ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល៖ កម្ពុជាជាប្រទេសទី១នៅលើពិភពលោក ដែលប្រើផ្លាកលេខរថយន្តមាន QR-code​



មានប្រសាសន៍នៅក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខមួយជាមួយក្រុមហ៊ុនប្លូមេឌា ហ្វីម (ខេមបូឌា)នាពេលថ្មីៗនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងឱ្យដឹងថា កម្ពុជាជាប្រទេសទី១នៅលើពិភពលោក ដែលប្រើផ្លាកលេខរថយន្តមានQR-code ដោយសារក្រសួងសាធារណការ និងដឹកជញ្ជូនយល់ឃើញថា QR-code មានសារៈសំខាន់ក្នុងការទប់ស្កាត់ការធ្វើផ្លាកលេខក្លែងក្លាយ និងអាចរកចំណូលជូនរដ្ឋផងដែរ។ ឯកឧត្តមបានមានប្រសាសន៍ថា កាលដែលក្រសួងអ៊ុត QR-code លើផ្លាកលេខរថយន្ត ដោយសារ មានរថយន្តមួយចំនួនមានផ្លាកលេខក្លែងក្លាយ យើងពិបាកមើលថារថយន្តនេះបង់ពន្ធត្រឹមត្រូវឬអត់? ដូច្នេះការដាក់ QR-code នៅលើផ្លាកលេខរថយន្តនេះ នៅពេលនគរបាល លោកចង់ដឹង យើងយកទូរស័ព្ទដែលមាន QR-code Application ដាក់មុខ QR-code នេះវានឹងបង្ហាញព័ត៌មានឱ្យយើងដឹង ថារថយន្តនោះម៉ាកអ្វី ពណ៌អ្វី? ដូច្នេះ ការធ្វើបែបនេះគឺ ដើម្បីចៀសវាងការប្រើប្រាស់ផ្លាកលេខក្លែងក្លាយ ឬ ការលួចផ្លាកលេខ ការគេចការបង់ពន្ធជាដើម»។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានស្នើឱ្យប្រជាពលរដ្ឋសូមកុំមានការយល់ច្រឡំថា QR-code មានបង្ហាញព័ត៌មានអំពី ឈ្មោះ និងអាស័យដ្ឋានរបស់ម្ចាស់រថយន្ត ដោយឯកឧត្តមបានបញ្ជាក់ថា នៅពេលធ្វើQR-code នេះយើងបានគិតពីសុវត្ថិភាពរបស់ម្ចាស់រថយន្តជាចម្បងផងដែរ។ QR-code មានបង្ហាញព័ត៌មានអំពីពណ៌ លេខម៉ាស៊ីន និងម៉ាករបស់រថយន្តប៉ុណ្ណោះ មិនមានបង្ហាញអំពីឈ្មោះ និងអាស័យដ្ឋានរបស់ម្ចាស់រថយន្តនោះទេ។ បច្ចុប្បន្ន ក្រសួងសាធារណការ និងដឹកជញ្ជូនបានអនុវត្តន៍ដំណើការអ៊ុត QR-code តែលើផ្លាកលេខរថយន្ត ដែលបានចុះបញ្ជីតាមប្រព័ន្ធអនឡាញប៉ុណ្ណោះ ដោយការអ៊ុត QR-code បានចាប់ផ្តើមពីខែកក្កដាមក។ តាមការលើកឡើងរបស់ ឯកឧត្តមទេសរដ្ឋមន្រ្តី អ្នកប្រើប្រាស់ផ្លាកលេខចាស់មានចំនួនប្រមាណ៥០ម៉ឺន ក្រសួងពុំទាន់មានវិធានការណាមួយឱ្យគាត់មកប្តូរយកផ្លាកលេខថ្មីនោះទេ ព្រោះក្រសួងបារម្ភអំពីការខាតពេលវេលា និងថវិការបស់ពួកគាត់។ ប៉ុន្តែទោះជាយ៉ាងណា ក្រសួងសាធារណការ និងដឹកជញ្ជូនក៏កំពុងស្វែងរកនិតិវិធីថាធ្វើយ៉ាងណាបញ្ជូន QR-code ឱ្យពួកគាត់ដោយឥតគិតថ្លៃ ឬយ៉ាងណា? សូមបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូនបានរៀបចំនិតិវិធីស្នើសុំមួយចំនួនតាមប្រព័ន្ធអនឡាញ ដូចជាការចុះបញ្ជីរយានយន្ត ការស្នើសុំប័ណ្ណបើកបរ ការស្នើសុំត្រួតពិនិត្យបច្ចេកទេសរថយន្តជាដើម ដើម្បីបង្ករលក្ខណៈងាយស្រួល លឿនរហ័ស និងមានប្រសិទ្ធភាព អនុលោមតាមអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលថា យើងត្រូវតែផ្តល់សេវាសាធាណៈចាំបាច់របស់រដ្ឋាភិបាលជូនប្រជាពលរដ្ឋ ធ្វើឱ្យមានតម្លាភាព រហ័ស និងមានប្រសិទ្ធភាព។ កិច្ចសម្ភាសន៍ផ្តាច់មុខពិសេសនេះ ក្រុមហ៊ុនប្លូមេឌា ហ្វីម (ខេមបូឌា) នឹងធ្វើការចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា នៅលើកញ្ចក់ទូរទស្សន៍ទីក្រុងឡូវែល សហរដ្ឋអាមេរិច និងផ្សព្វផ្សាយនៅតាមបណ្តាញសង្គមជាច្រើនទៀត៕ ដោយ៖ Blue Media Cambodia 
X
5s