនប្រូតុងរបស់ធាតុគីមីមួយក៏កាន់តែច្រើន នោះកម្លាំងដែលបង្រួបបង្រួមប្រូតុងមកនៅជាមួយគ្នាក៏កាន់តែខ្លាំងដែរ។ ចុះហេតុអ្វីក៏អេឡិចត្រុងអាចវិលជុំវិញណ្វៃយ៉ូរបស់វាបាន ម្ដេចក៏មិនធ្លាក់ចូលទៅក្នុងណ្វៃយ៉ូ ?
បន្ទុកដូចគ្នាច្រានគ្នាចេញ ប៉ុន្តែបន្ទុកពីរផ្ទុយគ្នានឹងឆក់ទាញមកនៅជិតគ្នា។ ដោយសារតែមានកម្លាំងអេឡិចត្រូស្តាទិចរវាងបន្ទុកវិជ្ជមាននិងបន្ទុកអវិជ្ជមាននេះឯង ទើបធ្វើឲ្យអេឡិចត្រុងអាចវិលជុំវិញណ្វៃយ៉ូនិងមិនធ្លាក់ចុះទៅក្នុងណ្វៃយ៉ូ។ ប៉ុន្តែបើចំនួនប្រូតុងច្រើន នោះកម្លាំងដែលបង្រួបបង្រួមប្រូតុងដែលមានបន្ទុកដូចគ្នាមកនៅជិតគ្នាក៏កាន់តែខ្លាំង នោះកម្លាំងអេឡិចត្រូស្តាទិចដែលទាញអេឡិចត្រុងដែលជាបន្ទុកផ្ទុយពីវាក៏កាន់តែខ្លាំងទៅតាមនោះដែរ។ បើកាលណាកម្លាំងកាន់តែខ្លាំង នោះវានឹងទាញយកអេឡិចត្រុងរបស់វាទាំងអស់កាន់តែជិតណ្វៃយ៉ូ ដូចនេះវានឹងធ្វើឲ្យកាំរបស់អាតូមមួយនេះឬជាចម្ងាយពីណ្វៃយ៉ូទៅកាន់អេឡិចត្រុងស្រទាប់ក្រៅនឹងកាន់តែខ្លី។ លេខអាតូមកើនតាមម៉ាសរបស់អាតូម ហើយចំនួនប្រូតុងគឺជាលេខអាតូម ចំនួនប្រូតុងកាន់តែច្រើន កម្លាំងអេឡិចត្រូស្តាទិចរវាងបន្ទុកវិជ្ជមាននិងអវិជ្ជមានក៏កាន់តែខ្លាំង ដូចនេះបន្ទុកអវិជ្ជមាននឹងផ្ដុំគ្នានៅជិតណ្វៃយ៉ូកាន់តែខ្លាំង នោះកាំរបស់អាតូមនេះក៏កាន់តែខ្លីដែរ កាលណាកាំរបស់អាតូមខ្លី នោះទំហំរបស់អាតូមក៏តូចដែរ។ សរុបមកទំហំអាតូមកាន់តែតូច នោះម៉ាសរបស់វានឹងកាន់តែធំ។ លក្ខណៈនេះបានចង្អុលឲ្យឃើញថា ម៉ាសរបស់អាតូមមិនអាស្រ័យទៅលើទំហំឬកាំរបស់វានោះឡើយ តែគឺអាស្រ័យទៅលើចំនួនប្រូតុងដែលបង្កវាឡើង៕
ដោយ៖ ស្រីពៅ