លោក លន់ បូរី អគ្គនាយកក្រុមហ៊ុន 3G Agent បង្ហើបយុទ្ធសាស្ត្រ 2Ms សម្រាប់អ្នកគ្រប់គ្រង!
លោក លន់ បូរី អគ្គនាយកនៃក្រុមហ៊ុន 3G Agent Co., Ltd និងជាអ្នកឯកទេសផ្នែកអភិវឌ្ឍន៍ធនធានមនុស្សបានបង្ហើបពីយុទ្ធសាស្ត្រ ២យ៉ាង គឺ 2Ms សម្រាប់អ្នកគ្រប់គ្រង។ ប្រសាសន៍របស់លោកវាគ្មិនរូបនេះ បានធ្វើឡើងនៅក្នុងវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំសម្រាប់អ្នកគ្រប់គ្រងនៅ CKCC កាលពីពេលថ្មីៗកន្លងទៅនេះ។
Mទី១គឺ Management (ការគ្រប់គ្រង)៖ វាជាជំនាញដាច់ខាតដែលអ្នកគ្រប់គ្រងគ្រប់រូបត្រូវតែចេះនិងពូកែ។ ការគ្រប់គ្រងក្នុងន័យនេះ មានន័យថា អ្នកគ្រប់គ្រងត្រូវចេះបែងចែកការងារដល់បុគ្គលិកឲ្យត្រូវនឹងជំនាញរបស់ពួកគេ។ បន្ថែមពីលើនេះទៅទៀត អ្នកគ្រប់គ្រងក៏ត្រូវពូកែគ្រប់គ្រងផ្នែកហិរញ្ញវត្ថុផងដែរ ពោលគឺត្រូវមានផែនការច្បាស់លាស់និងយុទ្ធសាស្ត្រក្នុងការប្រើប្រាស់លុយឲ្យបានត្រឹមត្រូវ។
Mទី២គឺ Manager (អ្នកគ្រប់គ្រង)៖ ការដឹកនាំក្រុមបានជោគជ័យឬក៏អត់គឺអាស្រ័យទៅលើអ្នកគ្រប់គ្រងហ្នឹងឯង។ អ្នកគ្រប់គ្រងដែលពូកែគឺមានយុទ្ធសាស្ត្រត្រឹមត្រូវក្នុងការដឹកនាំក្រុម។ ប្រសិនជាកូនក្រុមជួបបញ្ហាលំបាកឬធ្វើការពុំសូវបានផល អ្នកដឹកនាំត្រូវចេះលើកទឹកចិត្តមិនមែនស្តីបន្ទោសនោះទេ បន្ថែមពីលើនេះ អ្នកដឹកនាំក៏ត្រូវជួយបង្វឹកណែនាំផ្លូវផងដែរ។ ប្រសិនកូនក្រុមធ្វើការល្អហើយ អ្នកដឹកនាំត្រូវសំលៀងឬជំរុញបន្ថែមទៀត ដូច្នេះហើយពេលកូនក្រុមពូកែរួមទាំងអ្នកគ្រប់គ្រងពូកែ ចង់ឬមិនចង់ ក្រុមហ៊ុនច្បាស់ជាអាចដើរទៅមុខបាន៕
ដោយ៖ អុឹង មុយយូ