ចំណេះដឹងសំខាន់ៗដែលអ្នកគួរយល់ដឹងអំពីប្រទេសមីយ៉ាន់ម៉ា
ប្រទេសមីយ៉ាន់ម៉ាគឺជាប្រទេសដែលមានផ្ទៃដីធំជាងគេក្នុងចំណោមអាស៊ីអាគ្នេយ៍ដីគោក ជាមួយនឹងផ្ទៃដីប្រមាណ៦៧៦,៥៥២គីឡូម៉ែត្រការ៉េ ជាពិសេសភាគច្រើននៃប្រជាជនសរុបរបស់មីយ៉ាន់ម៉ាប្រមាណ៤៨.៧លាននាក់គឺជាអ្នកកាន់សាសនាព្រះពុទ្ធ បើទោះជាប្រទេសនេះសម្បូរទៅដោយជនជាតិភាគតិចចម្រុះគ្នាជាច្រើនក៏ដោយ។
សាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ា ឬមានឈ្មោះក្រៅផ្លូវការហៅថាភូមា ទើបនឹងបានទទួលឯករាជ្យពេញបរិបូណ៌របស់ខ្លួននៅក្នុងឆ្នាំ១៩៤៨ ក្រោយពីស្ថិតនៅក្រោមអាណានិគមរបស់ចក្រភពអង់គ្លេសចាប់ពីឆ្នាំ១៨២៤រហូតដល់ឆ្នាំ១៨៨៦។ ប្រវត្តិសាស្ត្រនយោបាយរបស់ទឹកដីដែលស្ថិតនៅប៉ែកអាស៊ីអាគ្នេយ៍ជាមួយប្រទេសយើងនេះ ពោរពេញទៅដោយរូបភាពសង្គ្រាមស៊ីវិល ដោយអំណាចត្រូវបានក្ដោបក្ដាប់ដោយបក្សផ្ដាច់ការដែលមិនព្រមលះបង់អំណាចរបស់ខ្លួនអស់រយៈកាលប្រមាណជាង៥០ឆ្នាំ។ ក្ដីសង្ឃឹមទើបនឹងបានផ្ដល់ពន្លឺដល់សង្គមជាតិរបស់មីយ៉ាន់ម៉ាជាប្រទេសបែបលទ្ធិប្រជាធិបតេយ្យក្នុងពេលថ្មីៗនេះ បន្ទាប់ពីបក្សប្រឆាំងរបស់អ្នកស្រី អ៊ុងសាន ស៊ូជី ដែលបានតែងតាំងលោក Htin Kyaw ជាមេបក្ស ត្រូវបានជាប់ឆ្នោតដោយឆ្លងកាត់ការបោះឆ្នោតដែលសេរីនិងយុត្តិធម៌ជាប្រធានាធិបតីកាលពីខែមិនាឆ្នាំ២០១៦។
ការដឹកនាំបែបផ្ដាច់ការដែលមិនព្រមលែងអំណាចរបស់ខ្លួនចាប់តាំងពីឆ្នាំ១៩៦២មកម្ល៉េះនេះ បានធ្វើឲ្យមីយ៉ាន់ម៉ាដែលធ្លាប់តែមានសេដ្ឋកិច្ចល្អប្រសើរក្នុងការនាំចេញផលិតផលអង្ករច្រើនជាងគេបំផុតមួយ ប្រែក្លាយជាប្រទេសដែលក្រីក្របំផុតមួយទៅវិញ។ មិនតែប៉ុណ្ណោះ ពួកគេថែមទាំងបានដាក់គុកឃុំឃាំងអ្នកស្រី អ៊ុងសាន ស៊ូជី អស់រយៈពេល១៦ឆ្នាំក៏ដោយ ប៉ុន្តែអ្នកស្រីបានក្លាយជាជនគំរូមួយរូបក្នុងបេះដូងរបស់ប្រជាជនភូមាគ្រប់គ្នា ព្រមទាំងបានឈ្នះពានរង្វាន់ណូបែលសន្តិភាពកាលពីឆ្នាំ១៩៩១ ចំពោះការប្រឹងប្រែងរបស់អ្នកស្រីក្នុងការប្រើប្រាស់អហិង្សាសកម្មទប់ទល់នឹងការដឹកនាំផ្ដាច់ការមួយនេះកន្លងមករហូត។ បើទោះជារបបផ្ដាច់ការអស់ជាច្រើនទសវត្សរបស់មីយ៉ាន់ម៉ាបានបញ្ចប់ក្រោយពីមានការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ ព្រមទាំងបានចាប់ផ្ដើមបង្កើតចំណងសម្ពន្ធភាពឡើងវិញជាមួយបរទេសដូចជាបណ្ដាពួកខាងលិចក្រោយពីបានរស់នៅជាប្រទេសឯកាអស់រយៈកាលជាយូរកន្លងមក ដែលហាក់ដូចជាបានបង្ហាញពីរូបភាពជាប្រទេសប្រកាន់យកលទ្ធិប្រជាធិបតេយ្យក៏ដោយ ប៉ុន្តែបញ្ហាផ្ទៃក្នុងពាក់ព័ន្ធនឹងជម្លោះរើសអើងពូជសាសន៍ដែលបានបន្សល់ទុកពីអំឡុងរបបផ្ដាច់ការមកនៅតែបន្តរ៉ាំរ៉ៃ និងមានតែអាក្រក់ទៅៗជាងមុនទៅទៀត។ ការរើសអើងពូជសាសន៍ដ៏សាហាវឃោរឃៅកើតឡើងរវាងពុទ្ធសាសនិកដែលមានប្រមាណ៩០%នៃប្រជាជនភូមាទាំងអស់ និងជនជាតិភាគតិចដែលជាអ្នកកាន់សាសនាឥស្លាមដែលមានត្រឹមតែប្រមាណ៤%ប៉ុណ្ណោះ។ ការរើសអើងពូជសាសន៍នេះមានលក្ខណៈជាសង្គ្រាមស៊ីវិល ហើយពុទ្ធសាសនិកទាំងនោះតែងប្រើប្រាស់ហិង្សាដាក់ជនជាតិភាគតិចរបស់ឥស្លាមស្ទើរតែគ្រប់រូបភាពទាំងការដុតផ្ទះសម្បែង ប្រើប្រាស់អាវុធបាញ់សម្លាប់ អំពើរំលោភស្ត្រីភេទ គឺធ្វើយ៉ាងណាដើម្បីបណ្ដេញជាតិសាសន៍ដែលបានតាំងលំនៅក្នុងទឹកដីនេះអស់ច្រើនជំនាន់មកមួយនេះឲ្យអស់ពីទឹកដីរបស់ពួកគេ។ ជាលទ្ធផលជនជាតិឥស្លាមជាច្រើននាក់បានភៀសខ្លួនទៅកាន់ប្រទេសជិតខាងដូចជាប្រទេសបង់ក្លាដេស ថៃ និងម៉ាឡេស៊ី។ មកទល់ពេលបច្ចុប្បន្ននេះ នៅក្រោមការដឹកនាំរបស់បក្សអ្នកស្រី អ៊ុងសាន ស៊ូជី ស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ាមានតែវិវត្តទៅរកសភាពអាក្រក់ទៅៗដោយពុំទាន់មានចំណាត់ការសម្រាប់ដោះស្រាយបញ្ហារ៉ាំរ៉ៃមួយដែលធ្វើទុក្ខបុកម្នេញប្រជាជនភាគតិចឥស្លាមនោះនៅឡើយទេ៕
ដោយ៖ ស្រីពៅ