ប្រធាន​នាយក​ប្រតិបត្តិ​អាជីវកម្ម​ឥណទាន​​ និង​ធានា​រ៉ាប់រង​ខ្នាត​តូច ​អេ អឹម ខេ​ ​បង្ហើប​គន្លឹះ​សម្រាប់​ SME ​ទទួល​បាន​កម្ចី​ឥណទាន​សម្រាប់​អាជីវកម្ម​!​



ប្រធាន​នាយក​ប្រតិបត្តិ​អាជីវកម្ម​ឥណទាន​​ និង​ធានា​រ៉ាប់រង​ខ្នាត​តូច ​អេ អឹម ខេ​ លោក សួន ពិសី​ បាន​​​ផ្ដល់​បទ​សម្ភាសន៍​​ពិសេស​មួយ​ជា​មួយ​ BizKhmer ​លើ​ប្រធានបទ​ គន្លឹះ​សម្រាប់​ SME ដើម្បី​​ងាយ​ទទួល​បាន​កម្ចី​ឥណទាន​សម្រាប់​អាជីវកម្ម។ លោក​បាន​បង្ហាញ​ពី​​គន្លឹះ​បី​សំខាន់​ៗ​ដូច​ខាង​ក្រោម៖ ១) ការ​កត់ត្រា​នូវ​សកម្មភាព​អាជីវកម្ម៖ លោក​ ពិសី ​លើក​ឡើង​ថា​ នេះ​ជា​ចំណុច​ និង​សំខាន់​ជាង​គេ​មួយ​ដែល​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច​​ និង​មធ្យម​ ភាគ​ច្រើន​មិន​សូវ​ខ្វល់​ខ្វាយ​ ឬ​គិតគូរ​បាន​ដិតដល់​ចំពោះ​បញ្ហា​នេះ​ទេ។ សកម្មភាព​អាជីវកម្ម​​ដែល​លោក​ចង់​លើក​ឡើង​នេះ​ គឺ​សំដៅ​ទៅ​លើ​ព័ត៌មាន​ហិរញ្ញវត្ថុ​ ឬ​ឯកសារ​ហិរញ្ញវត្ថុ​ របស់​​អាជីវកម្ម​តែ​ម្ដង។ ​​លោក​បាន​ផ្ដល់​ជា​យោបល់​ថា​ ​ម្ចាស់​អាជីវកម្ម​គួរ​តែ​មាន​បញ្ជី​ស្នាម​ ឬ​ឯកសារ​ហិរញ្ញវត្ថុ​ឱ្យ​បាន​​ត្រឹម​ត្រូវ​ ពោល​គឺ​កត់ត្រា​លើ​ចរន្ត​ចំណាយ​ និង​ចំណូល​ឱ្យ​បាន​ច្បាស់​លាស់​ ហើយ​រឹត​តែ​​ពិសេស​គឺ​ត្រូវ​តែ​រក្សា​ទុក​នូវ​វិក្កយបត្រ​ដែល​ជា​ឯកសារ​សំខាន់​បំផុត​សម្រាប់​​មន្ត្រី​ឥណទាន​វាយ​តម្លៃ។ ​លោក ​ពិសី​ ថ្លែង​ដូច្នេះ​ថា​ ៖«​ប្រសិន​បើ​​អាជីវកម្ម​ខ្នាត​តូច​ និង​មធ្យម​ចេះ​រៀប​ចំ​ឯកសារ​ហិរញ្ញវត្ថុ​បាន​ត្រឹម​ត្រូវ​ និង​មាន​​រក្សា​ទុក​ឯកសារ​យោង​ដូច​ជា​វិក្កយបត្រ​បាន​ល្អ​ គឺ​អាច​ជួយ​កាត់​បន្ថយ​ដល់​ការ​ទាមទារ​ទៅ​លើ​​ទ្រព្យ​ធានា​ពី​ធនាគារ​ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បាន​ថែម​ទៀត​ផង»។ ​ចំណុច​នេះ​ដែរ​ ​មន្ត្រី​ឥណទាន​ ក៏​ដូច​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ នឹង​ពិនិត្យ​ទៅ​លើ​ប្រវត្តិ​នៃ​ការ​រក​ស៊ី​ និង​ប្រវត្តិ​ហិរញ្ញវត្ថុ​​ដែល​បាន​កត់ត្រា​ដែល​ឈាន​ទៅ​ដល់​ការ​វាយ​តម្លៃ​​​ពី​លំហូរ​សាច់​ប្រាក់​នៅ​ក្នុង​អាជីវកម្ម​នេះ។​​​​ ២) ​ផែនការ​អាជីវកម្ម៖ ​ការ​ធ្វើ​ផែនការ​អាជីវកម្ម​មិន​ចាំ​បាច់​ទាមទារ​ឱ្យ​មាន​ផែនការ​លម្អិត​​គ្រប់ជ្រុងជ្រោយ​បំផុត​នោះ​ទេ​ ​ប៉ុន្តែ​វា​ត្រូវ​​មាន​ចំណុច​សំខាន់​មួយ​ចំនួន​ដែល​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​អាច​វាយ​តម្លៃ​បាន​ គឺ​ទទួល​យក​បាន​ទៅ​ហើយ។ ​ធាតុ​សំខាន់​ជាង​គេ​មួយ​ គឺ​ផែនការ​នៃ​ការ​លក់។ ​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច​ត្រូវ​តែ​​កំណត់​ឱ្យ​ច្បាស់​ ឧបមា​ថា​ គាត់​ដាក់​ផែនការ​លក់​ឱ្យ​បាន​ចំនួន​ xxx ឯកតា​ ហើយ​គាត់​ត្រូវ​ទិញ​ទំនិច​ចូល​​ xxx ឯកតា​ (កំណត់​ថ្លៃ​ដើម) ផ្អែក​ទៅ​លើ​ចំណុច​នេះ​ ម្ចាស់​អាជីវកម្ម​នឹង​ដឹង​ថា​ ​គាត់​មាន​លទ្ធភាព​ហិរញ្ញវត្ថុ​អាច​ទិញ​បាន​ប៉ុន្មាន​ (ចំណាយ​ទៅ​លើ​ថ្លៃ​ដើម) ហើយ​ត្រូវ​ការ​កម្ចី​ប៉ុន្មាន​បន្ថែម​ដើម្បី​បង្គ្រប់​ ហើយ​លក់​ក្នុង​តម្លៃ​ប៉ុន្មាន​ដើម្បី​ទទួល​បាន​ប្រាក់​ចំណេញ។ ​មួយ​វិញ​ទៀត​ ពាក់ព័ន្ធ​នឹង​ទៅ​ការ​ចំណាយ​ទៅ​លើ​ប្រតិបត្តិការ​ ដែល​ចំណុច​សំខាន់​មាន​ដូច​ជា​ចំណាយ​ទៅ​លើ​បុគ្គលិក​ និង​ចំណាយ​រដ្ឋបាល​ផ្សេង​ៗ​ទៀត។ ​ផ្អែក​ទៅ​តាម​ផែនការ​អាជីវកម្ម​នេះ​ គឺ​គាត់​អាច​យក​ចំណូល​ដែល​ដាក់​ផែនការ​ពី​ការ​លក់​ដក​ចំណាយ​ថ្លៃ​ដើម​ និង​ចំណាយ​ប្រតិបត្តិការ​ផ្សេង​ៗ គាត់​នឹង​អាច​រក​ឃើញ​នូវ​ប្រាក់​ចំណេញ​រំពឹង​ទុក​ហើយ។ នេះ​ជា​ចំណុច​ចាំ​បាច់​មួយ​ទៀត​ដែល​ត្រូវ​មាន​ប្រសិន​បើ​អាជីវកម្ម​ខ្នាត​តូច​ ឬ​មធ្យម​ចង់​បាន​ឥណទាន​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ។ ៣) ការ​គ្រប់គ្រង​ទូទៅ​ទៅ​លើ​អាជីវកម្ម៖ ​ខាង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចង់​ដឹង​ពី​របៀប​នៃ​ការ​គ្រប់គ្រង​របស់​ម្ចាស់​អាជីវកម្ម​ផង​ដែរ​។ ចំណុច​សំខាន់​ៗ​មាន​ដូច​ជា​ តើ​ថា​​​ម្ចាស់​អាជីវកម្ម​ មាន​ផែនការ​គ្រប់គ្រង​ទៅ​លើ​ហានិភ័យ​ផ្សេង​ៗ​​ដូច​ម្ដេច? ដូច​ជា​ បើ​លក់​មិន​ដាច់​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ និង​របៀប​ចាត់​ចែង​របស់​គាត់​លើ​អាជីវកម្ម​ទូទៅ​យ៉ាង​ម៉េច? ​គាត់​អាច​​យក​កម្ចី​ទៅ​ចាត់ចែង​ និង​ប្រើ​ប្រាស់​ត្រូវ​តាម​ខ្ទង់​ចំណាយ​សម្រាប់​អាជីវកម្ម​របស់​គាត់​ទេ? ​លោក​ពិសី​លើក​ឡើង​ថា​ ខាង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នឹង​ធ្វើ​​សម្ភាសន៍​​ទៅ​លើ​ម្ចាស់​សហគ្រាស​ជុំវិញ​បញ្ហា​នេះ​ ប្រសិន​បើ​ពួក​គាត់​​ចង់​ខ្ចី​លុយ​ពី​ធនាគារ​ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ដើម្បី​យក​មក​ប្រើ​ប្រាស់​សម្រាប់​​អាជីវកម្ម។ ទោះ​ជា​យ៉ាង​ណា​ លោក សួន​ ពិសី​ ​បាន​លើក​ឡើង​ថា​ ​អាជីវកម្ម​ខ្នាត​តូច​ និង​មធ្យម​មាន​ជាង​ ៥០​ម៉ឺន​សហគ្រាស​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក្នុង​នោះ​មាន​ជាង​ ៩០%​ជា​សហគ្រាស​ខ្នាត​តូច ប៉ុន្តែ​ការ​ប្រើ​ប្រាស់​កម្ចី​​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​សម្រាប់​យក​ទៅ​ធ្វើ​អាជីវកម្ម​​នៅ​មាន​បរិមាណ​តិច​តួច​នៅ​ឡើយ។ ​បញ្ហា​សំខាន់​ត្រង់​ថា​ មាន​​ម្ចាស់​អាជីវកម្ម​មក​ខ្ចី​ច្រើន​ ប៉ុន្តែ​ពួក​គាត់​ពុំ​អាច​បំពេញ​បាន​តាម​​លក្ខខណ្ឌ​ដូច​ដែល​បាន​រៀប​រាប់​ពី​ខាង​លើ៕ ​​
X
5s