សហ​ស្ថាបនិកនៃ​ម្ចាស់​ជ័យលាភី​លេខ១ ITC Award ២០១៨​ ៖ «គន្លឹះ​ ៧​យ៉ាង​ធ្វើ​ឱ្យ​អាជីវកម្ម​​មួយ​​មាំទាំ​ចាប់​តាំង​ពី​បើក​ដំណើរការ​​ដំបូង»​



លោក​ ឃួន​ សុភ័ទ្ធ ​​​សហ​ស្ថាបនិក​ និង​​ជា​អគ្គនាយក​ក្រុមហ៊ុន​ផលិត​​កម្មវិធី​កុំព្យូទ័រ​ (software)​ សម្រាប់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ​មរកត​ថេកណូឡូជី (Morakot Technology) ​ដែល​ជា​​ម្ចាស់​ពាន​រង្វាន់​សហគ្រិន​វ័យ​ឆ្លាត​ខាង​បច្ចេកវិទ្យា ​ឆ្នាំ​២០១៧​ ​​​ម្ចាស់​ពាន​លំដាប់​ពិភពលោក​មួយ​ទៀត​​ពី​កម្មវិធី  StartUpbootcamp FinTech Accelerator Program នៅ​សិង្ហ​បុរី​ និង​ជា​ម្ចាស់​ជ័យលាភី​ ​ពាន​រង្វាន់​ ​បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ កម្ពុជា​ ២០១៨ (ICT Award​ 2018) បាន​បង្ហើប​ពី​គន្លឹះ​ ៧​យ៉ាង​ដើម្បី​ឱ្យ​អាជីវកម្ម​មាន​លក្ខណៈ​មាំទាំ​នៅ​លើ​ទីផ្សារ​ចាប់​ពី​បើក​ដំណើរការ​ដំបូង៖ ១) ​បង្កើត​ផលិតផល​ដែល​មាន​ទីផ្សារ៖ ​នៅ​ពេល​ដែល​យើង​ចាប់​ផ្ដើម​អាជីវកម្ម​ដំបូង​ គឺ​​ត្រូវ​នឹក​​ និង​រិះគិត​ថា​​ បង្កើត​សេវាកម្ម​​ ឬ​ផលិតផល​​​ណា​ដែល​មាន​ទីផ្សារ (make the product that people going to buy) មិនមែន​ផលិតផល​ឬ​សេវាកម្ម​ដែល​យើង​ស្រលាញ់​តែ​គ្មាន​ទីផ្សារ​នោះ​ទេ។ ​សម្រាប់​ លោក​ ឃួន​ សុភ័ទ្ធ ​​ចំណុច​នេះ​ គឺ​ជា​ចំណុច​ស្នូល​​ដែល​នាំ​ឱ្យ​មាន​ភាព​ជោគជ័យ​សម្រាប់​​អាជីវកម្ម​នី​មួយ​ៗ។ ២)ការ​ស្វែង​រក​ដៃគូ៖ លោក​ ឃួន​ សុភ័ទ្ធ ​លើក​ឡើង​ថា​ តាម​ពិត​ទៅ​ ការ​ធ្វើ​អាជីវកម្ម​​​ ​ធ្វើ​ម្នាក់​ឯង​ក៏​បាន​ដែរ​ ប៉ុន្តែ​គ្រាន់​តែ​ថា​ ធ្វើ​ម្នាក់​ឯង​ ដើរ​មិន​បាន​យូរ។ លោក​​លើក​ឡើង​បែប​នេះ​ស្រប​នឹង​ពំនោល​មួយ​​ដែល​ថា​ ៖«​ចង់​ដើរ​លឿន​គឺ​ដើរ​ម្នាក់​ឯង​ ប៉ុន្តែ​បើ​ចង់​ដើរ​បាន​យូរ​គឺ​ដើរ​មាន​គ្នា»។ ​​ចំពោះ​ការ​ស្វែង​រក​ដៃ​គូ​នេះ​ លោក​ ផ្ដល់​យោបល់​ថា​ គួរ​តែ​ស្វែង​រក​អ្នក​ដែល​មាន​យោបល់​ និង​ចិត្ត​គំនិត​ស្រដៀង​នឹង​យើង​ ពោល​គឺ​មាន​ទិសដៅ​ និង​ទស្សនវិស័យ​ដូច​យើង​ដែរ។ ​ លោក​ ឃួន​ សុភ័ទ្ធ ​​បាន​បន្ត​ទៀត​ថា​ ការ​ចូល​ជា​ភាគហ៊ុន​ត្រូវ​មាន​ការ​បែង​ចែក​ឱ្យ​បាន​ច្បាស់​លាស់​ ពោល​គឺ​​ឱ្យ​ច្បាស់​ថា​ អ្នក​ណា​ចូល​លុយ​ អ្នក​ណា​ចូល​ទាំង​លុយ​ផង​ និង​កម្លាំង​ផង។ ក្នុង​ការ​រៀប​ចំ​កិច្ចព្រមព្រៀង​ចូលហ៊ុន​ ត្រូវ​​តែ​មាន​ការ​បែង​ចែក​ឱ្យ​ច្បាស់​ លើ​ផល​ចំណេញ​ដែល​សមាជិក​គួរ​ទទួល​បាន។ អ្នក​ចូល​តែ​លុយ​គួរ​​តែ​ទទួល​បាន​ក្នុង​កម្រិត​មួយ​ ហើយ​អ្នក​ដែល​ចូល​លុយ​ផង​ ចូល​កម្លាំង​ផល​គួរ​តែ​ទទួល​បាន​ក្នុង​កម្រិត​មួយ​ផ្សេង​​ទៀត​ ពោល​គឺ​មិន​អាច​ចែក​ស្មើ​គ្នា​​បាន​នោះ​ទេ។ អ្វី​ដែល​សំខាន់​ គឺ​អ្នក​ចូល​កម្លាំង​គួរ​តែ​អាច​ទទួល​បាន​ប្រាក់​បៀវត្សរ៍​ផង​ដែរ​​ ក្រៅ​ពី​ភាគ​លាភ។ [caption id="attachment_47036" align="aligncenter" width="720"] លោក ឃួន​ សុភ័ទ្ធ ក៏​ជា​ម្ចាស់ពាន​​រង្វាន់​សហគ្រិនឆ្នើម​វ័យក្មេង​ឆ្នាំ២០១៧ ផង​ដែរ[/caption] លោក​ ឃួន​ សុភ័ទ្ធ​ បាន​មាន​ប្រសាសន៍​ពាក់ព័ន្ធ​នឹង​ការ​ប្រមូល​ភាគហ៊ុន​​ផង​ដែរ​ថា​ ​​​ការ​ធ្វើ​កិច្ចព្រមព្រៀង​ ​គួរ​តែ​​ធ្វើ​ឡើង​តាំង​ពី​ដើម​ទី​ ហើយ​ត្រូវ​ប្រមូល​​ទុន​ដែល​ដាក់​ចូល​​យក​មក​បើក​​គណនី​ធនាគារ​មួយ​សម្រាប់​ក្រុមហ៊ុន​តែ​ម្ដង​​​ ​ដោយ​មាន​ការ​​ចុះ​បញ្ជី​​នៅ​ក្រសួង​ពាក់ព័ន្ធ​ឱ្យ​បាន​ត្រឹម​ត្រូវ​តែ​ម្ដង។ ​ជា​ទស្សនៈ​របស់​លោក​ ការ​​ធ្វើ​បែប​នេះ​ទើប​មាន​ការ​ប្តេជ្ញាចិត្ត​​ពី​ម្ចាស់​ភាគហ៊ុន​នីមួយៗ​ ដើម្បី​ដឹកនាំ​ និង​គ្រប់គ្រង​អាជីវកម្ម​ឱ្យ​ដើរ​ទៅ​មុខ។ ៣) ម្ចាស់​អាជីវកម្ម​​ត្រូវ​តែ​ពូកែ​ចាត់ចែង​​លំហូរ​សាច់​ប្រាក់៖ នេះ​ជា​ចំណុច​ស្នូល​មួយ​ទៀត​ដែល​ម្ចាស់​អាជីវកម្ម​​ត្រូវ​ប្រយ័ត្ន​ជា​ទីបំផុត​​ក្នុង​ការ​គ្រប់​គ្រង​លើ​លំហូរ​សាច់​ប្រាក់ ​ចូល​ និង​លំហូរ​សាច់​ប្រាក់​ចេញ​ ដើម្បី​ធានារ​បាន​ថា​ ​ក្រុមហ៊ុន​មាន​សាច់​ប្រាក់​គ្រប់គ្រាន់​ដើម្បី​បើក​ប្រាក់​ខែ​ជូន​បុគ្គលិក និង​ចំណាយ​ទៅលើ​ប្រតិបត្តិការ​ផ្សេងៗ​ទៀត។ ៤) ស្វែង​រក​ឱកាស​ពង្រីក​ទីផ្សារ​ទៅ​ក្រៅ​ប្រទេស៖ ​ពាក់​ព័ន្ធ​នឹង​ចំណុច​នេះ​ដែរ​ ​​លោក​ ឃួន​ សុភ័ទ្ធ​ ​​លើក​ឡើង​​ដោយ​ប្រៀប​ធៀប​ទីផ្សារ​ទៅ​នឹង​ត្រី​មួយ​បឹង​​ ពោល​គឺ​យើង​មិន​អាច​នៅ​រង់​ចាំ​​ចាប់​ត្រី​មួយ​បឹង​ហ្នឹង​​រហូត​នោះ​ទេ​ ព្រោះ​​ថា​វា​នឹង​អស់​ក្នុង​រយៈ​ពេល​ណា​មួយ​ អីចឹងហើយ​​បាន​ជា​យើង​ត្រូវ​ការ​ផែនការ​ក្នុង​ការ​ពង្រីក​ទីផ្សារ​​​ពោល​គឺ​មិន​​ត្រឹម​តែ​ទីផ្សារ​ក្នុង​ស្រុក​នោះ​ទេ​ ប៉ុន្តែ​សម្រាប់​​ទីផ្សារ​នៅ​ក្រៅ​ប្រទេស​ផង​ដែរ។ ​លោក​ ឃួន​ សុភ័ទ្ធ​ បាន​បង្ហើប​ថា​ សម្រាប់​ក្រុមហ៊ុន​របស់​លោក​ ​​កំពុង​តែ​ពង្រីក​ទីផ្សារ​ទៅ​កាន់​ប្រទេស ​មីយ៉ាន់ម៉ា​ ហ្វីលីពីន​ និង​បណ្ដា​ប្រទេស​ជា​ច្រើន​ទៀត​ទាំង​នៅ​អាស៊ី​អាគ្នេយ៍​ និង​អាហ្វ្រិក​នៅ​ពេល​ខាង​មុខ។ ៥) ដាក់​ចិត្ត​ដាក់​កាយ​ឱ្យ​អស់៖ ការ​បើក​ដំណើរការ​អាជីវកម្ម​គឺ​ត្រូវ​ការ​ប្តេជ្ញាចិត្ត​យ៉ាង​​ច្បាស់​លាស់​ ពោល​គឺ​ត្រូវ​ដាក់​ចិត្ត​ដាក់​កាយ​​ឱ្យ​អស់។ បើ​ចង់​រក​ស៊ី​ផង​ ធ្វើ​ការ​ឱ្យ​គេ​ផង​ ​ហើយ​ជួប​គ្នា​​ធ្វើ​ការ​តែ​ថ្ងៃ​សៅរ៍​ និង​ថ្ងៃ​អាទិត្យ​នោះ​ ច្បាស់ណាស់​ថា​ អាជីវកម្ម​នោះ​មិន​ដំណើរការ​ទៅ​មុខ​នោះ​ទេ។ ៦) សេវាកម្ម៖ ក្រៅ​ពី​ផលិតផល​ ​សេវាកម្ម​ ជា​ចំណុច​ដែល​អាជីវកម្ម​ត្រូវ​ការ​យកចិត្ត​ទុក​ដាក់​ផង​ដែរ​ ព្រោះ​ថា​ បើ​សេវាកម្ម​គ្មាន​លក្ខណៈ​ល្អ​ប្រសើរ​​ទេទោះ​​បី​ជា​យើង​មាន​ផលិតផល​ល្អ​ក៏​ដោយ​ក៏​ពិបាក​នឹង​យក​ចិត្ត​អតិថិជន​ផង​ដែរ ហើយ​អតិថិជន​ក៏​មិន​​មក​រក​យើង​ដែរ។ ៧) រក​អ្នក​ផ្ដល់​យោបល់៖ បុគ្គល​ជោគជ័យ​ប្រហែល​ជា​ពួក​គាត់​មិន​កំណាញ់​​ក្នុង​ការ​ចែក​រំលែក​ចំណេះដឹង​ផ្សេងៗ​ដល់​យើង​នោះ​ទេ។ នេះ​ជា​ចំណុច​មួយ​ដែល​ម្ចាស់​អាជីវកម្ម​គួរ​តែ​ធ្វើ​ដើម្បី​បង្កើន​ចំណេះដឹង​​ និង​រៀន​សូត្រ​ពី​បទ​ពិសោធន៍​​ថ្មីៗ​បន្ថែម​ទៀត។ សម្រាប់​រូប​លោក​ផ្ទាល់​​ លោក​បាន​ស្វែង​រក​អ្នក​ផ្ដល់​យោបល់​ និង​​បង្ហាត់បង្ហាញ (mentor) ពី​ក្រៅ​ប្រទេស​ថែម​ទៀត​ផង ដើម្បី​ឱ្យ​រូប​លោក​អាច​សិក្សា​អ្វី​ដែល​ថ្មី​និង​ធ្វើ​យ៉ាង​ណា​ឱ្យ​អាជីវកម្ម​ដំណើរការ​ទៅ​មុខ​បាន​ ដោយ​រលូន​និង​ទទួល​បាន​ជោគជ័យ៕​​​​​​​​​​​
X
5s